ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម ថា ការចិញ្ចឹម​សត្វ​លក្ខណៈ​គ្រួសារ​ប្រឈម​បាត់បង់​ទាំងស្រុង​
18, May 2017 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ការចិញ្ចឹម​សត្វ​លក្ខណៈ​គ្រួសារ​នឹងត្រូវ​បាត់បង់​ទាំងស្រុង ដោយសារ​ការកើនឡើង​នៃ​សេដ្ឋកិច្ច​។ លោក​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចពិភាក្សា​អំពី​បញ្ហា​ផ្គត់ផ្គង់​សត្វ​ជ្រូក ដែលមាន​មន្ត្រី​សាប័ន​រដ្ឋ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ចូលរួម នៅ​ថ្ងៃទី​១៦​ខែឧសភា​។​



​ប្រសាសន៍​របស់ លោក វេ​ង សាខុន ៖





​លោក វេ​ង សាខុន មានប្រសាសន៍ថា ដោយសារតែ​ចំណូល​របស់​ប្រជាជនមាន​ការកើនឡើង ការចិញ្ចឹម​សត្វ​លក្ខណៈ​គ្រួសារ​នឹងត្រូវ​បាត់បង់​ទាំងអស់​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ការចិញ្ចឹម​លក្ខណៈ​គ្រួសារ បន្តិចទៀត​នឹងត្រូវ​បាត់បង់​ទាំងអស់ ដោយសារ​ចំណូល​របស់​ប្រជាជន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មានកា​រ​កើនឡើង​»​។ លោក​បន្តថា​៖«​ពីមុន​ចំណូល​ពីរ​បី​រយ​ដុល្លារ យើង​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ យើង​ចិញ្ចឹម​មួយឆ្នាំ ចេះតែ​ចំណេញ​បាន​ពីរ​បី​រយ​ដុល្លារ ឬ​៥​រយ​ដុល្លារ ចាត់ទុកថា​អ្នកមាន ប៉ុន្តែ​ឥឡូវ​ពីរ​បី​រយ​ដុល្លារ​មិន​ចាត់ទុកជា​អ្នកមាន​ទេ ជា​អ្នកក្រ​ត្រូវ​រត់ចោល (​ចោលការ​ចិញ្ចឹមសត្វ​លក្ខណៈ​គ្រួសារ​) ព្រោះ​ចំណូល​ជា​មធ្យម​ឥឡូវនេះ ១៣០០​ដុល្លារ​»​។​

​ការ​ធ្វើស្រែ​ទ្រង់ទ្រាយ​តូច​ក៏​នឹងត្រូវ​ជួប​វាសនា​ដូចគ្នា​នឹង​ការ​ចិញ្ចឹមសត្វ​លក្ខណៈ​គ្រួសារ​ដែរ​។ លោក វេ​ង សាខុន ឲ្យ​ដឹង​បន្ថែម​ដូច្នេះ​ថា​៖«​ការធ្វើ​ស្រែ ក៏​អ៊ីចឹង​ដែរ កាលពីមុន​កសិករ​មា​ន​ដី​មួយ​ហិកតា រកចំណូលបាន​ពីរ​បី​រយ​ដុល្លារ អ្នកមាន តែ​ឥឡូវ​អត់​បានទេ (​មិនមែន​អ្នកមាន​)»​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ការវិវត្តន៍​សេដ្ឋកិច្ច​បែបនេះ នឹង​នាំទៅដល់​ការធ្វើ​ចំណាកស្រុក ដែល កសិករ​អាច​រក​ចំណូល​ខ្ពស់ជាង​កម្រៃ​មុខរបរ​បច្ចុប្បន្ន​របស់​ខ្លួន​។ លោក​និយាយ​ដូចនេះ​ថា​៖«​ត្រូវតែមាន​ចំណាកស្រុក ថា​ឲ្យ​ទប់ស្កាត់​ចំណាកស្រុក គឺ​ទប់​មិន​បានទេ​»​។​

​មធ្យោបាយ​មួយទៀត គឺ​ការកែប្រែ​ពី​ការ​ចិញ្ចឹមសត្វ​លក្ខណៈ​គ្រួសារ​ទៅជា​ការចិញ្ចឹម​បែប​ឧស្សាហកម្ម ដើម្បី​ឆ្លើយតប​នឹង​ការវិវត្ត​នេះ​។ «​អ៊ីចឹង​ហើយ​បានទាមទារ​ឲ្យ​មានការ​ដោះដូរ ពី​ការចិញ្ចឹម​លក្ខណៈ​គ្រួសារ​ទៅជា​ការចិញ្ចឹម​លក្ខណៈ​ឧស្សាហកម្ម​។ កាល​មុន​យើង​ចិញ្ចឹម​ជ្រូក​បី​បួន​ក្បាល មនុស្ស​មើលថែ​ពីរ​នាក់ ដល់​ឥឡូវ​ចិញ្ចឹម​ជ្រូក​៥​រយ​ក្បាល​ទៅ​១​ពាន់​ក្បាល មនុស្ស​មើលថែ​តែ​ម្នាក់​។ អ៊ីចឹង​យើង​មិនអាច​ប្រកួតប្រជែង​បានទេ ត្រូវតែ​បញ្ចូល​បច្ចេកវិទ្យា​។ អ្នក​ខ្វះ​បច្ចេកវិទ្យា ត្រូវតែ​បង្កើន​ការចិញ្ចឹម ដើម្បី​ចំណាយ​ដើមទុន​តិច (​ថ្លៃដើម​) គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ការចិញ្ចឹម​បាន​ចំណេញ​ច្រើន​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់ លោក វេ​ង សាខុន ៕


Tag:
 វេ​ង សាខុន​
  ការចិញ្ចឹម​សត្វ​
  ចំណាកស្រុក​
  ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com