កីឡាជាតិ
ជាតិ
លោក ព្រំ ប៊ុណ្ណយី៖ ប្រភេទកីឡានៅតាមសាលានឹងចូលរួមប្រកួតគ្រប់ព្រឹត្តិការណ៍អន្តរជាតិ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា
× ដើម្បីអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងចម្រាញ់ធនធានថ្នាលសម្រាប់ត្រៀមស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថ្នាក់ដឹកនាំកីឡាកម្ពុជាបានកំណត់ថា ចាប់ពីឆ្នាំ២០១៧ នេះទៅ រាល់ប្រភេទកីឡាដែលមាននៅតាមសាលាចាប់ពីកម្រិតមធ្យមសិក្សា នឹងចូលរួមប្រកួតគ្រប់ព្រឹត្តិការណ៍អន្តរជាតិក្របខណ្ឌសិស្សទាំងនៅក្នុងតំបន់ និងពិភពលោក។ លើសពីនេះថ្នាក់ដឹកកីឡាកម្ពុជា ជំរុញឲ្យគ្រប់បណ្តាសាលារបស់រដ្ឋទាំងអស់ត្រូវមានទីលានកម្រិតស្តង់ដាអន្តរជាតិ។
ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាលោក ព្រំ ប៊ុណ្ណយី បានបញ្ជាក់ថា ថ្នាក់ដឹកនាំកីឡាកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រដោយកំណត់ចាប់ពីឆ្នាំ២០១៧ នេះតទៅ នឹងបញ្ជូនប្រភេទកីឡានៅតាមសាលារដ្ឋចាប់ពីកម្រិតមធ្យមសិក្សា ឲ្យចូលរួមប្រកួតគ្រប់ព្រឹត្តិការណ៍អន្តរជាតិទាំងនៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំកីឡាកម្ពុជា ក៏បាននិងកំពុងត្រៀមរៀបចំឲ្យមានការចូលរួមព្រឹត្តិការណ៍អន្តរជាតិចាប់កម្រិតបឋមសិក្សាផងដែរ។
ការដាក់ចេញផែនការបែបនេះ គឺដើម្បីអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ក៏ដូចជាសមត្ថភាពធនធានថ្នាលឲ្យកាន់តែមានការរីកចម្រើន ដើម្បីបង្កភាពងាយស្រួលក្នុងការចម្រាញ់ធនធាន ដែលមានសមត្ថភាព សម្រាប់ត្រៀមប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត។
ថ្លែងក្នុងអង្គមហាសន្និបាតសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា កាលពីពេលថ្មីៗលោក ព្រំ ប៊ុណ្ណយី បានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រភេទកីឡានៅក្នុងសាលារៀនទាំងអស់ចាប់ពីពេលនេះតទៅ នឹងចូលរួមគ្រប់ការប្រកួតជាលក្ខណអន្តរជាតិ(ក្របខណ្ឌសិស្ស)»។
លោនបានបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះថ្នាក់ដឹកនាំកីឡាកម្ពុជាបានធ្វើការកែទម្រង់ទាំងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធនៃការប្រកួត ក្នុងនោះថ្នាក់ដឹកនាំកីឡាបានជំរុញឲ្យគ្រប់បណ្តាសាលារដ្ឋទាំងអស់ត្រូវមានទីលានស្តង់ដាកម្រិតអន្តរជាតិ ដើម្បីផ្តល់ជាកន្លែងហ្វឹកហាត់សម្រាប់កីឡាករ និងរៀបចំការប្រកួតជើងឯកផ្សេងៗនៅតាមសាលានីមួយ។
ជាក់ស្តែងនៅក្នុងអំឡុងខែកក្កដា ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងបញ្ជូនកីឡា៥ប្រភេទឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ School Games នៅប្រទេសសិង្ហបុរី។ កីឡាទាំងនោះរួមមាន វាយកូនឃ្លីលើតុ វាយកូនបាល់ វាយសី អត្តពលកម្ម និងហែលទឹក៕
Tag:
ព្រំ ប៊ុណ្ណយី
កីឡានៅតាមសាលា
© រក្សាសិទ្ធិដោយ thmeythmey.com