ជាតិ
អ្នកជំនាញ​កំពុង​ជួសជុល​ចម្លាក់​ផ្កាឈូក​នៅ​រាន​ហាន​លានជល់ដំរី​
21, May 2017 , 7:39 pm        
រូបភាព
​សៀមរាប​៖ ចម្លាក់​ផ្កាឈូក​មួយ​ដ៏​ធំ ដែលមាន​ទីតាំងនៅ​លើរាន​ហាល​លានជល់ដំរី​ផ្នែក​ខាងជើង កំពុង​ត្រូវបាន​ជួសជុល​ដោយ​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​។ តាម​អ្នកជំនាញ ចម្លាក់​នេះ​ត្រូវបាន​សាងសង់ឡើង​នៅ​សម័យ​ក្រោយ​បាយ័ន ហើយ​ដែលមាន​កម្ពស់​១​ម៉ែត្រ​កន្លះ និង​អង្កត់ផ្ចិត​៣​ម៉ែត្រ​កន្លះ ដោយ​ផ្គុំ​ឡើង​ពី​ថ្មភក់​តូចៗ​ចំនួន​៦៩​ដុំ និង​មាន​ជើង​ទម្រ​ជា​ថ្មបាយក្រៀម​។


​លោក ម៉ៅ សុខ​នី មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​ជា​អ្នកមើលការខុសត្រូវ​ក្នុង​ការដ្ឋាន​ជួសជុល​ត្របក​ផ្កាឈូក បាន​ឲ្យ​ដឹងថា ការជួសជុល​ដោយសារ​អ្នកជំនាញ​មើលឃើញ​ពី​ហានិភ័យ​របស់​វា ដែល​នឹង​អាច​ខូចខាត​ខ្លាំង​ប្រសិន​មិនបាន​យកចិត្តទុកដាក់​។ លោក​បន្ថែមថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥ ក្នុង​រដូវវស្សា​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​ទឹក​ហូរ​ច្រោះ​គ្រឹះ និង​ធ្វើ​ឲ្យ​ចម្លាក់​ផ្លា​ឈូ​ល របេះ​ធ្លាក់​ថ្ម​មួយចំនួន​នៅ​ជ្រុង​និរតី​។ នៅពេលនោះ ក្រុមការងារ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ក៏បាន​ទល់​ទ្រ​ជា​បណ្តោះអាសន្ន​។
​ក្រោយ​ការសិក្សា និង​សិក្សា​តម្រង់​ប្លង់​រួចមក នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦ ចម្លាក់​ផ្កាឈូក​ក៏ត្រូវ​បានចាប់ផ្តើម​ជួសជុល ហើយ​គ្រោង​នេះ​អាច​នឹង​បញ្ចប់​នៅក្នុង​ខែសីហា ឆ្នាំ​២០១៧​នេះ​។ លោក សុខ​នី​បន្ថែមថា ចម្លាក់​នេះ​ធ្លាប់បាន​ជួសជុល​ម្តង​រួចមកហើយ ដោយ​សាលា​បារាំង​ចុង​បូព៌ា អំឡុង​ឆ្នាំ​១៩៩៥​។ សម្រាប់​ការជួសជុល​លើក​ទី​២​នេះ គឺធ្វើឡើង​ដោយ​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ផ្ទាល់ ដោយមាន​ការឆ្លង​យោបល់​ពី​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ​ផង​។
​បច្ចុប្បន្ន​ការដ្ឋាន​ជួសជុល​ត្របកផ្កា​ឈូក​បាន​ចំនួន​៧០%​ហើយ​។  ដោយ​អ្នកជំនាញ​បាន​រៀប​គ្រឹះ និង​ស្រទាប់​ត្របកឈូក​ទី​១ ហើយ​បន្ត​រៀប​ត្របក​ទី​២ និង​កំពូល​។ ក្នុងការ​ជួសជុល​នេះ លោក សុខ​នី បញ្ជាក់ថា មានការ​កាត់​ថ្ម​ថ្មី​ខ្លះ​ដើម្បី​ជំនួស​កន្លែង​ខ្លះ​ដែល​បាត់​ថ្ម​ចាស់​ផងដែរ​៕















Tag:
 ផ្កាឈូក​
  លានជល់ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com