អន្តរជាតិ
នយោបាយអន្តរជាតិ
ជម្លោះឧបទ្វីប៖ កូរ៉េខាងជើងប្រាប់អាមេរិកថា បើចង់ចរចា ត្រូវឈប់រករឿងមុនសិន
× ភាពតានតឹងនៅឧបទ្វីបកូរ៉េ បន្តឡើងកម្ដៅខ្លាំង ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់កាលពីសប្ដាហ៍មុន។ ទាំងអាមេរិក ទាំងកូរ៉េខាងជើង សុទ្ធតែបង្ហាញជំហរចរចា ដើម្បីបញ្ចប់វិបត្តិនេះ តែក៏បានដាក់លក្ខខណ្ឌឲ្យគ្នាទៅវិញទៅមក មុននឹងចូលតុចរចាវិញ។ អាមេរិក បានប្រាប់ឲ្យកូរ៉េខាងជើងឈប់សាកល្បងនុយក្លេអ៊ែរ ឬបាញ់មីស៊ីលទៀតទៅ ទើបមានបរិយាកាសល្អសម្រាប់ជជែកគ្នា តែកូរ៉េខាងជើងក៏ឆ្លើយវិញថា អាមេរិកត្រូវឈប់បង្កអរិភាពជាមុនទៅ។
បេសកជនរងរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី១៩ ខែឧសភា បានហៅនយោបាយបង្កសត្រូវរបស់អាមេរិកដែលដាក់លើកូរ៉េខាងជើងរាប់ឆ្នាំជាឬសគល់នៃបញ្ហា ដែលកំពុងកើតឡើងនៅឧបទ្វីបកូរ៉េ។ កូរ៉េខាងជើង បានប្រាប់ឲ្យអាមេរិកបញ្ចប់នយោបាយបែបនេះទៅ ទើបខ្លួនអាចចូលតុចរចាតាមការអំពាវនាវរបស់អាមេរិកបាន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
លោក Kim In Ryong អគ្គរដ្ឋទូតរងកូរ៉េខាងជើង បានប្រាប់អ្នកសារព័ត៌មានថា គ្រប់គ្នាសុទ្ធតែដឹងអាមេរិកចង់ចរចា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទង្វើ មិនមែននិយាយឲ្យតែបានឡើយ។ លោកបន្តថា ការបញ្ចប់នយោបាយបង្ករឿងដាក់កូរ៉េខាងជើង គឺរឿងត្រូវធ្វើមុនគេក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ ដូច្នេះច្រកចេញនៃជម្លោះនេះ គឺជាការបញ្ចប់ឲ្យសូន្យបង់នយោបាយរបស់អាមេរិក ដែលជាឬសគល់នៃបញ្ហាតែម្ដង។
តាំងពីដើមមក កូរ៉េខាងជើងតែងលើកឡើងម្ដងហើយម្ដងទៀតថា កម្មវិធីនុយក្លេអ៊ែរ ក៏ដូចជាការពង្រឹងសមត្ថភាពមីស៊ីលរបស់ខ្លួន គឺដើម្បីតែការពារទឹកដីពីការនយោបាយបង្កសត្រូវរបស់អាមេរិកតែប៉ុណ្ណោះ។ ដោយសារមូលហេតុនេះ កូរ៉េខាងជើងបានប្រឹងប្រែងឥតឈប់ឈរក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងសាកល្បងមីស៊ីលជាញឹកញាប់។ គេបារម្ភថា កូរ៉េខាងជើងកំពុងមានមីស៊ីលអន្តរទ្វីបបាញ់ដល់ទឹកដីអាមេរិកទៀតផង។
ទង្វើរបស់កូរ៉េខាងជើងបែបនេះ ធ្វើឲ្យគេឯងបារម្ភយ៉ាងខ្លាំង។ រដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញតឹងរ៉ឹងដាក់កូរ៉េខាងជើង ដោយបានបញ្ជូននាវាដឹកយន្តហោះ និងនាវាមុជទឹក ទៅកៀកឧបទ្វីបកូរ៉េ ដើម្បីបង្ខំឲ្យកូរ៉េខាងជើងបញ្ឈប់មហិច្ឆតានុយក្លេអ៊ែរចោល។ ក្រុងវ៉ាស៊ីនតោន ថែមទាំងគំរាមប្រើកម្លាំងទ័ពដើម្បីដោះស្រាយបញ្ហាទៀតផង ប៉ុន្តែចុងក្រោយក៏សម្រេចចិត្តដាក់សម្ពាធលើចិនឲ្យជួយចេញមុខរកដំណោះស្រាយដែរ។
ចុងក្រោយនេះទៀត បន្ទាប់បង្ហាញសាច់ដុំយ៉ាងគគ្រឹកគ្រេងរួចមក រដ្ឋបាលលោក ត្រាំ បានបន្ទន់ឥរិយាបថរបស់ខ្លួនបន្តិច និងបង្ហាញជំហរចង់ចរចា និងបានប្រាប់ឲ្យកូរ៉េខាងជើងជឿជាក់លើសន្យារបស់ខ្លួនដែលថា អាមេរិក មិនវាយប្រហារកូរ៉េជើង ឬមានបំណងផ្លាស់ប្ដូរមេដឹកនាំកូរ៉េខាងជើងឡើយ។ ទន្ទឹមគ្នានោះ អាមេរិកចង់ឲ្យកូរ៉េខាងជើងបង្កើតបរិយាកាសល្អសម្រាប់ការចរចាគ្នា។ យ៉ាងណាក្ដី គេមិនដឹងលក្ខខណ្ឌទាំងសងខាងនេះ នឹងអាចមានផលវិជ្ជមានយ៉ាងណាដែរ៕
Tag:
កូរ៉េខាងជើង
អាមេរិក
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com