ជាតិ
ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ ដែល​ប្រើ​សម្រាប់​ការបោះឆ្នោត នៅតែ​មានបញ្ហា​
17, May 2017 , 9:59 pm        
រូបភាព
លោក George Engar ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលរួមសាកល្បងទឹកខ្មៅ ដោយជ្រលក់ម្រាមដៃ នៅក្នុងសន្និសីទសារព័តមាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២0១៧។
លោក George Engar ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលរួមសាកល្បងទឹកខ្មៅ ដោយជ្រលក់ម្រាមដៃ នៅក្នុងសន្និសីទសារព័តមាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២0១៧។
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប ) បាន​សាកល្បង​រួចហើយ ចំពោះ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ ដែល​នឹងត្រូវ​យកទៅ​ប្រើប្រាស់​នៅពេល​បោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ ក្រោយ​សាកល្បង ដោយ​មានការ​ជ្រលក់​ម្រាមដៃ​ចូលទៅក្នុង​ទឹកខ្មៅ​នោះ ភាគី​ខ្លះ អះអាងថា លាង​មិន​ជ្រះ ហើយ​ភាគី​ខ្លះទៀត បែរជា អះអាងថា អាច​លាង​ជ្រះ​។



​ទឹកខ្មៅ​ជ្រលក់​ចង្អុលដៃ របស់​អ្នកបោះឆ្នោត ដែល​នាំ​មកពី​ក្រុមហ៊ុន​នៃ​ប្រទេស​ឥណ្ឌា ត្រូវបាន​សាកល្បង​រួចហើយ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២0១៧​នេះ​។ ការសាកល្បង​នេះ គឺធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ គ​.​ជ​.​ប ដោយមាន​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ចូលរួម ដូចជា តំណាង​ប្រទេស​ជា​ម្ចាស់ជំនួយ តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ និង​តំណាង​គណបក្សនយោបាយ ជាដើម​។​



​តំណាង​ចំនួន​១៧​នាក់ ដែល​មក​គណបក្សនយោបាយ អង្គការ​ជាតិ​-​អន្តរជាតិ រួមទាំង​អ្នកសារព័ត៌មាន​ផង​នោះ បាន​ចូលរួម​ជ្រលក់​ម្រាមដៃ ដើម្បី​សាកល្បង​គុណភាព​ទឹកខ្មៅ ថា​អាច​លាង​ជ្រះ ឬក៏​លាង​មិន​ជ្រះ​។ ក្រោយ​ជ្រលក់​រួចហើយ មតិផ្ទុយ​ពីគ្នា​ក្នុងចំណោម​អ្នក​ទាំង​១៧​នាក់​ខាងលើ ក៏​កើតឡើង ដោយ​តំណាង​ខ្លះ បង្ហាញ​ការគាំទ្រ ហើយ​តំណាង​ខ្លះទៀត ក៏​មិន​គាំទ្រ​ចំពោះ​ទឹកខ្មៅ​នោះ​។​
 
​លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​សាកល្បង​ជ្រលក់​ម្រាមដៃ​នាង​ខាងស្តាំ ចូលទៅក្នុង​ទឹកខ្មៅ អះអាងថា សម្រាប់​លោក ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ នៅ​មិនទាន់មាន​ប្រសិទ្ធភាព ដែល​គួរ​ឲ្យ​ទទួលយក​នោះទេ ហើយក៏​មិនគួរ​យកទៅ​ប្រើប្រាស់​នៅក្នុង​ការបោះឆ្នោត ដែរ​។  លោក និយាយ​ដូច្នេះ​ថា​៖«​វា ពិបាក​ទទួលយក​។ [……] ខ្ញុំ​បាន​ជ្រលក់ ហើយ​ប្រហែល​១0​នាទី​ក្រោយ បាន​លាង​ជ្រះ​។ ហើយ​យើង មើល​មួយ​ភ្លែត អត់​ឃើញ​ស្នាម​ខ្មៅ ដូចដែល​ខ្ញុំ​បាន​ជ្រលក់​លើកដំបូង​ទេ​»​។



​តាម​ការសង្កេត ម្រាមដៃ​នាង​ខាងស្តាំ​របស់លោក ម៉ន ផល្លា ដែល​បាន​ជ្រលក់​ទឹកខ្មៅ​នោះ គឺ​បាន​លាង​ជ្រះ​មែន​។ ប៉ុន្តែ មិនមែន​លាង​ជ្រះ​បាន ១00​ភាគរយ នោះទេ​។ ប្រសិនបើ​គេ ព្យាយាម​ពិនិត្យមើល​ម្រាមដៃ​នាង​ខាងស្តាំ​របស់លោក ម៉ន ផល្លា ដែល​បាន​ជ្រលក់​ចូលទៅក្នុង​ទឹកខ្មៅ គឺអាច​កត់សម្គាល់​បាន​ថា ម្រាមដៃ​នាង​ខាងស្តាំ​នោះ គឺមាន​លក្ខណៈផ្សេង​ពី​ម្រាមដៃ​ដទៃទៀត​។ ទោះបីជា​លាង​ជ្រះ​ពិតមែន តែ​ម្រាមដៃ​នាង​ខាងស្តាំ​របស់លោក ម៉ន ផល្លា នៅតែ​មើលឃើញ​ព័ណ៌​ក្រ​ម៉ៅ​ព្រិលៗ ដែល​គេ​អាច​​សន្និដ្ឋានថា លោក បាន​ជ្រលក់​ទឹកខ្មៅ​នោះ​។

