កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះព្រៃវែងនិងវេស្ទើនត្រូវការឈ្នះដៃគូលើសពីពីរគ្រាប់ ខណៈសៀមរាបលើសពី៨គ្រាប់
× ដើម្បីអាចឈានទៅកាន់ដំណាក់កាលបន្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ ទាមទារឲ្យក្រុមម្ចាស់ផ្ទះព្រៃវែង និងវេស្ទើនភ្នំពេញ ត្រូវយកឈ្នះគូប្រជែងឲ្យលើសពីពីរគ្រាប់ក្នុងជំនួបនារសៀលថ្ងៃពុធ ទី១៧ ខែឧសភា នេះ។ ចំណែកក្រុមសៀមរាបត្រូវធ្វើការធ្ងន់ជាងគេបន្តិច គឺធ្វើយ៉ាងណាត្រូវយកឈ្នះគូប្រជែងឲ្យលើសពី៨គ្រាប់ក្នុងជំនួបជើងទី២នេះ។
ក្រោយរងបរាជ័យ ៥-៣ ក្នុងជើងទី១ បានបង្ខំឲ្យក្រុមម្ចាស់ផ្ទះព្រៃវែង ធ្វើយ៉ាងណាត្រូវយកឈ្នះក្រុមស្វាយរៀងឲ្យលើសពីពីរគ្រាប់ក្នុងជំនួបជើងទី២នាវេលាម៉ោង៣រសៀលនេះនៅលើទឹកដីរបស់ខ្លួន ដើម្បីបន្តឱកាសក្នុងការឈានទៅកាន់ដំណាក់ទី៤ នៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧។
ជាមួយគ្នានេះ ក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ក៏ទាមទារយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ ឲ្យលើសពីពីរគ្រាប់ផងដែរក្នុងជំនួបជើងទី២នាវេលាម៉ោង៣រសៀលនេះនៅកីឡដ្ឋានវេស្ទើន បន្ទាប់ពីក្រុមនេះបានបរាជ័យ ២-០ កាលពីជើងទី១នៅកីឡដ្ឋានស្តាតចាស់កាលពីសប្តាហ៍មុន។
ដោយឡែក ក្រុមសៀមរាប ត្រូវធ្វើការធ្ងន់បន្តិចនាវេលាម៉ោង៣រសៀលនេះ គឺត្រូវប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះយកឈ្នះក្រុមអគ្គិសនីកម្ពុជាឲ្យលើសពី៨គ្រាប់ ដើម្បីអាចបន្តទៅកាន់ដំណាក់ទី៤នៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧។ តែយ៉ាងណា វាមិនមែនជារឿងងាយស្រួលសម្រាប់សៀមរាបអង្គរក្នុងការយកឈ្នះនោះទេ ព្រោះក្រុមអគ្គិសនីកម្ពុជាជាក្រុមខ្លាំងដែលកំពុងលេងក្នុងពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជា។ ជាក់ស្តែងកាលពីជើងទី១នៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមនេះបានយកឈ្នះក្រុមសៀមរាបក្នុងលទ្ធផល ៨-០៕
កម្មវិធីប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នាវេលាម៉ោង៣រសៀលនេះ៖
- ព្រៃវែង ជូប ស្វាយរៀង នៅកីឡដ្ឋានខេត្តព្រៃវែង
- សៀមរាប ជួប អគ្គិសនីកម្ពុជា នៅកីឡដ្ឋានខេត្តសៀមរាប
- វេស្ទើនភ្នំពេញ ជួប អគ្គស្នងការនគរបាលជាតិ នៅកីឡដ្ឋានវេស្ទើន
Tag:
Hun Sen Cup 2017
ព្រៃវែង
ស្វាយរៀង
សៀមរាប
អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com