ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គ្រោះ​ជាតិ ហែ​ក្បួន​ឃោសនា​ធំ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គ្មាន​ហិង្សា និង​ការប៉ះទង្គិច​អ្វី​ឡើយ
20, May 2017 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃ​សៅរ៍​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចំណាយ​ពេលវេលា​ពេញ​មួយថ្ងៃ​តែម្តង ដើម្បី​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ​។ ក្បួន​ឃោសនា របស់​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ទៅដោយ​រលូន​។ ចាប់តាំងពីការចាប់ផ្តើម ​រហូតមកដល់ចប់ គេ មិន​ឃើញ​មាន​ការកើត​អំពើហិង្សា ឬក៏​ការ​ប៉ះ​គ​ង្គិ​ច​គ្នា​រវាង​ក្បួន​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច នោះទេ​។


 
​នៅ​ថ្ងៃទី​២0 ខែឧសភា ឆ្នាំ​២0១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ដង្ហែ​ក្បួន​ឃោសនា ពី​កម្មវិធី​នយោបាយ និង​គោលនយោបាយ តាម​ការគ្រោងទុក​។ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត បាន​ស្ថិតនៅក្នុង​ពិធី​ដង្ហែ​ក្បួន​ឃោសនា ជាមួយ​សកម្មជន​និង​អ្នកគាំទ្រ​។​



​តាម​ការប៉ាន់ស្មាន សកម្មជន​និង​អ្នកគាំទ្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ដង្ហែ​ក្បួន​ឃោស​នានា​ព្រឹក​នេះ មិនតិចជាង​១​ម៉ឺន​នាក់ ឡើយ​។ ភាគច្រើន​នៃ​អ្នកគាំទ្រ​និង​សកម្មជន​ទាំងនោះ បាននាំគ្នា​ពាក់អាវ និង​មួក ដែលមាន​រូប​សញ្ញា​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លើសពីនេះ អ្នកគាំទ្រ​និង​សកម្មជន​ខ្លះទៀត ថែមទាំង​យក​រូប​សញ្ញា​ព្រះអាទិត្យ ដែល​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​ជាប់​នឹង​ថ្ពាល់​និង​ចិញ្ចើម​របស់​ពួកគេ ទៀត ផង​។



​អ្នកគាំទ្រ សកម្មជន និង​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបជុំគ្នា នៅ​ម៉ោង​ប្រមាណ​ជា​៦​ព្រឹក នៅតាម​ផ្លូវ​៦0​ម៉ែត្រ ដែល​ស្ថិតនៅក្នុង​សង្កាត់​ចាក់អង្រែលើ​។ មុននឹង​ក្បួន​ឃោសនា ចាប់ផ្តើម​ចេញដំណើរ ឯកឧត្តម កឹម សុខា បាន​ឡើង​និយាយ​តាម​ឧ​គ្ឃោ​សន​សព្ទ ទៅកាន់​អ្នកគាំទ្រ​និង​សកម្មជន​របស់ខ្លួន​។

​ឯកឧត្តម កឹម សុខា បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​និង​សកម្មជន​ទាំងអស់ ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ ក្នុងការ​ដង្ហែ​ក្បួន​ឃោសនា ដោយ​មិនត្រូវ​បង្ក​អំពើហិង្សា​និង​ជេរប្រមាថ​ទៅកាន់​អ្នកដទៃ ជាដាច់ខាត​។ បន្ទាប់មក ឯកឧត្តម កឹម សុខា បាន​បកស្រាយ​យ៉ាង​លម្អិត​ពី​គោលនយោបាយ​អាទិភាព​ទាំ​៥​ចំណុច ដែល​គណបក្ស​សង្គ្រោះ​ជាតិ បង្កើតឡើង ដើម្បី​យកទៅ​ឃោសនាការ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ​។



