ជាតិ
នយោបាយជាតិ
សកម្មភាពបក្ស ១០ ផ្សេងទៀត ក្រៅពីCPP និងCNRP នៅក្នុងថ្ងៃឃោសនាបោះឆ្នោតដំបូង
× នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ នេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើពិធីហែក្បួនឃោសនាធំជាងគណបក្សទាំង ១០ ផ្សេងទៀត ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត។ តើគណបក្សទាំង ១០ ផ្សេងទៀតនោះ បានធ្វើសកម្មភាពអ្វីខ្លះនៅថ្ងៃឃោសនាដំបូងនេះ?
គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន បានយាងឃោសនាបោះឆ្នោតថ្ងៃដំបូង នៅក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម។ នេះបើតាមលោក ញ៉េប ប៊ុនជិន អនុប្រធានកណបក្សហ្វ៊ុនស៊ិនប៉ិច។ លោក ប៊ុនជិន ប្រាប់សារព័ត៌មានថ្មីៗថា ការឃោសនានៅអាណត្តិនេះ គណបក្សរាជានិយមមួយនេះ មិនមានគោលការណ៍ឲ្យអ្នកគាំទ្រ ហែក្បួនធំដុំនោះទេ តែលោកថា បើអ្នកគាំទ្រនៅឃុំសង្កាត់ណាចង់ហែក្បួនក៏បាន ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះចំនួន ៨៦៦ ឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជា។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អ្នកគាំទ្របានធ្វើពិធីហែក្បួននៅតាមបណ្តាឃុំនៅក្នុងខេត្តនានា ដែលគណបក្សនេះ បានដាក់បេក្ខជនឈរឈ្មោះ។ គណបក្សសម្ព័ន្ធដែលដឹកនាំដោយលោក ខឹម វាសនា បានដាក់បេក្ខជនឈរឈ្មោះចំនួន ៨២៧ ឃុំ-សង្កាត់ ក្នុងចំណោមឃុំសង្កាត់ទូទាំងប្រទេស ចំនួន ១៦៤៦ ។
គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈ្មោះចំនួន ៧១៨ ឃុំ-សង្កាត់ នៅទូទាំងប្រទេសកម្ពុជា ហើយគណបក្សនេះ ដឹកនាំដោយលោក ញឹក ប៊ុនឆៃ។ គណបក្សនេះ បានជួបជុំអ្នកគាំទ្រ ដើម្បីធ្វើយុទ្ធនាការឃោសនា នៅសង្កាត់ជ្រោយចង្វារ ក្រោមអធិបតីភាព ដឹកនាំដោយលោក ញឹក ប៊ុនឆៃ។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យវិញ បានដឹកនាំអ្នកគាំទ្រខ្លួនឃោសនារកសំឡេងឆ្នោតនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃដំបូងនេះផងដែរ។ លោក សូណង់ដូ ឃោសនា នៅក្នុងស្រុកបាធាយ និងស្រុកជើងព្រៃខេត្តកំពង់ចាម។ លោក ម៉ម សូណង់ដូ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ ពីទីកន្លែងលោកឃោសនាមកថា មូលហេតុដែលោកសម្រេចទៅឃោសនានៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ព្រោះធ្វើតាមសំណូមពរពលរដ្ឋនៅក្នុងតំបន់នេះ។ គណបក្សរបស់លោក ម៉ម សូណង់ដូ បានដាក់បេក្ខជនឈរឈ្មោះចំនួន ២៥០ ឃុំសង្កាត់។
គណបក្សសញ្ជាតិខ្មែរ ដឹកនាំដោយលោក សេង សុខេង ដាក់បេក្ខជនឈរឈ្មោះចំនួន ៧១ ឃុំសង្កាត់។ លោក កែវ ណារ៉េន ប្រធានប្រតិបត្តិគណបក្សសញ្ជាតិខ្មែររាជធានីភ្នំពេញ ឲ្យដឹងថា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនា អ្នកគាំទ្រគណបក្សសញ្ជាតិខ្មែរដើរឃោសនាខ្លះដែរនៅតាមឃុំ ក្នុងខេត្តមួយចំនួន។ លោក មិនទាន់អាចបញ្ជាក់ថា គណបក្សនេះ នឹងរៀបចំយុទ្ធនាការឃោសនាទ្រង់ទ្រាយធំនៅពេលណានោះឡើយ។
