ជាតិ
ដើម្បី​កុំ​ឲ្យ​មាន​ហិង្សា គ​.​ជ​.​ប ហាម​បក្ស​ទាំងអស់​ជេរ​គ្នា​ពេល​ឃោសនា​
18, May 2017 , 2:15 pm        
រូបភាព
​ភ្នំពេញ​៖ ការមិន​ជេរប្រមាថ​គ្នា គឺជា​យន្តការ​ដ៏​សំខាន់ ដើម្បី​បញ្ចៀស​អំពើហិង្សា នៅក្នុង​អំឡុង​នៃ​ការឃោសនាបោះឆ្នោត​។ ផ្ទុយ​ពី​ការជេរប្រមាថ គណបក្សនយោបាយ ត្រូវ​ឃោសនា​ពី​គោលនយោបាយ​វិញ ទើប​អាច​ទាក់ទាញ​សន្លឹកឆ្នោត ពី​ប្រជាពលរដ្ឋ​។ ទាំងនេះ គឺជា​ការចង់បាន​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​



​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កន្លងមក គ​.​ជ​.​ប បាន​សហការ​យ៉ាង​ល្អ ជាមួយ​គណបក្សនយោបាយ ជាពិសេស​ការទាក់ទង​គ្នា ទៅលើ​កិច្ចការ​បោះឆ្នោត​។ លោក អះអាងថា គ​.​ជ​.​ប ក៏បាន​ណែនាំ​ដល់​គណបក្សនយោបាយ​រួចហើយ​ដែរ ជុំវិញ​បញ្ហា​ឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២0 ខែឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២0១៧​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ សង្កត់ធ្ងន់ថា គោលការណ៍​ជា​ចម្បង ដើម្បី​បញ្ចៀស​អំពើហិង្សា និង​ការប៉ះទង្គិច​គ្នា នៅក្នុង​អំឡុង​នៃ​ការឃោសនាបោះឆ្នោត អ្នកគាំទ្រ និង​សកម្មជន​នៃ​គណបក្សនយោបាយ​ទាំងអស់ ត្រូវ​ឃោសនា​តែ​ពី​កម្មវិធី​នយោបាយ និង​គោលនយោបាយ បាន​ហើយ ដោយ​មិនត្រូវ​ប្រើពាក្យ​អសុរោះ និង​ជេរប្រមាថ​គ្នា​ទៅវិញទៅមក ឡើយ​។ លោក និយាយ​ដូច្នេះ​ថា​៖«​បើ​អនុវត្ត​ត្រង់​ហ្នឹង​បាន គឺ​យើង​អាច​បញ្ចៀស​អំពើហិង្សា​បាន​ហើយ​។ បើ​អ្នកនយោបាយ នៅតែ​ប្រើ​វោហារសាស្ត្រ ដើម្បី​វាយប្រហារ​អ្នកដទៃ វា គឺជា​ការ​ខាត​ប្រយោជន៍​របស់ខ្លួន​ទៅវិញ​ទេ ព្រោះ​ឥឡូវ​ប្រជាពលរដ្ឋ បានទទួល​ព័ត៌មាន​អស់ហើយ ហើយក៏​ដឹងថា អ្នកណា យ៉ាងម៉េច​ដែរ​»​។

​ជុំវិញ​បញ្ហា​នេះ លោក សូ ចន្ថា អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ក៏​យល់ឃើញ​ស្រដៀង​នឹង លោក ហង្ស ពុទ្ធា ដែរ​។ លោក សូ ចន្ថា លើកឡើងថា គ្រប់​គណបក្ស នយោបាយ ត្រូវយក​គោលនយោបាយ ដែល​បង្ហាញ​ពី​ដំណោះស្រាយ​និង​ការអភិវឌ្ឍ​ប្រទេសជាតិ ទៅ​ឃោសនា ប្រសើរ​ជាង​ការជេរប្រមាថ ឬ​ការ​ឌឺដង​ដាក់គ្នា ដែលជា​ហេតុ នាំ​ឲ្យ​មាន​ជម្លោះ​។ លោក បន្ថែមថា ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​ទាំងអស់ ក៏​ត្រូវតែ​ពន្យល់​សកម្មជន និង​ឃោសនិក​របស់ខ្លួន​ឲ្យ​បាន​យល់​ផងដែរ អំពើ​ក្រមសីលធម៌ ក្នុងការ​ឃោសនាបោះឆ្នោត​។



​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ដោយសារតែ​សកម្មជន ប្រកាន់​គណបក្ស​រៀងៗ​ខ្លួន ហើយក៏​ប្រើប្រាស់​ពាក្យ​គ្រោតគ្រាត​មួយចំនួន ដើម្បី​ចង់​ឈ្នះ​គ្នា ទើប​បណ្តាល​ឲ្យ​មាន​អំពើហិង្សា​។ បើ​ពួកគាត់ យល់​ពី​ដំណើរការ​នៃ​ការឃោសនា​ក្នុងសង្គម​ប្រជាធិបតេយ្យ គឺ​ពួកគាត់ គ្រាន់តែ​ឃោសនា​ទៅ ពេល​ចប់ គឺ​យើង​ជា​បងប្អូន ជា​ជនជាតិ​តែមួយ អ៊ីចឹង មានរឿង​អ្វី​ត្រូវ​ប៉ះទង្គិច​គ្នា​»​។​

​កន្លងមក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកនាំពាក្យ​គណ​កប្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​អះអាងថា គណបក្ស​របស់​ពួកគេ បាន​ណែនាំ​សកម្មជន និង​ឃោសនិក​រួច​អស់ហើយ ទាក់ទង​នឹង​ការឃោសនាបោះឆ្នោត​។ ពួកគេ លើកឡើងថា ដើម្បី​ជៀសវាង​កុំ​ឲ្យ​កើត​អំពើហិង្សា សកម្មជន​និង​ឃោសនិក​ទាំងអស់ ត្រូវគោរព​គោលការណ៍ និង​ក្រមសីលធម៌ ដែល​គ​.​ជ​.​ប បានចែង​។​

​សូមបញ្ជាក់ថា គណបក្ស​ចំនួន​១២ បាន​ចូលរួម​ប្រ​កួន​ប្រជែង​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ក្នុង​អាណ​ត្ត​ទី​៤​នេះ​។ គណបក្ស​ទាំង​១២ មាន​រយៈពេល​១៤​ថ្ងៃ ដើម្បី​ធ្វើ​យុទ្ធនាការ​នៃ​ការឃោសនាបោះឆ្នោត​៕


Tag:
 ឃោសនា​
  គជប​
© រក្សាសិទ្ធិដោយ thmeythmey.com