ជាតិ
កម្ពុជា​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​យោបល់​អន្តរជាតិ​សម្រាប់​កម្មវិធីរ​ង្វា​យ​តម្លៃ​សិក្សា​កម្រិត​អន្តរជាតិ​
17, May 2017 , 4:00 pm        
រូបភាព
​សៀមរាប​៖ ប្រទេស​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ធ្វើជា​ម្ចាស់​ក្នុង​កិច្ចប្រជុំ​«​ក្រុមប្រឹក្សា​យោបល់​អន្តរជាតិ​សម្រាប់​កម្មវិធីរ​ង្វា​យ​តម្លៃ​សិក្សា​កម្រិត​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍ​លើក​ទី​៤» ដែល​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប​។



​លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ថ្លែងថា កិច្ចប្រជុំ​ដែល​គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃទី​១៧ ដល់​១៩ ឧសភា គ្រោង​នឹង​ពិភាក្សា​ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការពិនិត្យ​ឡើងវិញ និង​ការពិភាក្សា​លើ​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធីរ​ង្វា​យ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ​។ កិច្ចពិភាក្សា​ក៏​គ្រោង​នឹង​ពិនិត្យ​លើ​គម្រោង​លម្អិត​សម្រាប់​ប្រមូល​លទ្ធផល​នៃ​ការសិក្សា​សំខាន់ៗ​ក្នុង​គោលបំណង​ផ្តល់​ឳ​កាស​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ បាន​ចូលរួម​ក្នុ​ងា​ការវាយតម្លៃ​បំ​ណិ​ន​របស់​សិស្ស​អាយុ ១៥​ឆ្នាំ ក្នុង​ក្របខណ្ឌ​អន្តរជាតិ ហើយ​លទ្ធផល​បាន​ពី​ការវាយតម្លៃ នឹងត្រូវ​យកទៅ​ប្រ​ប្រាស់ ដើម្បី​កែលម្អ​គោលនយោបាយ​អប់រំ យុទ្ធសាស្ត្រ​អប់រំ កម្មវិធីសិក្សា ការបង្រៀន និង​រៀន​។​



​លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែង​ទៀតថា កិច្ចប្រជុំ​នេះ​ជា​ផ្នែក​មួយ​ក្នុងការ​ឲ្យ ប្រទេស​កម្ពុជា កាន់តែ​ប្រសើរឡើង​ក្នុង​សេដ្ឋកិច្ច​សកល និង​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​នៅត្រឹម​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០១៥០ តាម​ការគ្រោងទុក​។ កម្មវិធីរ​ង្វា​យ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​ឆ្នាំ​២០១៣​។​



​សូមបញ្ជាក់ថា កិច្ចប្រជុំ​ថ្នាក់​អន្តរជាតិ​នេះ មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ដែល​រួមមាន កម្ពុជា អេ​ក្វា​ឌ័​រ ហ្កា​តេ​ម៉ា​ឡា ហុង​ឌូ​រ៉ា​ស ប៉ា​ណា​ម៉ា ប៉ា​រ៉ា​ហ្កា​យ សេ​ណេ​ហ្គា​ល់ សំ​ប៊ី ប៊ូ​តាន ប្រេ​ស៊ី​ល កូ​សូ​វ៉ូ រួម​និង​បុគ្គលិក​អប់រំ និង​អ្នកជំនាញ​នៃ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECO) តំណាង​អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប ១៦០​នាក់​។ ក្រោយ​កិច្ចប្រជុំ​នេះ​បញ្ចប់ទៅ ក្រសួង​អប់រំ​ក៏​នឹង​រៀបចំ​កិច្ចប្រជុំ​មួយទៀត គឺ​«​កិច្ចប្រជុំ​អ្នកគ្រប់គ្រង​គម្រោង​ថ្នាក់ជាតិ សម្រាប់​កម្មវិធីរ​ង្វា​យ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​លើក​ទី​៤» នៅ​ថ្ងៃទី​២២ ដល់​២៥ ឧសភា ដែល​ចូលរួម​ដោយ​រដ្ឋមន្ត្រី លោក ហង់​ជួន ណា​រ៉ុ​ន​៕

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com