នៅថ្ងៃឃោសនាដំបូងនេះដែរ គណបក្សប្រជាធិតបតេយ្យមូលដ្ឋាន បានហែក្បួនឃោសនាធំ នៅឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ ឃុំគោខ្ចក ខេត្តព្រៃវែង និងឃុំយ៉ាទុង ខេត្តរតនគិរី។ លោក បណ្ឌិត យ៉ង សាំងកុមារ ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដឹកនាំការឃោសនា នៅក្នុងឃុំស្វាយរំពារ។ ចំណែកលោក ប្រធានគណបក្ស យ៉េង វីរៈ ដឹកនាំការឃោសនានៅឃុំគោខ្ចក ខេត្តព្រៃវែង។ គណបក្សនេះ ដាក់បេក្ខជនឈ្មោះចំនួន ២៨ ឃុំ។
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ មិនមានសកម្មភាពហែក្បួនអ្វីនោះទេ។ បក្សនេះ ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ចំនួន ២១ ឃុំ ដែលមានលោកស្រី សុខរតន៍ សុវណ្ណបញ្ចសិលា ជាប្រធានបក្ស។ លោក រ៉ន គឹមស្រេង ប្រធានចលនាយុវជនគណបក្ស បានថ្លែងថា គណបក្សលោកនឹងធ្វើសកម្មភាពហែក្បួនទ្រង់ទ្រាយធំនៅថ្ងៃទី ២៨ ខែ ឧសភា ខាងមុខ តែនៅថ្ងៃឃោសននាដំបូងនេះ លោកថា គណបក្សសាធារណរដ្ឋគ្រាន់តែឲ្យបេក្ខជន ដើរចែកខិតបណ្ណបក្សជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់ថ្មីៗថា នៅថ្ងៃទី ២០ ខែឧសភា គណបក្សលោកមិនបានធ្វើពិធីជួបជុំឬឃោសនាធំនោះឡើយ តែលោកថា នៅថ្ងៃទី ២១ ខែឧសភា អ្នកគាំទ្រគណបក្សលោកនឹងជួបជុំគ្នាធំនៅស្នាក់ការកណ្តាលបក្សនៅក្នុងខេត្តត្បូងឃ្មុំ។ គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះចំនួន ១៩ ឃុំសង្កាត់។
ងាកមកគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា វិញ គណបក្សដែលដាក់បេក្ខជនឈរឈ្មោះតែ ១៧ ឃុំ មួយនេះ មិនបានរៀបចំពិធីហែក្បួនអ្វីនោះទេ នៅថ្ងៃឃោសនាដំបូងនេះ។ លោក សួន សេរីរដ្ឋា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទពីខេត្តបាត់ដំបងមកថា ថ្ងៃដំបូងនេះ បេក្ខជនគណបក្សលោកគ្រាន់តេដើរតាមផ្ទះ បង្ហាញមុខ បង្ហាញកម្មវិធីនយោបាយមូលដ្ឋាន ។ ចំណេករូបលោកវិញ នៅថ្ងៃដំបូងនេះ បានទៅចូលរួមឃោសនានៅក្នុងឃុំ ខ្នាចរមាស និងឃុំកំពង់ព្រៀង ក្នុងខេត្តបាត់ដំបង។
ចុងក្រោយគណបក្សជនជាតិដើម ប្រជាធិបតេយ្យកម្ពុជា គ្មានសកម្មភាពអ្វីឡើយនៅថ្ងៃនេះ។ លោក ប្លាង ស៊ីន ប្រធានគណបក្ស បានថ្លែងប្រាប់សារព័ត៌មានថ្មីៗពីខេត្តមណ្ឌលគិរីមកថា គណបក្សលោកមិនទាន់មានផែនការជួបជុំ ឬហែក្បួនឃោសនាអ្វីនោះឡើយនៅថ្ងៃដំបងនេះ។ លោកថា នៅថ្ងៃបន្តបន្ទាប់ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត បក្សលោកអាចនឹងជួបជុំគ្នាធំនៅក្នុងឃុំណាមួយក្នុងខេត្តមណ្ឌលគិរី។ បក្សនេះ ដាក់បេក្ខជនឈរឈ្មោះចំនួន ១៧ ឃុំ នៅក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ៕
Tag:
បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com