​ផ្ទុយ​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ទឹកខ្មៅ​ជ្រលក់​ដៃ​នោះ មានគុណ​ភាពល្អ ដែល​អាច​យកទៅ​ប្រើប្រាស់​នៅក្នុង​ការបោះឆ្នោត​។

​លោក ចាន់ សុខសាន្ត អនុប្រធាននាយកដ្ឋាន​បូកសរុប​នៃ​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ទទួលស្គាល់​ដែរ​ថា ទឹកខ្មៅ​នោះ អាច​លាង​ជ្រះ ប៉ុន្តែ​មិនមែន​លាង​ជ្រះ​១00​ភាគរយ​ឡើយ​។ លោក និយាយ​ដូច្នេះ​ថា​៖«​លាង​ជ្រះ​តែ​ក្រចក តែ​សាច់​ដៃ​អត់​ជ្រះ​ទេ​»​។​



​ចំណែកឯ តំណាង​អង្គការក្រៅរដ្ឋាភិបាល​វិញ អ្នកខ្លះ ក៏​អះអាងថា ទឹកខ្មៅ​នោះ អាច​ទទួលយកបាន ហើយ​អ្នក​ខ្លះទៀត ក៏​អះអាងថា មិនអាច​ទទួលយកបាន​។

​យ៉ាងណា ទឹកខ្មៅ​នោះ ត្រូវ​បានគ​.​ជ​.​ប សម្រេច​ជា​ផ្លូវការ​ហើយ​ថា នឹង​យកទៅ​ប្រើប្រាស់​នៅក្នុង​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់​។ នេះ​បើតាម​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប ដែល​បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​។​
 
​លោក ស៊ិ​ក ប៊ុន​ហុក មិន​ធានា​ទេ​ថា ទឹកខ្មៅ​នោះ មិនអាច​លាង​ជ្រះ​១00​ភាគរយ ។ លោក បញ្ជាក់ថា គ​.​ជ​.​ប នៅមាន​វិធានការ​ចំនួន​៥​ផ្សេងទៀត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ្នកបោះឆ្នោត  អាច​បន្លំ​បោះឆ្នោត​លើសពី​ម្តង​។



​វិធានការ​ទាំង​៥ ដែល​លោក ស៊ិ​ក ប៊ុន​ហុក បានលើកឡើង​គឺ ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ដល់​អ្នក​ដែល​មិនមាន​ឬ​បាត់​អត្តសញ្ញាណ​បណ្ណ​, ពង្រឹង​ភារកិច្ច​នៃ​លេខាធិការ​ការិយាល័យ​បោះឆ្នោត​, ណែនាំ​ឲ្យ​លេខាធិការ គូស​លើ​ប្រអប់លេខ​រៀង​នៃ​បញ្ជី​បោះឆ្នោត​, រម្លឹក​ដល់​ភ្នាក់ងារ​គណបក្សនយោបាយ ដែលមាន​បញ្ជី​ឈ្មោះ​នៅក្នុង​ដៃ ឲ្យ​តាមដាន​មើល​ដំណើរការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​របស់​អ្នកបោះឆ្នោត និង​ព្រមាន​ផាកពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ដល់ ២0​លាន​រៀល ចំពោះ​ជន​ណា ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ហើយ​នាំ​ឲ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។​

​ប្រធាន​គ​.​ជ​.​ប​រូបនេះ សង្កត់ធ្ងន់ៗ​ថា​៖«​ខ្ញុំ​គិតថា វិធានការ​៥​យ៉ាងនេះ សំខាន់​ជាង (​ទឹកខ្មៅ​)​។ វិធានការ​ទាំង​ហ្នឹង ខ្ញុំ​ឲ្យ​សារសំខាន់​ជាង ហើយនឹង​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជាង​។ វិធានការ​ទាំង​ហ្នឹង ធ្វើ​ឲ្យ​អ្នក​ដែល​ចង់ (​បន្លំ​បោះឆ្នោត​លើសពី​ម្តង​) មិន​ហ៊ាន​ប្រថុយប្រថាន​ទេ​»​។ 

​សូមបញ្ជាក់ថា គ​.​ជ​.​ប បាន​ចំណាយ​ថវិកា​ចំនួន ៧.៩ ម៉ឺន​ដុ​លា្ល​រ ដើម្បី​ទិញ​ទឹកខ្មៅ​ចំនួន ៤៦៥០០ ដប ពី​ក្រុមហ៊ុន​នៃ​ប្រទេស​ឥណ្ឌា​៕ 


Tag:
 ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ
© រក្សាសិទ្ធិដោយ thmeythmey.com