កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី​ថៃ​ដែលជា​ម្ចាស់​ក្លិប Leicester ទៅ​ទិញ​ក្លិប​ក្របខណ្ឌ​ទី​២​នៅ​បែលហ្ស៊ិក​
18, May 2017 , 9:28 am        
រូបភាព
ម្វាស់ក្លិប Leicester City លោក Vichai Srivaddhanaprabha
ម្វាស់ក្លិប Leicester City លោក Vichai Srivaddhanaprabha
​មហាសេដ្ឋី​ជនជាតិ​ថៃ លោក Vichai Srivaddhanaprabha ដែលជា​ម្ចាស់​ក្លិប Leicester City នៃ​ក្របខណ្ឌ Premier League បាន​ចរចា​ត្រូវ​ថ្លៃ​ក្នុង​ការទិញ​ក្លិប​ថ្មី​មួយ​បន្ថែមទៀត គឺ​ក្លិប Oud-Heverlee Leuven នៅ​ក្របខណ្ឌ​លំដាប់​ទី​ពីរ​បែលហ្ស៊ិក​។​



​កាលពី​ថ្ងៃទី​១៧ ខែឧសភា ក្លិប OH Leuven ដែល​លេង​នៅ​ក្របខណ្ឌ​ទី​ពីរ​បែលហ្ស៊ិក Belgian First Division B បានចេញ​សេចក្តីថ្លែងការណ៍​ថា ក្រុមហ៊ុន King Power របស់លោក Vichai Srivaddhanaprabha គឺជា​អ្នក​ចេញថ្លៃ​តែមួយគត់​ដើម្បី​ទទួលបាន​ភាពជា​ម្ចាស់​របស់​ក្លិប​។​

OH Leuven បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល Belgian First Division A ដែល​គេ​ស្គាល់​ជាទូទៅ​ថា Jupiler Pro League កាលពី​រដូវ​កាល​មុន ហើយ​នៅពេល​ថ្មីៗ​នេះ ពួកគេ​ទើប​គេច​ផុតពី​ការ​កាត់​ចេញទៅ​ក្របខណ្ឌ​ទី​៣ Belgian First Amateur Division​។​



​ទាក់ទង​នឹង​ម្ចាស់​ថ្មី ក្លិប OH Leuven បាន​អះអាងថា ពួកគេ​នឹង​ប្រកាស​ផ្លូវការ​បន្ទាប់ពី​ការចរចា​នានា​បញ្ចប់​១០០​ភាគរយ​។ ក្រុមប្រឹក្សា​ក្លិប​នេះ​បាន​និយាយថា «King Power គឺជា​អ្នកដេញថ្លៃ​តែមួយគត់​ដែលមាន​ភាពច្បាស់លាស់ និង​អាចធ្វើ​ឲ្យ​យើង​ទុកចិត្ត​ដើម្បី​ស្តារ​ក្រុម​នេះ​ឡើងវិញ​»​។​

​ក្រោយ​ការវិនិយោគ​ពី​មហាសេដ្ឋី​ថៃ វ័យ​៥៨​ឆ្នាំ លោក Vichai Srivaddhanaprabha  ក្លិប​បែលហ្ស៊ិក​មួយ​នេះ សង្ឃឹមថា ពួកគេ​នឹងមាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ដើម្បី​ស្តារ​ក្រុម​នេះ​ឡើងវិញ​នា​រដូវ​កាល​ក្រោយ​។​

​យោងតាម​ការវាយតម្លៃ​របស់​ទស្សនា​វ​ដ្តី Forbes មហាសេដ្ឋី​ដែលជា​អ្នកជំនួញ​ថៃ​លោក Srivaddhanaprabha មានទ្រព្យ​សម្បត្តិ​រហូត​ដល់ ៣.៦​ពាន់​លាន​ផោន ប្រមាណ ៤.៦៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​បាន​ទិញ​ក្លិប Leicester City កាលពី​ឆ្នាំ​២០១០ ហើយ​៤​ឆ្នាំ​ក្រោយមក ពួកគេ​បាន​ឡើង​ទៅលេង​ក្របខណ្ឌ​កំពូល ហើយ​បានឈ្នះ​ពាន Premier League ជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប​។ នា​រដូវ​កាល​នេះ ទោះបីជា Leicester ឈរ​នៅ​ទីតាំង​ពាក់កណ្តាល​តារាង​ក៏ដោយ ប៉ុន្តែ​ពួកគេ​បាន​ឈានទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League៕


Tag:
 បាល់ទាត់​
  OH Leuven
  Vichai Srivaddhanaprabha
© រក្សាសិទ្ធិដោយ thmeythmey.com