ពីនេះ ពីនោះ
ព័ត៍មានសុខភាព
 កុំ​មើលងាយ​ការ​ខ្សោះ​ជាតិ​ទឹក​ឲ្យ​សោះ​ណា ព្រោះ​វា​អាចធ្វើ​ឲ្យ​ខ្សោយតម្រងនោម​បាន
21, May 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​កាលណា​អាកាសធាតុ​ក្តៅ ហើយ​អត់​សូវ​ញ៉ាំ​ទឹកបាន​ច្រើន​ទៀត វា​ពិតជា​ងាយ​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ណាស់​។ ខណៈពេល​ការ​ខ្សោះ​ជាតិ​ទឹក​មាន​ច្រើន​កម្រិត ស្រួចស្រាវ ឬ​ធ្ងន់ធ្ងរ វា​សុទ្ធតែ​អាច​បង្ក​ជា​ផលវិបាក​ច្រើន ហើយ​ក្នុងនោះ​ក៏​មានការ​ខ្សោយតម្រងនោម​ដែរ​។ តម្រងនោម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែលមាន​នាទី​ច្រោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ជាពិសេស​បញ្ចេញ​ជាតិពុល និង​សារធាតុ​គ្រោះថ្នាក់​ពី​ក្នុង​ឈាម​។ តម្រងនោម​ក៏​ជា​អ្នក​សម្រួល​ដល់​ចំនួន​ជាតិ​ទឹក​ក្នុង​ឈាម​តាមរយៈ​ការបញ្ចេញ​ជាតិ​ទឹក​ដែល​លើស និង​ទាញ​ទឹក​បន្ថែម​វិញ​ដើម្បី​បង្ការ​ការ​ខ្សោះ​ជាតិ​ទឹក​តាមរយៈ​ការកំណត់​ចំនួន​ទឹកនោម​ដែល​ត្រូវ​ផលិត​។


​ការ​ខ្សោយ​របស់​តម្រងនោម កើតឡើង​នៅពេលដែល​វា​បាត់បង់​សមត្ថភាព​ច្រោះ​ទឹកនោម និង​កាកសំណល់​ចេញពី​ឈាម​។ ការកើនឡើង​នៃ​ជាតិពុល​ជាច្រើន វា​ធ្លាប់តែ​ត្រូវបាន​បាន​បញ្ចេញ​ចោល​ដោយ​តម្រងនោម​នោះ អាច​បង្ក​ជា​គ្រោះថ្នាក់​ជាច្រើន​ដល់​សុខភាព​បាន​។ ក្រោយមក ការ​ខ្សោយតម្រងនោម​ស្រួចស្រាវ​ក៏​អាច​កើតឡើង​បាន​យ៉ាង​លឿន​ដែរ​។
​ការ​ខ្សោះ​ជាតិ​ទឹក​គឺជា​អាកា​រៈ​មួយ​ដែល​បណ្តាលមកពី​ការបាត់បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ច្រើនពេក​តាមរយៈ​ជំងឺ​ជាច្រើន​ដូចជា រាករូស បែកញើស ឬ​នោម ហើយ​វា​ក៏​ជាប់ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​នឹង​ការ​ខូច​តម្រងនោម​ស្រួចស្រាវ​ផងដែរ​។ ការ​ខ្សោះ​ជាតិ​ទឹក​អាច​បណ្តាល​ឲ្យ​កើនឡើង​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម ដែល​វា​អាច​បំផ្លាញ​តម្រងនោម​បាន​។ យ៉ាងណាមិញ ការ​ខ្សោះ​ជាតិ​ទឹក​ក៏​អាច​ដោយសារតែ​បាត់បង់​ទាំង​ជាតិ​ទឹក និង​អំបិល​ពី​ក្នុង​ខ្លួន​ច្រើន​ដែរ​។ ម្យ៉ាងវិញទៀត ការ​ខ្សោះ​ជាតិ​ទឹក​គឺមាន​ឥទ្ធិពល​ច្រើនណាស់​ចំពោះ​តម្រងនោម ដែល​វា​គ្រប់គ្រាន់​នឹង​បង្ក​ជា​អាកា​រៈ​ជំងឺ​ខ្សោយតម្រងនោម​ណាស់​។
​ចំពោះ​ការ​ខ្សោះ​ជាតិ​ទឹក​រ៉ាំរ៉ៃ​វិញ អាច​ប៉ះពាល់​ដល់​មុខងារ​តម្រងនោម និង​ប្រឈម​កាន់តែខ្លាំង​នឹង​គ្រួស​ក្នុង​តម្រងនោម​ទៀត​។ ការ​ខ្សោះ​ជាតិ​ទឹក​បែបនេះ​ក៏​អាច​កើតឡើង​ដោយសារតែ​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​ដែរ​ដូចជា ការបាត់បង់​ជាតិ​ទឹក​តាមរយៈ​ផ្លូវ​ក្រពះ​ពោះវៀន រលាក​សួត ស្ទះ​ពោះវៀន និង​ការខូចខាត​អ្វីមួយ​ថ្មី​ក្នុង​រាងកាយ​។ យ៉ាងណាមិញ បើសិនជា​រាងកាយ​មិនអាច​បំពេញ​ជាតិ​ទឹក​វិញ​លឿន​ទេ វា​ក៏​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​តម្រងនោម​ផ្សេងៗ​ជាច្រើន​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com