កីឡាជាតិ
ជាតិ
AFF U15 Girls៖ ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ប៉ះ ថៃ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​រសៀលនេះ​
18, May 2017 , 9:59 am        
រូបភាព
ដោយ:
ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​ថៃ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF U15 Girl Championship 2017 នា​រសៀល​ថ្ងៃទី​១៨ ខែឧសភា នៅ​កីឡដ្ឋាន KM16 ប្រទេស​ឡាវ​។ ជាមួយគ្នា ក្រុម​ហ្វីលីពីន ត្រូវ​តទល់​ជាមួយ​ក្រុម​មីយ៉ាន់ម៉ានៅ​កីឡដ្ឋាន KM16 នា​ល្ងាច​នេះ​ផងដែរ​។



​ក្រោយ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ក្នុង​វគ្គ​ជម្រុះ​ពូ​ល B ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ឈរ​ចំណាត់ថ្នាក់​លេខ​១​ពូ​ល A ថៃ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​នៃ​ពានរង្វាន់ AFF U15 Girl Championship 2017 នា​វេលា​ម៉ោង​៤​រសៀល​នេះ នៅ​កីឡដ្ឋាន KM16 នៅលើ​ទឹកដី​នៃ​ប្រទេស​ឡាវ​។​



​គួររំលឹកថា បី​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B កន្លងមក ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​សិង្ហ​បុរី ២-១ ក្នុង​ថ្ងៃ​បើកឆាក ហើយ​បាន​ចាញ់​ក្រុម​ហ្វីលីពីន ៣-០ ក្នុងជំនួប​លើក​ទី​២ មុន​ស្មើ ១-១ ជាមួយ​ឥណ្ឌូនេស៊ី​ក្នុងជំនួប​ចុងក្រោយ​។ ចំណែក​ក្រុម​ថៃ ៤​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A គឺ​ទទួល​ជ័យជម្នះ​ទាំង​៤​ប្រកួត ក្នុងនោះ​យកឈ្នះ​វៀតណាម ១-០, មី​យ៉ាន់​ម៉ា ១-០, ម៉ាឡេស៊ី ៧-០ និង​ក្រុម​ឡាវ ៣-០​។  

​ចំណែក​ក្រុម​ឈរ​កំពូល​តារាង​ពូ​ល B ហ្វីលីពីន ក៏ត្រូវ​តទល់​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​២​ពូ​ល A មី​យ៉ាន់​ម៉ា ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​នេះ​ផងដែរ នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​នៅ​កីឡដ្ឋាន KM16៕


Tag:
 AFF U15 Girl 2017
  U15 នារី​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com