អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
 ឌូ​ទើ​តេ ថា អាមេរិក​នឹង​ដួលរលំ​នៅ​ថ្ងៃ​ណាមួយ​
20, May 2017 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​១៩ ខែឧសភា និយាយថា អាមេរិក នឹង​ដួលរលំ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។ ចំពោះ​មូលហេតុ​វិញ លោក ឌូ​ទើ​តេ បាន​លើក​ហេតុផល​ថា អាមេរិក​ពោរពេញ​ដោយ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ហើយ​អាច​បង្ក​ជា​ជម្លោះ​ផលប្រយោជន៍ និង​តម្លៃ ក្នុងចំណោម​ក្រុម​ជនជាតិ​ទាំង​នោះបាន​។ លោក ឌូ​ទើ​តេ ក៏​ឆ្លៀត​រិះគន់​ក្រសួងការបរទេស​អាមេរិក ដែល​បន្ត​រិះគន់​យុទ្ធនាការ​សម្អាត​គ្រឿងញៀន​នៅ​ហ្វីលីពីន​។


​បន្ទាប់ពី​អាក់ខាន​មួយរយៈ ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​រិះគន់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ម្ដងទៀត​។ លោក ឌូ​ទើ​តេ បាន​វាយប្រហារ​ខ្លាំងៗ​លើ​ក្រសួងការបរទេស​អាមេរិក ដែល​តែង​ចេញមុខ​រិះគន់​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក ដែលមាន​មនុស្ស​រាប់ពាន់នាក់​បាន​បាត់បង់​ជីវិត​នៅក្នុង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​។ នៅ​លើក​នេះ ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រើ​ពាក្យសម្ដី​ធ្ងន់​ជាង​លើក​មុន ដោយ​លោក​និយាយថា អាមេរិក នឹង​រលាយ​នៅពេល​ខាងមុខ​។ 
 
​បើតាម​សារព័ត៌មាន ABS-CBN លោក ឌូ​ទើ​តេ ថ្លែង​ក្នុង​កម្មវិធី​ជួបជុំ​មួយ​ថា​៖ «​បញ្ហា​ដែល​កើត​នៅ​អាមេរិក​មិនមែន​មកពី​ប្រធានាធិបតី​ឡើយ តែ​មូលហេតុ​ដើម​គឺ​ក្រសួងការបរទេស​តែម្ដង​។ ក្រសួង​នេះ ពោរពេញ​ដោយ​មនុស្ស​គ្រប់​ពណ៌​សម្បុរ​»​។ លោក​បន្តថា ដូច្នេះ​អាមេរិក​នឹង​ដួលរលំ​នៅ​ថ្ងៃ​ណាមួយ ប្រហែលជា​៥០​ឆ្នាំ ទៅ​១០០​ឆ្នាំ​ខាងមុខ​ក៏​ថា​បាន ព្រោះតែ​បញ្ហា​ពហុ​ជាតិ​សាសន៍ ឬក៏​ទំនាស់​រវាង​តម្លៃ​នៃ​ជនជាតិ​នីមួយៗ​តែម្ដង​។
​តាំងពី​សម័យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មក​នោះ ក្រសួងការបរទេស​អា​មេ​រិ​ក តែង​បង្ហាញ​ការព្រួយបារម្ភ​ជុំវិញ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន ដែល​រង​ប៉ះពាល់​ដោយ​សង្គ្រាម​គ្រឿងញៀន​។ ដោយសារ​ពាក្យរិះគន់​មិនចេះ​ដាច់ លោក ឌូ​ទើ​តេ ក៏បាន​ប្រតិកម្ម​តបត​វិញ​ជាមួយ​ពាក្យសម្ដី​គ្រោតគ្រាត មិន​ថា​ក្រសួងការបរទេស ឬ​ប្រធានាធិបតី អូ​បា​ម៉ា ឡើយ​។ បញ្ហា​នេះ ក៏​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​-​ហ្វីលីពីន​ធ្លាក់ចុះ​យ៉ាងខ្លាំង រហូតដល់​មានការ​លុបចោល​សមយុទ្ធ​រួមគ្នា​ដែរ​។
​មកដល់​អាណត្តិ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទំនាក់ទំនង​ទ្វេភាគី​នេះ ក៏​ប្រែជា​ល្អប្រសើរ​ឡើងវិញ​ច្រើន​ដែរ​។ ប៉ុន្តែ​រដ្ឋបាល​អាមេរិក នៅតែ​បន្ត​ព្រួយបារម្ភ​ស្ថានភាព​សិទ្ធិមនុស្ស​ដដែល​។ លោក ឌូ​ទើ​តេ ដែល​សម្រេចចិត្ត​ឈប់​ពឹង​ផ្អែកលើ​អាមេរិក បាន​ហៅ​ទង្វើ​នេះ​ថា​ជាការ​អនុវត្ត​ពីរ​ជាន់​។ លោក​បញ្ជាក់ថា ជំហរ​របស់​អាមេរិក​នៅតែ​ដដែល ទោះជា​រដ្ឋបាល​ចាស់​រិះគន់ ហើយ​រដ្ឋបាល​ដឹកនាំ​ថ្មី​មិន​រិះគន់​ក៏ដោយ​។ ពោល គឺ​ខុសគ្នា​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។
​ក្រោម​អាណត្តិ​របស់លោក ឌូ​ទើ​តេ ដែល​តែង​ប្រើពាក្យ​មិន​សមរម្យ​ដាក់​មេដឹកនាំ​ផ្សេងទៀត ហ្វីលីពីន បាន​ងាក​ឆ្ងាយ​ពី​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ចាស់វស្សា​របស់ខ្លួន​។ លោក ឌូ​ទើ​តេ បាន​បោះដៃ​ទៅរក​ចិន ដែល​ទាំង​ហ្វីលីពីន និង​ចិន​មាន​ជម្លោះ​ជាមួយគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​ងាក​ទៅរក​រុស្ស៊ី​ផងដែរ​។ ប្រធានាធិបតី​ហ្វីលីពីន ទើប​ត្រឡប់​មកពី​ទស្សនកិច្ច​នៅ​ចិន ដោយ​ពាំនាំ​លុយ​ជាច្រើន​លាន​ដុល្លារ​មកវិញ ហើយ​ដើម​សប្ដាហ៍​ក្រោយ លោក​នឹង​ទៅ​រុស្ស៊ី​ទៀត ដែល​គម្រោង​ជាច្រើន​រំពឹងថា​ត្រូវ​ចុះហត្ថលេខា​ដែរ​៕

Tag:
 ​ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com