ជាតិ
 Habitat YLB នឹង​បន្ត​សាងសង់​លំនៅដ្ឋាន​ដល់​ពលរដ្ឋ​កម្ពុជា ដើម្បី​កាត់បន្ថយ​កង្វះខាត​លំនៅ​ដ្ឋា​ន​
21, May 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យុទ្ធនាការ​អ្នកដឹកនាំ​សាងសង់​លំនៅដ្ឋាន​វ័យក្មេង បាន​ដឹកនាំ​យុវជន​ចំនួន ១៣០០​នាក់ មកពី​គ្រឹះស្ថាន​អប់រំ បុគ្គលិក​ក្រុមហ៊ុន​មួយចំនួន ចុះ​សាងសង់​លំនៅដ្ឋាន​ក្នុង​សហគមន៍​ទួលសំបូរ​កាលពី​ថ្ងៃទី​២០ ឧសភា​។ ក្នុង​យុទ្ធនាការ​នេះ យុវជន​ទាំងអស់ បានរួម​គ្នា​សាងសង់​បង្គន់​អនាម័យ​ដល់​ប្រជាពលរដ្ឋ​ចំនួន ១០​បង្គន់ និង​សម្អាត​បរិស្ថាន រួមទាំង​លាប​របង​សាលា ជញ្ជាំង​សាលា ជួសជុល​ផ្លូវថ្នល់​ជាដើម​។  យុទ្ធនាការ​អ្នកដឹកនាំ​សាងសង់​លំនៅដ្ឋាន​វ័យក្មេង នឹង​បន្ត​សាងសង់​លំនៅដ្ឋាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​លំនៅដ្ឋាន​មិន​សមរម្យ ដើម្បី​កាត់បន្ថយ​កង្វះខាត​លំនៅ​ដ្ឋា​ន​។​



​ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៥ សម្រាប់​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា ដែល​រៀបចំ​យុទ្ធនាការ​អ្នកដឹកនាំ​សាងសង់​លំនៅដ្ឋាន​វ័យក្មេង​។  យុទ្ធនាការ​អ្នកដឹកនាំ​សាងសង់​លំនៅដ្ឋាន​វ័យក្មេង​ឆ្នាំនេះ បាន​ចុះទៅ​សហគមន៍​ទួលសំបូរ ស្ថិតនៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ដើម្បី​ជួសជុល​លំនៅដ្ឋាន ជួសជុល​ផ្លូវថ្នល់ សម្អាត​សហគមន៍ និង​លាប​ជញ្ជាំង និង​របង​សាលារៀន​ផ្សេងៗ​។ យុទ្ធនាការ​នេះ បាន​កៀរគរ​អ្នក​ស្ម័គ្រ​ចំនួន ១៣០០​នាក់ ជា​សិស្ស​និស្សិត និង​បុគ្គលិក​នៅតាម​ស្ថាប័ន​ផ្សេងៗ ក្នុងការ​សាងសង់​សហគមន៍​ខាងលើ កាលពី​ថ្ងៃទី​២០ ឧសភា​។



​កញ្ញា ងិន លីដា អ្នកជំនាញ​អភិវឌ្ឍន៍​ធនធាន ទំនាក់ទំនង និង​តស៊ូ​មតិ នៃ​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា​៖ «​យុទ្ធនាការ​អ្នកដឹកនាំ​សាងសង់​លំនៅដ្ឋាន​វ័យក្មេង នឹង​បន្ត​សាងសង់​លំនៅដ្ឋាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​លំនៅដ្ឋាន​មិន​សមរម្យ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​កង្វះខាត​លំនៅ​ដ្ឋា​ន »​។ កញ្ញា លីដា បន្ថែមថា ដើម្បី​បន្ត​យុទ្ធនាការ​នេះ អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួង​ដែនដី​នគរូបនីយកម្ម  ដើម្បី​ពង្រឹង​គោលនយោបាយ​លំនៅដ្ឋាន​មនុស្សជាតិ​ផងដែរ​។​

​អ្នកជំនាញ​អភិវឌ្ឍន៍​ធនធាន ទំនាក់ទំនង និង​តស៊ូ​មតិ​រូបនេះ បញ្ជាក់ថា  យុទ្ធនាការ​អ្នកដឹកនាំ​សាងសង់​លំនៅដ្ឋាន​វ័យក្មេង គឺ​ចង់បាន​ការបរិច្ចាគ​ពេលវេលា កម្លាំងកាយ និង​កម្លាំងចិត្ត​របស់​យុវជន ដោយ​ឲ្យ​ពួកគាត់​យល់​ពី​បញ្ហា​លំនៅដ្ឋាន​។ ជាពិសេស ដើម្បី​លើកកម្ពស់​តម្រូវការ​លំ​នៅ​ដ្ឋា​ន​នៅ​កម្ពុជា​។ កញ្ញា ងិន លីដា បន្តថា សកម្មភាព​បែបនេះ នឹងមាន​ជា​រៀងរាល់ឆ្នាំ​រហូតដល់​ឆ្នាំ​២០២០-២០៣០ ដើម្បី​កាត់បន្ថយ​កង្វះ​ខាត់​លំនៅដ្ឋាន​។​

​គួរ​បញ្ជាក់ថា យុទ្ធនាការ​អ្នកដឹកនាំ​សាងសង់​លំនៅដ្ឋាន​វ័យក្មេង​ឆ្នាំ​២០១៧​នេះ ជា​ឆ្នាំ​ទី​៥ ដែលមាន​អ្នកស្ម័គ្រចិត្ត​ជា​សិស្ស​និស្សិត និង​បុគ្គលិក​ក្រុមហ៊ុន​ចូលរួម​ចំនួន ១៣០០​នាក់​។ ដោយឡែក​កាលពី​ឆ្នាំ​២០១៦ យុទ្ធនាការ​អ្នកដឹកនាំ​សាងសង់​លំនៅដ្ឋាន​វ័យក្មេង មាន​អ្នក​ស្ម័គ្រ​ជាង ៥០០​នាក់  បាន​ជួស​ជុស​លំនៅដ្ឋាន ចំនួន ១៦​ខ្នង និង​ជួស​ជុស​ផ្លូវ​សហគមន៍​មួយ​ខ្សែ ក្នុង​សហគមន៍​ត្រពាំង​អញ្ចាញ រាជធានី​ភ្នំពេញ​៕

Tag:
 យុទ្ធនាការ​អ្នកដឹកនាំ​សាងសង់​លំនៅដ្ឋាន​វ័យក្មេង​
  Habitat YLB
© រក្សាសិទ្ធិដោយ thmeythmey.com