​ថ្វី​ដ្បិត​ឯកឧត្តម កឹម សុខា មិនបាន​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ពិតមែន តែ​ឯកឧត្តម កឹម សុខា បាន​ទិតៀន ជាច្រើន​ចំពោះ​ប្រព័ន្ធ​រដ្ឋបាល​នៅ​ថ្នាក់ឃុំ​-​សង្កត់ នាពេល​បច្ចុប្បន្ន​។ ឯកឧត្តម កឹម សុខា ហ៊ាន​សន្យាថា វិស័យ​នានា ដូចជា​ការអប់រំ ប្រព័ន្ធ​សុខាភិបាល និង​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន នឹងមាន​ការរីកចម្រើន ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​។ 

​ឯកឧត្តម កឹម សុខា និយាយ​ដូច្នេះ​៖«​គណបក្ស​សង្គ្រោះ​ជាតិ សន្យាថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ឃុំ​-​សង្កាត់ តាម​ឆន្ទៈ​ប្រជាពលរដ្ឋ ដែល​បោះឆ្នោត​ឲ្យ​នោះ  មេឃុំ​-​ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្តល់​សេវាសាធារណៈ ដល់​ប្រជាពលរដ្ឋ ឲ្យ​មាន​ប្រសិទ្ធភាព ឲ្យ​ទាន់ពេលវេលា ឲ្យ​ស្អាតស្អំ និង​មិន​រើស​អើ​ស​ជាដាច់ខាត​។ បើ​មេឃុំ​-​ចៅសង្កាត់​ណា ដែល​ជាប់ឆ្នោត​ហើយ តែ​មិន​ធ្វើតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ មិន​បម្រើ​ប្រជាពលរដ្ឋ យើង នឹង​ដកចេញ ហើយ​ដាក់​អ្នកថ្មី​ជំនួស​វិញ​»​។



​ការបរិយាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា អំពី​គោលនយោបាយ គឺ​អម​ជាមួយនឹង​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ រួមទាំង​មន្ត្រីរាជការ និង​កងកម្លាំង​សមត្ថកិច្ច បោះឆ្នោត ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ និង​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​។​

​មុននឹង​ឡើង​រថយន្ត លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងធ្វើដំណើរ​ដោយ​ថ្មើរជើង ជាមួយ​អ្នកគាំទ្រ​និង​សកម្មជន​ក្នុង​ពិធី​ដង្ហែ​ក្បួន​ឃោសនា បាន​ឆ្លៀត​ផ្តល់​បទ​សម្ភាស​ខ្លី​មួយ ដល់​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជុំវិញ​ទិដ្ឋភាព​នៃ​ការ​ដង្ហែ​ក្បួន​ឃោសនា​។  លោក មើលឃើញថា អ្នកគាំទ្រ​និង​សកម្មជន ដែល​បាន​ចូលរួម​ឃោសនា​ក្នុង​អាណត្តិ​នេះ គឺមាន​ចំនួន​ច្រើនជាង​អាណត្តិ​មុនៗ​។​



​តាមរយៈ​ទិដ្ឋភាព​នៃ​អ្នកគាំទ្រ​និង​សកម្មជន​ដ៏​ច្រើន ដែល​ចូលរួម​ឃោសនា​នៅថ្ងៃនេះ លោក យឹម សុវណ្ណ ហ៊ាន​សន្និដ្ឋានថា គណបក្ស​ង្គ្រោះ​ជាតិ ប្រាកដជា​ឈ្នះ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។ លោក និយាយ​បែបនេះ​៖«​ខ្ញុំ​ឃើញ អ្នកចូលរួម​ច្រើន​កុះករ មានន័យថា​គណបក្ស​ស​ង្គ្រោះ​ជាតិ មាន​អ្នកគាំទ្រ​ច្រើន ហើយ​យើង​សង្ឃឹមថា នឹង​ឈ្នះឆ្នោត​។ អ្នកគាំទ្រ​ចូលរួម​ច្រើន ហើយ​គគ្រឹកគគ្រេង ជាង​អាណត្តិ​មុនៗ ឆ្ងាយ​ណាស់​»​។​

