កីឡាជាតិ
ជាតិ
 អតីត​កីឡាករ អាត់ សំរិទ្ធ​៖ កីឡាករ​ត្រូវ​ឡើង​សង្វៀន​ប្រកួត​យ៉ាងតិច​១​ដង​ក្នុង​១​ខែ​ទើប​ល្អ​
21, May 2017 , 7:59 am        
រូបភាព
លោក អាត់ សំរិទ្ធ គ្រូបង្វឹកក្រុមយុវជនជម្រើសជាតិថ្នាលផ្នែកកីឡាប្រដាល់សកល។
លោក អាត់ សំរិទ្ធ គ្រូបង្វឹកក្រុមយុវជនជម្រើសជាតិថ្នាលផ្នែកកីឡាប្រដាល់សកល។
ដោយ:
​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព ក៏ដូចជា​បច្ចេកទេសរ​បស់​កីឡាករ​ឲ្យ​កាន់តែ​រីកចម្រើន ក្រៅពី​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក លោក អាត់ សំរិទ្ធ គ្រូបង្វឹក​ក្រុមយុវជន​ជម្រើសជាតិ​ថ្នាល និង​ជា​អតីត​កីឡាករ​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​យល់ឃើញថា កីឡាករ​ត្រូវ​ឡើង​សង្វៀន​ប្រកួត​យ៉ាងតិច​១​ដង​ក្នុង​១​ខែ​បន្ថែមទៀត​ទើប​ល្អ​។ លោក​បញ្ជាក់ថា ការឡើង​សង្វៀន​ប្រកួត​ទើប​ធ្វើ​ឲ្យ​កីឡាករ និង​គ្រូបង្វឹក​ដឹង​ពី​ចំណុច​ខ្វះខាត​ដែល​ត្រូវ​អភិវឌ្ឍន៍​បន្ថែម​។


​គ្រូបង្វឹក​ក្រុមយុវជន​ជម្រើសជាតិ​ថ្នាល​ប្រដាល់សកល លោក អាត់ សំរិទ្ធ យល់ឃើញថា ការហ្វឹកហាត់​ដោយ​យកចិត្តទុកដាក់​តែមួយ​មុខ គឹ​មិន​គ្រប់គ្រាន់​នោះឡើយ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​ឲ្យ​មានការ​រីកចម្រើន ពោលគឺ​ត្រូវ​ឲ្យ​កីឡាករ​ឡើង​សង្វៀន​ប្រកួត​យ៉ាងតិច​១​ដង​ក្នុង​១​ខែ​ទៀត​ទើប​ល្អ​។ តាម​បទពិសោធន៍ ការឡើង​សង្វៀន​ប្រកួត​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កីឡាករ​ទទួលបាន​នូវ​បទពិសោធន៍​ប៉ុណ្ណោះ​ទេ លើសពីនេះ គ្រូបង្វឹក​អាច​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​កីឡាករ​ដែល​ត្រូវ​អភិវឌ្ឍន៍​។
​បញ្ហា​ឡើង​សង្វៀន​ប្រកួត​មិន​គ្រប់គ្រាន់​បានធ្វើ​ឲ្យ​លោក អាត់ សំរិទ្ធ មាន​ក្តីកង្វល់​យ៉ាងខ្លាំង​ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុម​យុវ​ជម្រើសជាតិ​ថ្នាល សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​បាន​បញ្ជាក់ថា តាំងពី​ធ្វើការ​ប្រមូលផ្តុំ​ក្នុងចំណោម​យុវជន​ជម្រើសជាតិ​ទាំង​១២​នាក់ គឺមាន​កីឡាករ​តិចតួច​ណាស់ដែ​ល​បាន​ឡើង​សង្វៀន​ប្រកួត ហើយ​ការឡើង​សង្វៀន​នោះ​ទៀតសោត ក៏មាន​ចន្លោះពេល​យូរៗ​ផងដែរ ពោល​គឹ​កីឡាករ​ខ្លះ​រយៈពេល​៣​មិនបាន​ឡើង​សង្វៀន​ម្តង​ក៏មាន​។
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​គ្រូបង្វឹក​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​តាម​បទពិសោធន៍​របស់ខ្ញុំ ដើម្បី​ឲ្យ​កីឡាករ​មានការ​ប្រកួត​ល្អ គឺ​ត្រូវ​ឡើង​សង្វៀន​យ៉ាងតិច​១​ដង​ក្នុង​១​ខែ​។ តែ​សព្វថ្ងៃ​មាន​កីឡាករ​ថ្នាល​យើង​មួយចំនួន​៣​ខែ​មិនទាន់បាន​ឡើង​សង្វៀន​មួយដង​ផង​ក៏មាន ដោយសារ​មាន​សង្វៀន​តែមួយ​ដែល​រៀបចំ​ឲ្យ​មានការ​ប្រកួត​ប្រដាល់សកល គឺ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​។ កត្តា​ទាំងនេះ​ជាហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ក្តីបារម្ភ​យ៉ាងខ្លាំង​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ យើង​មិនបាន​ដឹងថា ពួកគាត់​មាន​បច្ចេកទេស​ខ្វះខាត​ត្រង់ណា​ដែល​ត្រូវ​កែតម្រូវ​នោះទេ ព្រោះ​បញ្ហា​បច្ចេកទេស យើង​មិនអាច​មើល​ដោយ​ភ្នែក​តាម​ការហ្វឹកហាត់​នោះទេ ទាល់តែ​ប្រកួត​ទើប​យើង​ដឹង​»​។
 
​អាស្រ័យហេតុនេះ លោក​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ រៀបចំ​ចាត់ចែង​ធ្វើយ៉ាងណា​ឲ្យ​កីឡាករ​បាន​ឡើង​សង្វៀន​ប្រកួត​យ៉ាងតិច​មួយខែ​ឲ្យ​បាន​ដង ដើម្បី​ឲ្យ​កីឡាករ​ទទួលបាន​បទ​ពិសោធន៍​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ ជាពិសេស លោក អំពាវនាវ​ដល់​បណ្តា​ស្ថានីយទូរទស្សន៍​មេត្តាជួយ​រៀបចំ​ឲ្យ​មានកម្ម​វិធី​ប្រកួត​ប្រដាល់សកល​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំខែ ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​ថ្នាល​បាន​ចូលរួម​ប្រកួត​គ្រប់ៗ​គ្នា​។
​លោកគ្រូ​បង្វឹក​រូបនេះ​ជឿជាក់ថា ប្រសិនបើ​យុវជន​ថ្នាល​ទាំងអស់​បាន​ឡើង​សង្វៀន​ប្រកួត​ទាំងអស់គ្នា​១​ដង​ក្នុង​រយៈពេល​១​ខែ នឹងមាន​ការរីកចម្រើន​ទាំង​សមត្ថភាព និង​បច្ចេកទេស ជាពិសេស​មានសង្ឃឹម​ជោគជ័យ​ខ្ពស់​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​៕ 

Tag:
 ​ប្រដាល់​
  អាត់ សំរិទ្ធ​
  គ្រូបង្វឹក​ក្រុមយុវជន​ថ្នាល​
© រក្សាសិទ្ធិដោយ thmeythmey.com