ជាតិ
គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ដក​មេឃុំ​-​ចៅសង្កាត់​របស់ខ្លួន បើ​បម្រើ​ម្ចាស់ឆ្នោត​មិនបាន​ល្អ​
19, May 2017 , 12:09 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ដក​មេឃុំ​-​ចៅសង្កាត់​របស់ខ្លួន ចេញពី​តំណែង ប្រសិនបើ​មេឃុំ​-​ចៅសង្កាត់ នោះ មិន​គោរព​ឆន្ទៈ​ក្នុង​ការបម្រើ​និង​ផ្តល់​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​។ នេះ​ជាការ​អះអាង​របស់លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់ និង​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។



​ការលើកឡើង​ដូច្នេះ​របស់លោក សុន ឆ័យ គឺ​ស្រប​ពេលដែល​ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២0 ខែឧសភា ឆ្នាំ​២0១៧​។ បើតាម​លោក សុន ឆ័យ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ប្រាប់​ទៅ​បេក្ខជន​របស់ខ្លួន ដែល​ឈ្មោះ​ជា​មេឃុំ​-​សង្កាត់ ឲ្យ​ប្តេជ្ញា​និង​ត្រៀមលក្ខណៈ​ឲ្យ​ហើយ ថា​ត្រូវតែ​បម្រើ​ប្រជាពលរដ្ឋ ក្រោយ​ជាប់ឆ្នោត​ជា​មេឃុំ​-​ចៅសង្កាត់​។  

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​យើង​បាន​ផ្តាំ​ហើយ ផ្តាំ​ទៀត ផ្តាំ​យ៉ាងច្បាស់​ថា បើ​មិន​បម្រើ​រាស្ត្រ​ទេ គណបក្ស​ដកចេញ​។ ឲ្យ​ពួកគាត់​ដឹង​ឲ្យ​ច្បាស់​»​។

​លោក សុន ឆ័យ បន្តថា ថ្វី​ដ្បិត បេក្ខជន ដែល​ឈ្មោះ​ជា​មេឃុំ​-​ចៅសង្កាត់ កើតចេញពី​ការរៀបចំ​របស់​គណបក្ស​ក៏ពិតមែន ប៉ុន្តែ​នៅពេលដែល​ជាប់ឆ្នោត​ហើយ ពួកគេ គឺជា​តំណាង​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ លោក សង្កត់ធ្ងន់ថា មេឃុំ​-​ចៅសង្កាត់ រួមទាំង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ផ្សេងទៀត គឺជា​អ្នកបម្រើ​របស់​ប្រជាពលរដ្ឋ មិនមែនជា​អ្នកបម្រើ​របស់​គណបក្ស ឡើយ​។ 

​ការ​ថ្លែង​របស់លោក សុន ឆ័យ ខាងលើ គឺធ្វើឡើង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​លោក​ចាក​ចេញពី «​វេទិកា​ស្តីពី ការប្តេជ្ញាចិត្ត​របស់​គ​ណ​បក្សនយោបាយ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​» ដែល​រៀបចំ​ដោយ​អង្គការក្រៅរដ្ឋាភិបាល​។ អង្គការក្រៅរដ្ឋាភិបាល បាន​អញ្ជើញ​តំណាង​គណបក្ស​ទាំង​១២ ដែល​បាន​ឈរឈ្មោះ​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ ឲ្យ​ចូលរួម​ធ្វើជា​វាគ្មិន​ក្នុង​វេទិកា​ខាងលើ ដើម្បី​បង្ហាញ​ពី​គោលនយោបាយ​របស់ខ្លួន ទៅកាន់​ប្រជាពលរដ្ឋ មុន​ការបោះឆ្នោត​មកដល់ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ តំណាង​សហគមន៍​នានា នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត ក៏បាន​ចូលរួម​ក្នុង​វេទិកា​នេះ ផងដែរ​។​





​នៅក្នុង​វេទិកា លោក សុន ឆ័យ បាន​បកស្រាយ​លម្អិត​ពី​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យកទៅ​ប្រកួតប្រជែង​ការបោះឆ្នោត​។ គោលនយោបាយ​អាទិភាព​ទាំង​៥​ចំ​ណុ​នោះ​រួមមាន ការពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ​, ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​, ការផ្ដល់​សេវាសាធារណៈ​, ការពង្រឹង​សន្ដិសុខ និង​វិមជ្ឈការ នូវ​គោលនយោបាយ​ថ្នាក់ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ (​ឃុំ​-​សង្កាត់​)៕



Tag:
 ឃោសនាបោះឆ្នោត​
  ដក​មេឃុំ​
  សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com