កីឡាអន្តរជាតិ
អន្តរជាតិ
Monaco ហៅ 50 Cent ដើម្បី​ប្រគំ​តន្ត្រី​អបអរ​ការ​ឈ្នះ​ពាន Ligue 1 ជា​លើក​ទី​៨​របស់ខ្លួន​
18, May 2017 , 11:02 am        
រូបភាព
AS Monaco ឈ្នះ​ជើងឯក Ligue 1 របស់​បារាំង​ជា​លើកដំបូង​បន្ទាប់ពី​អាក់ខាន​១៧​ឆ្នាំ ក្រោយ​យកជ័យ​ជម្នះ ២-០ លើ​ក្រុម​Saint-Etienne កាលពី​រាត្រី​ថ្ងៃ​ពុធ​។ នេះ​ជាការ​ទទួលបាន​ពាន​ក្របខណ្ឌ​កំពូល​បារាំង​លើក​ទី​៨​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ូ​ណា​កូ​។ ដើម្បី​អបអរ​កំណត់ត្រា​ថ្មី​របស់ខ្លួន AS Monaco បាន​អញ្ជើញ​តារាចម្រៀង​ល្បី​របស់​អាមេរិក 50 Cent ធ្វើការ​ប្រគំ​តន្ត្រី​នា​ថ្ងៃទី​២១ ខែឧសភា ខាងមុខ​។​



 ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe រកបាន​គ្រាប់​បាល់​ទីមួយ​នៅ​នាទី​ទី​១៩ និង​ជា​គ្រាប់​បាល់​ទី​១៥​របស់គេ​ក្នុង​រដូវ​កាល​នេះ​នៃ​ក្របខណ្ឌ Ligue 1​។ ជិត​ចប់​ការប្រកួត​ទៅហើយ​ប្រធាន​ក្រុម Valere Germain អា​ចរក​គ្រាប់​បាល់​បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៩០​។ ចប់​ការប្រកួត Monaco ទទួល​ជ័យជម្នះ​លើ Saint-Etienne ២-០ ហើយ​សរុប​ពិន្ទុ​ទាំង​៣៧​ប្រកួត Monaco មាន​៩២​ពិន្ទុ PSG មាន​៨៦​ពិន្ទុ​។​



​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក Leonardo Jardim មាន​ពិន្ទុ​នាំមុខ​ក្រុម​លេខ​២ Paris St-Germain រហូត​៦​ពិន្ទុ​ឯណោះ​ខណៈ​នៅសល់​តែមួយ​ប្រកួត​ទៀត​នឹងត្រូវ​បញ្ចប់​រដូវ​កាល​នេះ​។ នេះ​ជាការ​ឈ្នះ​ពាន​លើក​ទី​៨​ផងដែរ​របស់ Monaco ក្នុង​ប្រវត្តិសាស្ត្រ​នៃ​លី​ក​កំពូល​បារាំង  Ligue 1 ក្រោយ​អាកខាន​លើក​ពាន​នេះ​តាំងពី​ឆ្នាំ​២០០០​មក​។​

Monaco គឺជា​ក្លិប​តែមួយគត់​ដែល​មិន​ស្ថិតនៅ​ក្នុងប្រទេស​បារាំង តែ​បាន​ជោគជ័យ​ដ៏​ធំធេង​នៅ​ក្របខណ្ឌ Ligue 1 និង​នៅ​តំបន់​អឺរ៉ុប​។ នៅ​ថ្ងៃអាទិត្យ ទី​២១ ខែឧសភា ខាងមុខ ក្លិប​អញ្ជើញ​តារាចម្រៀង​អាមេរិក 50 Cent ដើម្បី​ប្រគំ​តន្ត្រី​អបអរ​រដូវ​កាល​ដ៏​អស្ចារ្យ​របស់ខ្លួន នៅ Place du Palais នៃ​ប្រទេស​ម៉ូ​ណា​កូ​៕


Tag:
 បាល់ទាត់​
  AS Monaco
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com