​រហូតមកដល់​ពេលនេះ គេ មិនទាន់​ឃើញ ក្បួន​ដង្ហែ​គណបក្ស​ស​ង្គោះ​ជាតិ ប៉ះទង្គិច​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច ឬក៏​មាន​អំពើហិង្សា​ណាមួយ កើតឡើង​នោះទេ បើទោះបី​ជាមាន​ភាព​គគ្រឹក​គគ្រេង និង​ក្តុងក្តាំង ដោយសារតែ​ការចាក់​មេក្រូ និង​ការស្រែក​ហ៊ោ ក្នុងអំឡុង​នៃ​ការឃោសនា នៅតាម​ដងផ្លូវ ក៏ពិតមែន​។ មែនទែនទៅ សូម្បីតែ​ពាក្យសម្តី​អសុរោះ ឬ​ការ​ឌឺ​ឌ​ង​ដាក់គ្នា ក៏​មិនបាន​កើតឡើង​រវាង​អ្នកចូលរួម​ដង្ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​កម្លាំង​សមត្ថកិច្ច ដែរ​។ ទាំងនេះ គឺជា​ការលើកឡើង​រប​ស់​អ្នក​គាំ​និង​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​បាន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​។

​អ្នកគាំទ្រ​និង​សកម្មជន​ទាំងនោះ បាន​ប្រាប់​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ​ថា ពួកគេ សង្កេតឃើញ កម្លាំង​សមត្ថកិច្ច ខិតខំ​ជួយ​សម្រួល​ចរាចរ ដើម្បី​ឲ្យ​ក្បួន​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើដំណើរ​ដោយ​រលូន​។ បុរស​ម្នាក់ ដែលជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​ដូច្នេះ​ថា​៖«​គ្មានទេ​! តាំងពី​ខ្ញុំ​ហែ​មក រហូតមកដល់​ពេលនេះ ដូច​អត់​មាន​ប្រទាំង​ប្រទើស​អ្វី​ជាមួយ​សមត្ថកិច្ច​ផង​។ ពួកគាត់ ជួយ​សម្រួល​ចរាចរ ឲ្យ​យើង​ហែ​បាន​ស្រួល​។ សូម​សរសើរ​និង​អរគុណ​បងៗ​សមត្ថកិច្ច​»​។

«​ជ័យ​យោ គណបក្ស​សង្គ្រោះ​ជាតិ​! ឈ្នះ មិន​ឈ្នះ​! ឈ្នះ​! ដូរ​មិន​ដូរ​! ដូរ​!»​។ ទាំងនេះ​គឺជា​សំឡេង​ស្រែក​របស់​អ្នកគាំទ្រ​និង​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ ពួកគេ នាំគ្នា​ស្រែ​បែបនេះ​ដដែល នៅក្នុង​ពិធី​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​។



​នៅ​ម៉ោង​ប្រមាណ​ជា​១២​ថ្ងៃត្រង់ ក្បួន​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ដល់​ម្តុំ កាំ​កូ ស៊ីត​ធី (Camko City) ។ ពួកគេ បាន​ឈប់សម្រាក​នៅ​ទីនោះ​មួយស្របក់ ដើម្បី​ហូប​អាហារ​។ បន្ទាប់មក ពួ​គេ ក៏​បន្តដំណើរ​ទៅមុន​ទៀត តាមផ្លូវ​នានា ដែល​បាន​គ្រោងទុក​។

​តាម​ការគ្រោងទុក ក្បួន​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវ​ទៅ​ជួបជុំគ្នា​នឹង​នៅ​ម្តុំ​វត្ត​ជម្ពូ​វន្ត នៅពេល​ល្ងាច​។ ក្បួន​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​រំសាយ​នៅ​ទីនោះ​តែម្តង​។

​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់ផ្តើម​ដង្ហែ​ក្បួន​ឃោសនា​ម្តងទៀត នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២0១៧​។ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា រហូតដល់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២0១៧ គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ដង្ហែ​ក្បួន​ឃោសនា នោះទេ​។ មូលហេតុ​នោះ គឺថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានកំណត់​ឲ្យ​គណបក្សនយោបាយ​ទាំងអស់ មាន​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក្នុងការ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​៕



Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com