កីឡាជាតិ
ជាតិ
ធនធានកីឡាករវ័យក្មេងច្រើនធ្វើឲ្យគ្រូបង្វឹកវេស្ទើនព្រួយបារម្ភក្នុងជំនួបជាមួយប៉ូលិសរសៀលនេះ លោក ស៊ុម វណ្ណា គ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញ
× ធនធានកីឡាករវ័យក្មេងច្រើននៅក្នុងក្រុមបានធ្វើឲ្យគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញ ហាក់មានក្តីរំពឹងតិចក្នុងការយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ដើម្បីឈានឆ្ពោះទៅកាន់ដំណាក់កាលបន្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧។ ក្រុមវេស្ទើនភ្នំពេញត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវប៉ូលិស ក្នុងជើងទី២នាវេលាម៉ោង៣រសៀលនេះ។
ក្រោយរងបរាជ័យ ២-០ ក្នុងជើងទី១កាលពីសប្តាហ៍មុន និងការសម្បូរធនធានកីឡាករវ័យក្មេងច្រើននៅក្នុងក្រុម បានធ្វើឲ្យ លោក ស៊ុម វណ្ណា គ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងជំនួបតទល់ជាមួយក្រុមមានធនធានកីឡាករជើងចាស់ច្រើនប៉ូលិស ក្នុងជំនួបកាត់សេចក្តី ដើម្បីឈានឆ្ពោះទៅកាន់ដំណាក់កាលបន្តនៃពានរង្វាន់សម្តេច ហ៊ុន សែន។
ទោះបីយ៉ាងនេះក្តី លោក ស៊ុម វណ្ណា បានអះអាងជាមួយក្តីរំពឹង៦០ភាគរយថា នឹងខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពក្នុងជំនួបជើងទី២នៅលើកទឹកដីរបស់ខ្លួននាវេលាម៉ោង៣រសៀលនេះ។ ក្រុមវេស្ទើនភ្នំពេញត្រូវការយកឈ្នះក្រុមប៉ូលិសឲ្យលើសពី២គ្រាប់នារសៀលនេះ ដើម្បីអាចឈានទៅកាន់ដំណាក់កាលបន្តនៃពានរង្វាន់នេះ។
«ពិបាកក្នុងការយកឈ្នះក្រុមនេះណាស់ ព្រោះក្រុមនេះសម្បូរកីឡាករជើងចាស់ច្រើន ហើយក្រុមយើងសុទ្ធតែកីឡាករវ័យក្មេង ដូច្នេះខ្ញុំរំពឹងតែ៦០ភាគរយនោះទេសម្រាប់ការយកឈ្នះក្រុមនេះ»។ នេះជាការលើកឡើងរបស់របស់លោក ស៊ុម វណ្ណា៕
Tag:
Hun Sen Cup 2017
ស៊ុម វណ្ណា
វេស្ទើនភ្នំពេញ
ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com