ជាតិ
លោក ទៀ បាញ់ មិន​ចង់​ឮ​ពាក្យ «​ហ៊ុន សែន​អើយ​ចុះ​ចេញទៅ​» ទៀតឡើយ​
16, May 2017 , 9:19 pm        
រូបភាព
«លោក ទៀ បាញ់ ពេលសម្ពោធអគាររដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៧»។
«លោក ទៀ បាញ់ ពេលសម្ពោធអគាររដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៧»។
សៀមរាប​៖ ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា លោក ទៀ បាញ់ តែង​បញ្ចេញ​សារ​នយោបាយ​ជាច្រើន​តាម​វេទិកា​នៅក្នុង​ខេត្ត​មួយ​នេះ​។ លោក​បាន​ប្រាប់​ឲ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ​អំឡុងពេល​ចុះ​ឃោសនាបោះឆ្នោត​ឃុំ សង្កាត់ ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្នុង​ពិធី​មួយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ លោក ទៀ បាញ់ បាន​បញ្ចេញ​សារ​នយោបាយ​ដ៏​ក្តៅ​មួយ ដោយ​លោក​បញ្ជាក់ថា ម្តងនេះ​លោក​មិន​ចង់​ឮ​ពាក្យ​ស្រែកថា «​ដូរៗ ហ៊ុន សែន​អើយ​ចុះ​ចេញទៅ​« ជាដាច់ខាត ដោយ​លោក​ចាត់ទុកថា សំដី​ទាំងនេះ​ធ្វើ​ឲ្យ​កើត​បញ្ហា​អស្ថិរភាព​ក្នុងសង្គម ដែល​ត្រូវ​ទប់ស្កាត់​ជា​ចាំបាច់​។​



​នៅ​ចំពោះមុខ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ជាង​៣០០​នាក់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មណ្ឌលរដ្ឋបាល​ម​ន្ទីរ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បាន​លើកឡើងថា ការកកើត​ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​មាន​ចលាចល ឬ​នាំមក​នូវ​សញ្ញា​អសន្តិសុខ​សង្គម ក្នុង​រូបភាព​ណាមួយ​ក៏ដោយ គឺ​មិនត្រូវ​បណ្តោយ​ដូចពេលមុន​ឡើយ​។ លោក ទៀ បាញ់ បាន​លើក​ជា​ឧទាហរណ៍ ដោយ​បន្ថែមថា​៖« ...​ដើរ​ជេរ​អានេះ​ឲ្យ​ចុះចេញ អានោះ​ឲ្យ​ចុះចេញ ដូរ​ចេញ ដូរ​ចូល គឺ​អត់​មាន​ទៀត​ទេ​។ ហេតុការណ៍​ទាំងនេះ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ទៀត​ទេ ព្រោះ​យើង​បាន​ចំណាយ​ច្រើន​មកហើយ​។​... ពីមុន មិនដឹង​នៅទីណា មិន​ស្គា​ល់ពី​ទុក្ខលំបាក​ប្រជាជន​ផង ដល់​មក​ភ្លាម​ស្រែក​ដូរ​...»​។​

​លោក ទៀ បាញ់ បន្ថែមទៀតថា​៖« ពាក្យសំដី​ទាំងនេះ គឺ​បង្កើត​ឲ្យ​មាន​សង្គ្រាម ព្រោះ​ជា​សំដី​ញុះញង់ បង្កើត​ភាពចង្អៀតចង្អល់​ជាតិ​សាសន៍​។ ពី​មុនគេ​មិនដឹង​នៅទីណា ដល់​យើង​អនុវត្តន៍​គោលនយោបាយ​ឈ្នះៗ​បាន​ជោគជ័យ មាន​មនុស្ស​មួយចំនួន​ចុះ​ពី​ណា​ពី​ណី មក​អួតអាង ស្រែក​ដូរ​ចេញ​។ ហ៊ុន សែន​អើយ​ចុះ​ចេញទៅ​! អាហ្នឹង​គឺថា​អត់​បានទេ ម្តងនេះ​គ្មាន​ពាក្យ​ហ្នឹង​មក​និយាយ​ទៀត​ទេ ប្រាប់​ឲ្យ​ហើយ​។ [​សម្តេច ហ៊ុន សែន​] ពលី​កម្ម​ធំធេង​ណាស់ វីរភាព​របស់​ជាតិ​យើង​ដ៏​ធំ​ណាស់ នាំមក​នូវ [​ការអភិវឌ្ឍ​] សព្វគ្រប់​បែបយ៉ាង គ្រប់យ៉ាង​មកដល់​សព្វថ្ងៃនេះ​...»​។​

​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ទាំង​មាន​ភ្លៀង​ធ្លាក់​ផង​នោះ លោក ទៀ បាញ់ លើកឡើង​ទៀតថា លោក​សុំ​ត្រឹម​ឲ្យ​អ្នកដទៃ ដែល​លោក​ចង់​សំដៅទៅ​បក្សប្រឆាំង ទទួលស្គាល់​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​បានធ្វើ​កន្លងមក ព្រោះថា សម្រាប់​លោក រហូត​បានមក​ដល់​ស​ព្វ​ថ្ងៃនេះ គឺ​វា​លំបាក​ខ្លាំងណាស់​សម្រាប់​រាជរដ្ឋាភិបាល ដែល​ប្រឹង​ស្ដារ​ប្រទេស ដែល​សេសសល់​ពី​សង្គ្រាម​។ លោក ទៀ បាញ់ ព្រមាន​ថា​៖« ពេល​បោះឆ្នោត​ចាញ់ មិន​ព្រម​ចាញ់​ទេ គឺ​ចេញមក​ព្រោងព្រាត ទាមទារ​នេះ​ទាមទារ​នោះ ដាក់​បែក​ធ្មេញ​ឥឡូវ​ហើយ​។ ប្រាប់​ឲ្យ​ហើយ យើង​និយាយ​គ្នា​ឲ្យ​ត្រង់ៗ​ចឹ​ង​ហ្មង​»៕

​សូម​ស្តាប់​សំឡេង​លោក ទៀ បាញ់​៖







Tag:
 ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com