ជាតិ
មន្ត្រី​អាដហុក នឹង​ទៅ​សួរ​តុលាការ ជុំវិញ​ការមិន​ឆ្លើយតប​នឹង​សំណើ ដែល​សុំ​ជួប​អ្នក​ជាប់ឃុំ​ក្នុង​រឿងស្រី​មុំ​
16, May 2017 , 5:38 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​សមាគម​អាដហុក នឹង​ទៅ​ជួប​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២0១៧ ដើម្បី​សួររក​មូលហេតុ ជុំវិញ​ការមិន​ឆ្លើយតប​នឹង​សំណើសុំ​ចូលជួប​មន្ត្រី​សមាគម​អាដហុក​៤​រូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ១​រូប  ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ​។ នេះ​បើតាម​លោក សំ ច័ន្ទ​គា អ្នកនាំពាក្យ​នៃ​សមាគម​អាដហុក​។



​បើតាម​លោក សំ ច័ន្ទ​គា សមាគម​អាដហុក បានដាក់​សំណើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ តាំងពីដើម​ខែឧសភា ឆ្នាំ​២0១៧​មកម្ល៉េះ ដើម្បី​សុំចូល​ទៅសួរសុខទុក្ខ​ម​ន្ត្រី​របស់ខ្លួន​ទាំង​៤​រូប និង​មន្ត្រី​គ​.​ជ​.​ប ១​រូប​ទៀត ដែល​កំពុង​ជាប់ពន្ធនាគារ​។ ប៉ុន្តែ លោក អះអាងថា រហូតមកដល់​ពេលនេះ ចៅក្រម​ស៊ើបសួរ នៅ​មិនទាន់​ផ្តល់ដំណឹង​អ្វី ទៅ​ឲ្យ​សមាគម​អាដហុក នោះទេ​។​

​អ្នកនាំពាក្យ​នៃ​សមាគម​អាដហុក​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​បើ​នៅតែ​មិនមាន​ចម្លើយ​ទៀត យើង​នឹង​ទៅ​សួរ នៅ​ថ្ងៃស្អែក​។ យើង​មិន​យល់ ថា​ហេតុអ្វី​បានជា​ចៅក្រម​ស៊ើបសួរ មិន​ឲ្យ​យើង​ចូល​សួរសុខទុក្ខ​។ ច្បាប់​ស្តីពី​ការគ្រប់គ្រង​ពន្ធនាគារ រួមទាំង​ស​ទ្ធិ​សញ្ញា​អន្តរជាតិ​ផ្សេងៗ គឺ​បានចែង អំពី​សិទ្ធិ​របស់​ពិរុទ្ធជន ឬ​ជន​ត្រូវ​ចោទ ដែល​អាច​ជួប​សាច់ញាតិ ឬក៏​មិត្តភក្តិ​របស់ខ្លួន​។ ហើយ​បើកាលណា​មិន​ឲ្យ​ជួប​អ៊ីចឹង គឺ​បំពាន​សិទ្ធិ​របស់​ពួកគាត់​ហើយ​»​។​

​ជុំវិញ​បញ្ហា​នេះ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​អាចឆ្លើយតប​នឹង​អ្នកសារព័ត៌មាន​យ៉ាងណា​នោះទេ ដោយ​លោក គ្រាន់តែ​បញ្ជាក់ថា កំពុងស្ថិត​នៅឯ​ក្រៅប្រទេស​។

​មន្ត្រី​សមាគម​អាដហុក​៤​រូប រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង លោកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប លោក នី ចរិយា បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​។ នៅក្នុង​រឿងអាស្រូវ​របស់​ស្រីមុំ មន្ត្រី​សមាគម​អាដហុក​ទាំង​៤​រូប បាន​រង​ពីបទ​ចោទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប បាន​រង​ពីបទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»៕


Tag:
 តុលាការ​
  អាដហុក​
  គជប​
© រក្សាសិទ្ធិដោយ thmeythmey.com