ជាតិ
សម្តេច ហ៊ុន សែន ធ្វើសន្និសីទកាសែតពេលទទួលសពកងទ័ពមួកខៀវកម្ពុជាទាំង៤ នៅយប់នេះ
× សម្តេច ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត ពេលទទួលសពកងទ័ពមួកខៀវកម្ពុជា ដែលត្រូវបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃអាទិត្យ ទី២១ ខែឧសភានេះ។ ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយ លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោក ខៀវ កាញារិទ្ធិ បានសរសរនៅគណនីហ្វេសប៊ុករបស់លោក ដូច្នេះថា៖«នៅវេលាល្ងាចនេះ(២១ ឧសភា ២០១៧) ពេលទទួលសពកងទាហានមួកខៀវ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងមានធ្វើសន្និសីទកាសែតនៅពោធិ៍ចិនតុងតែម្តង»។
ទូរទស្សន៍បាយ័ននឹងផ្សាយផ្ទាល់ពីព្រឹត្តការណ៍នេះខណៈទូរទស្សន៍ជាតិកម្ពុជា(ទទក) នឹងផ្អាកការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីផ្សាយបន្ត។
សម្តេច ហ៊ុន សែន នឹងទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនាច្រកទ្វារ VIP នៅម៉ោង៧និង៤៥នាទីយប់ថ្ងៃទី២១ខែឧសភា ដើម្បីរង់ចាំទទួលសពកងទ័ពមួកខៀវកម្ពុជាទាំង៤រូប។ ផ្អែកតាមតារាងកម្មវិធី សម្តេចនាយករដ្ឋមន្ត្រី នឹងជួបសំណេះសំណាលជាមួយគ្រួសារសពទាំង៤ ផងដែរ មុននឹងសម្តេចដឹកនាំគណប្រតិភូ គោរពវិញ្ញាណក្ខន្ធសព។
សូមបញ្ជាក់ថា ពួកឧទ្ទាម Anti-Balaka បានពួនស្ទាក់វាយប្រហារទៅលើក្បួនកងកម្លាំងរក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី៨ខែឧសភា។ កងរក្សាសន្តិភាពកម្ពុជា៤នាក់បានស្លាប់ និងម្នាក់របួសនៅក្នុងការវាយប្រហារនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com