ជាតិ
នយោបាយជាតិ
ឯកឧត្តម កឹម សុខា ស្នើឲ្យអ្នកនយោបាយប្រកួតគ្នាដោយស្មោះត្រង់ ដើម្បី«ឈ្នះ ឬ ចាញ់ដោយអស់ចិត្ត»
× ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ស្នើឲ្យអ្នកនយោបាយទាំងអស់ ប្រកួតប្រជែងគ្នាដោយភាពស្មោះត្រង់ និងបញ្ចៀសការប្រើប្រាស់ពាក្យពេចន៍ និងសារនយោបាយ ក្នុងន័យគំរាមកំហែងដល់សិទ្ធិបោះឆ្នោតប្រជាពលរដ្ឋឡើយ។ បើតាមគណបក្សសង្គ្រោះជាតិ មានតែការប្រជែងគ្នាដោយភាពស្មោះត្រង់ទេ ទើបធ្វើឲ្យលទ្ធផលបោះឆ្នោត មានការឈ្នះ-ចាញ់គ្នាដោយអស់ចិត្ត។
ខណៈដែលការបោះឆ្នោត ឃុំ-សង្កាត់ ខិតជិតមកដល់នោះ ឯកឧត្តម កឹម សុខា សង្កេតឃើញថា សារនយោបាយគំរាមកំហែងប្រជាពលរដ្ឋ បានលេចឡើងជាបន្តបន្ទាប់ ដែលលោក ចាត់ទុកជាការបំភិតបំភ័យស្មារតីពលរដ្ឋក្នុងការបោះឆ្នោត។ ប្រធានគណបក្សសង្គ្រោះជាតិ ស្នើឲ្យអ្នកនយោបាយពីគ្រប់គណបក្សទាំងអស់ ចូលរួមប្រកួតប្រជែងគ្នាតាមរយៈសារនយោបាយសមរម្យ ដែលជាការលើកទឹកចិត្តឲ្យពលរដ្ឋកាន់តែមានទំនុកបោះឆ្នោតគាំទ្រលើគណបក្សខ្លួននីមួយៗវិញ ល្អជាងប្រើពាក្យពេចន៍បំភិតបំភ័យពលរដ្ឋ។
ថ្លែងក្នុងពីធីជួបថ្នាក់ដឹកនាំ និងបេក្ខជនស្ត្រី តាមឃុំ-សង្កាត់ អាណត្តិទី៤នោះ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖«យើងអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ យកកម្មវិធីនយោបាយ យកគោលនយោបាយរបស់ខ្លួន យកសារនយោបាយរបស់ខ្លួន មកប្រកួតគ្នា កុំប្រកួតកម្លាំងបាយ កុំគំរាមកំហែង កុំបំភិតបភំភ័យ កុំបន្លំ នេះហើយទើបគេហៅថា អ្នកឈ្នះដោយថ្លៃថ្នូរ អ្នកចាញ់ដោយអស់ចិត្ត។ នេះជាបំណងប្រាថ្នារបស់គណបក្សសង្គ្រោះជាតិ»។
បន្ថែមពីនេះឯកឧត្តម កឹម សុខា នៅតែទទូចឲ្យមន្ត្រី សកម្មជន និងអ្នកគាំទ្ររបស់ខ្លួន ប្រកួតប្រជែងនយោបាយដោយអត់ធ្មត់ ចៀសវាងការជេរប្រមាថ ឬការប្រើអំពើហិង្សាលើអ្នកដទៃ ទោះបីជាសិ្ថតក្នុងស្ថានភាពបែបណាក្តី។ «មានពាក្យខ្លះ មានសម្ដីខ្លះគេនិយាយបាន តែយើងនិយាយមិនបានទេ គេចាប់ដាក់គុក។ គេគំរាមយើងបាន តែយើងនិយាយបញ្ចិតបញ្ចៀងគេក៏រឿងដែរ…។ មានពាក្យខ្លះ គេស្រែកគំរាមទៅម្ចាស់ឆ្នោត មកអ្នកប្រឆាំងគេធ្វើការយ៉ាងរំភើយ គ្មានអ្នកចោទ គ្មានតុលាការណារករឿងទេ។ ប៉ុន្តែបើយើងវិញ ហ៊ាននិយាយពាក្យដូចគេសព្វថ្ងៃនេះ ឬនិយាយស្រាលជាងគេ ក៏មានរឿងដែរ។ នេះហើយគេហៅថាអយុត្តិធម៌បញ្ចេញមតិ»។ នេះជាការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះ។
បើទោះជាឯកឧត្តម កឹម សុខា មិននិយាយចំឈ្មោះក្តី ប៉ុន្តែទំនងជាលោកចង់សំដៅទៅលើគណបក្សកាន់អំណាច ដែលតែងតែលើកឡើងពីបញ្ហាសង្គ្រាមនឹងអាចកើតឡើង បើសិនជាគណបក្សដឹកនាំប្រទេសជាង៣០ឆ្នាំនេះ ចាញ់ឆ្នោតនៅអណត្តិក្រោយនោះ។
សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបនឹងការលើកឡើងរបស់គណបក្សសង្គ្រោះជាតិឡើយ។
បើទោះជាមិនទាន់មានការបកស្រាយអត្ថន័យឲ្យច្បាស់នៃពាក្យថា «សង្គ្រាម» ដែលអាចផ្ទុះឡើងក្រោយការបោះឆ្នោតក្តី តែសម្ដេច ហ៊ុន សែន ធ្លាប់បានលើកទឡ្ហីករណ៍ខ្លះថា មូលហេតុដែលនាំឲ្យកើតមានសង្គ្រាមនោះ គឺដោយសារតែក្រុមកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងក្រុមឧកញ្ញា ឬអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយចំនួន បានក្លាយជាមុខសញ្ញាកម្ចាត់ចោលរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែត្រង់ចំណុចនេះគណបក្សសង្គ្រោះជាតិ ធ្លាប់បានលើកឡើងជាញយដងថា គណបក្សខ្លួននឹងមិនចាត់ទុកខ្មែរណាជាសត្រូវឡើយ នៅពេលឈ្នះឆ្នោតដឹកនាំប្រទេស។
សម្រាប់អ្នកវិភាគវិញ យល់ថា សារនយោបាយនិយាយពី«សង្គ្រាម»កើតឡើងក្រោយការបោះឆ្នោតរបស់សម្ដេច ហ៊ុន សែន នេះគឺគ្រាន់តែជាសម្តីបំភិតបំភ័យស្មារតីរបស់ពលរដ្ឋប៉ុណ្ណោះ ។ អ្នកវិភាគ លើកឡើងថា សម្ដេច ហ៊ុន សែន តែងតែនិយាយពីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេស ដូច្នេះសម្ដេច នឹងមិនបង្កឲ្យមានសង្គ្រាមកើតឡើង ហើយបំផ្លាញសម្មិទ្ធផលខ្លួនដែលខំកសាងអស់រយៈពេលជិត៤ទសវត្សនេះឡើយ ៕
Tag:
បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com