ជាតិ
លោក សែម សុវណ្ណនី នឹង​ដឹកនាំ​មន្ត្រី​ជំនាញ​ទៅ​ជួបពិភាក្សា​ជាមួយ​UN ដើម្បី​ពង្រឹង​សុវត្ថិភាព​កងទ័ព​មួក​ខៀវ​កម្ពុជា​
22, May 2017 , 10:32 am        
រូបភាព
​ភ្នំពេញ​៖ អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព លោក សែម សុវណ្ណនី នឹង​ដឹកនាំ​ក្រុមមន្ត្រី​ជំនាញ ទៅ​ជួបពិភាក្សា​ជាមួយ​តំណាង​អង្គការសហប្រជាជាតិ នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល ដើម្បី​រក​ដំណោះស្រាយ​និង​ចាត់វិធានការ​ការពារ​កងទ័ព​មួក​ខៀវ​កម្ពុជា​។​



​ថ្លែង​ក្នុង​ពិធី​ទទួល​សព​កងទ័ព​កម្ពុ​ជា​៤​រូប កាលពី​ថ្ងៃទី​២១ ឧសភា លោក សែម សុវណ្ណនី បាន​ឲ្យ​ដឹងថា ក្រៅពី​ជួប​ជាមួយ​តំណាង​UN និង​ភាគី​អាហ្វ្រិក​កណ្ដាល​នេះ លោក​ក៏​នឹង​ជួប​ជាមួយ​ថ្នាក់ដឹកនាំបណ្ដា​ប្រទេស​ទាំងអស់ ដែលមាន​កងទ័ព​មួក​ខៀវ​កម្ពុជា​ឈរជើង ដើម្បី​ពង្រឹង​សុវត្ថិភាព​ដល់​ពួកគេ​ផងដែរ​។ គម្រោង​នៃ​ការរក​ដំណោះស្រាយ​ជាមួយ​អង្គការ​សហ​ប្រជា​តិ នៅក្រោយពេល​ដំណើរការ​រៀបចំ​ពិធីបុណ្យ​សព​កង​រក្សា​សន្តិភាព​កម្ពុជា​ទាំង​៤​រូបនេះ​រួចរាល់​។ នេះ​បើតាម​លោក សែម សុវណ្ណនី ។​



​សូម​ស្ដាប់​សំឡេង​៖




​គ្រួសារ​សព​កងទ័ព​មួក​ខៀវ​កម្ពុជា នឹង​ទទួលបាន​ថវិកា​ឧបត្ថម​ពី​អង្គការសហប្រជាជាតិ ចំនួន​៧​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ សម្រាប់​បេសកកម្ម ដែល​បាន​ពលី​ជីវិត​នេះ​។ បើតាម​លោក សែម សុវណ្ណនី នៅពេលនេះ​រដ្ឋាភិបាល បានរៀបចំ​ឯកសារ​ច្បាប់ រួមជាមួយ​លិខិត​កោសល្យ​វិ​ច្ច័​យ លិខិត​វាយតម្លៃ ទៅ​ឲ្យ​ខាង​អង្គការសហប្រជាជាតិ​ត្រួតពិនិត្យ​ជាមុនសិន ទើប​ទទួលបាន​សំណង​តាម​ក្រោយ​។ «​សំណង​សង​អ្នក​ខ្លះទៅ​១​ឆ្នាំ បាន​UN​សង​មក​។ ឯ​អ្នកខ្លះ​ក៏​គេ​សង​លឿន ព្រោះ​វា​អាស្រ័យ​លើ​តាម​តំបន់​បេសកកម្ម​មុន​ក្រោយ ហើយ​បេសកកម្ម​នៅ​អាហ្វ្រិក​កណ្ដាល​ត្រូវបាន​បង្កើតឡើង​ក្រោយ​គេ ដូច្នេះ​ការផ្តល់​របាយការណ៍​យឺតយ៉ាវ​បន្តិច មិនដឹងថា​រយៈពេល​ប៉ុន្មាន​ខែ​ទេ​។ ប៉ុន្តែ​សំណង​គឺ​បាន​សព​ម្នា​ក់បាន​៧​ម៉ឺន​ដុល្លារ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សែម សុវណ្ណនី​។​



​គួរ​រំ​ឮ​កថា ក្នុង​ហេតុការណ៍​វាយប្រហារ​លើ​ក្បួន​រថយន្ត​របស់​បេសកកម្ម​អង្គការសហប្រជាជាតិ Minusca នៅឯ​ភូមិ Yogofongo ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ក្រុង Bangassou កាលពី​ថ្ងៃទី​៨ ខែឧសភា​នោះ កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៤​នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស ខណៈ​កងទ័ព​មួក​ខៀវ​មកពី​ម៉ា​រ៉ុ​ក​ចំនួន​៩​នាក់​របួស និង​ស្លាប់​ម្នាក់​៕


Tag:
 សែម សុវណ្ណនី​
  Minusca
© រក្សាសិទ្ធិដោយ thmeythmey.com