សៀមរាប៖ ភ្ញៀវទេសចរនឹងប្លែកអារម្មណ៍ ពេលដែលពួកគេធ្វើដំណើរដោយការជិះកង់ ទស្សនារមណីយដ្ឋានអង្គរ មានដើមឈើស្កឹមស្កៃ វាលស្រែ ចម្ការឈូក ទេសភាពជនបទ-ល- នៅក្នុងខេត្តសៀមរាប។ ខុសពីកញ្ចប់ទេសចរណ៍ ដែលរៀបចំដោយការជិះរថយន្ត នៅពេលនេះសេវាកញ្ចប់ទេសចរណ៍ដោយការជិះកង់កំពុងទាក់ទាញខ្លាំងដល់ភ្លៀវទេសចរ ព្រោះថាសេវានេះ អាចឲ្យពួកគេមានលទ្ធភាពទូលំទូលាយគយគន់ទិដ្ឋភាព និងទីកន្លែងដែលពួកគេបានទៅដល់ ក៏ដូចជាស្វែងយកពីការរស់នៅរបស់អ្នកស្រុកផង។
ការកម្សាន្តដោយការជិះកង់ កំពុងពេញនិយមក្នុងខេត្តសៀមរាប។ គេសង្កេតឃើញមានក្រុមហ៊ុនទេសចរណ៍ជាច្រើន កំពុងដំណើរការនៃកញ្ចប់ទេសចរណ៍ ដោយការនាំភ្ញៀវជិះកង់នេះ។ ទេសចរណ៍ប្រភេទនេះចំណេញទាំងថវិកា ទាំងសុខភាព ពិសេសមិនប៉ះពាល់ដល់បរិស្ថាន។
ក្រុមហ៊ុនខេមបូឌាសាយឃ្លីង គឺជាក្រុមហ៊ុនទេសចរណ៍មួយ ដែលមានរៀបចំកញ្ចប់ទេសចរណ៍ដោយការជិះកង់។ ម្ចាស់ក្រុមហ៊ុនបាននិយាយថា បច្ចុប្បន្នភ្ញៀវទេសចរចាប់ អារម្មណ៍ច្រើនទៅនឹងទេសចរណ៍បែបបញ្ចេញសកម្មភាព ដូចជាការជិះកង់នេះ។
លោក ហ៊ុន សុជាតិ បានឲ្យដឹងថា ទេសចរណ៍ប្រភេទនេះចំណេញទាំងសុខភាព បានឃើញទេសភាពគ្រប់ជ្រុងជ្រោយទាំងអស់ ដែលអាចឲ្យភ្ញៀវមើលឃើញទូលំទូលាយ ការទស្សនាប្រាង្គប្រាសាទ ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ ហើយពួកគេអាច ឈប់ថតនៅតាមផ្លូវ កន្លែងដែលពួកគេបានទៅដល់ ដូចជាការបង់សំណាញ់ជាដើម។ល។
តាមលោក សុជាតិ កញ្ចប់សេវាទេសចរណ៍ដោយការជិះកង់កម្សាន្តនេះនៅខេត្តសៀមរាប គឺមានយូរមកហើយ ហើយក្រុមហ៊ុនរបស់លោក ទើបនឹងរៀបចំនៅក្នុងឆ្នាំ២០០៧។ លោកថា ដោយសារមានតម្រូវការ និងទីផ្សារនៃកញ្ចប់ទេសចរណ៍នេះល្អប្រសើរ ដែលជាឳកាសសម្រាប់ក្រុមហ៊ុនរបស់លោក។ ភ្ញៀវទេសចរយល់ដឹងច្រើនពីសេវាកម្មមួយនេះ ព្រោះពួកគេគិតពីសុខភាព និងបរិស្ថានជាសំខាន់។
លោក សុជាតិ បញ្ជាក់ថា៖« សេវាប្រភេទនេះ គឺមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ អាចចាត់ទុកថា ៥០%នៃទេសចរ ដែលកម្សាន្តដោយការជិះកង់។ ពួកគេមានទាំងក្មេងទាំងចាស់ ខ្លះអាយុជាង៧០ក៏នៅតែជិះដែរ»។ លោកបន្ថែមទៀតថា ការរៀបចំកញ្ចប់ទេសចរណ៍ដោយការជិះកង់នេះ គឺដូចទៅនឹងកញ្ចប់ធម្មតាដែរ ជាទូទៅមានរយៈពេល៣ថ្ងៃ។ ថ្ងៃទីមួយទៅតាមប្រាសាទ ថ្ងៃទីពីរអាចទៅកំពង់ភ្លក់ ហើយថ្ងៃទី៣ អាចទៅបេងមាលា ឬក្បាលស្ពានជាដើម។
ទេសចរដែលចាប់អារម្មណ៍នឹងការកម្សាន្តដោយការជិះកង់ ច្រើនជាងគេគឺទេសចរអ៊ឺរ៉ុប មានដូចជាអង់គ្លេស និងអាឡឺម៉ង់ តែលោក សុជាតិ បញ្ជាក់ថាជនជាតិអង់គ្លេស គឺមានចំនួនលើសលុប ពេលមកកម្សាន្តនៅសៀមរាប។ ក្រៅពីអ៊ឺរ៉ុប ក្នុងនោះក៏មានទេសចរអាស៊ីផងដែរ មានសិង្ហបុរី និងហុងកុងជាដើម។
លោក ប៊ុត សោន ដែលជាមគ្គុទ្ទេសក៍នៅក្រុមហ៊ុនខេមបូឌាសាយឃ្លីង បានឲ្យដឹងថា ការនាំភ្ញៀវដោយការជិះកង់ពិតជាហត់បន្តិចមែន។ លោកថា ព្រោះត្រូវប្រើកម្លាំងច្រើន ទាំងការជិះកង់ និងនិយាយរៀបរាប់ប្រាប់ភ្ញៀវ។ តែយ៉ាងណាលោកថា ពិតជាស្រឡាញ់និងចូលចិត្តការ កម្សាន្តបែបជិះកង់នេះណាស់ ដោយសារវាធ្វើឲ្យលោកប្លែកអារម្មណ៍ ក៏ដូចជាបានហាត់ ប្រាណផង។
លោក ប៊ុត សោន គឺជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេសអស់រយៈពេលជាង១០ឆ្នាំមក ហើយ និងបានចូលធ្វើការនៅក្រុមហ៊ុនខេមបូឌាសាឃ្លីង តាំងពីឆ្នាំ២០០៧មក។ លោកបន្ថែម ថាមិនខុសពីការរៀបចំកញ្ចប់ទេសចរណ៍ផ្សេងទៀត គឺការនាំភ្ញៀវកម្សាន្តដោយការជិះកង់ មានជាក្រុមៗ ឬចាប់ពីម្នាក់ដល់១០នាក់។ «ខ្ញុំជាមគ្គុទ្ទេសក៍គឺត្រូវជិះខាងមុខនាំផ្លូវ ហើយយើងមានជំនួយការម្នាក់សម្រាប់ជិះតាមក្រោយ ដើម្បីក្រែងមានកង់ខូច ឬបញ្ហាផ្សេង ទៀត។ ក្នុងមួយថ្ងៃ យើងជិះតាមផ្លូវជិតផ្លូវឆ្ងាយ បើឆ្ងាយទៅបេងមាលា គឺចំងាយ ៦៥ គីឡូម៉ែត្រ រយៈពេល៣ម៉ែត្រ ឬ២ម៉ោងកន្លះដែរ»។ នេះជាការបញ្ជាក់របស់លោក ប៊ុត សោន៕