កីឡាអន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ​៖ ​២៤ នាក់​របួស​ដោយសារ​កា​រ​បំផ្ទុះ​គ្រាប់បែកនៅមន្ទីរពេទ្យយោធា ចំ​ថ្ងៃ​ខួប​បី​ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា​
22, May 2017 , 3:20 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ដោយ: ថ្មីៗ
​មនុស្ស ២៤ នាក់​បាន​រងរបួស​ដោ​យ​សារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​មន្ទីរពេទ្យ  Phramongkutklao នៅ​ទីក្រុង​បាងកក នា​ថ្ងៃទី ២២ ខែឧសភា​នេះ​។ ការ​បំផ្ទុះ​គ្រាប់​នេះ​កើតឡើង​បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​នៅ​ខេត្ត​ភាគខាងត្បូង​ប្រទេស​ថៃ ហើយ​វា​ក៏​ចំ​ខួប​បី​ឆ្នាំ​នៃ​ការធ្វើ​រដ្ឋប្រហារ​យោធា​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​លោកស្រី​យី​ង ឡាក់ ស៊ីណា​វ៉ា​ត់ ដែរ​។​


​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះឡើង​នៅក្នុង​មន្ទីរពេទ្យ  Phramongkutklao បង្ក​ឲ្យ​មាន​មនុស្ស ២៤​នាក់​រងរបួស​នា​ថ្ងៃទី ២២ ខែ ឧសភា​ ​។ គេ​ដឹងថា Phramongkutklao ជាម​ន្ទីរ​ពេទ្យ​យោធា​ដែល​សម្បូរ​ដោយ​មន្ត្រី​យោធា​ចូលនិវត្តន៍​ចូល​ព្យាបាល​ផងដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធាន​ក្រុមប៉ូលិស​ជំនាញ​គ្រឿងផ្ទុះ​លោក Kamthorn Aucharoen​បាន​ថ្លែងថា​៖ «​វា​ជា​គ្រាប់បែក​។ យើង​បាន​រកឃើញ​បំណែក​សារធាតុ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​បង្កើត​គ្រាប់បែក​ផងដែរ​។ ឥឡូវ​យើង​កំពុង​ត្រួត​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព​សិន​»​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​មួយចំនួន បាន​ផ្សាយ​ថា គ្រឿងផ្ទុះ​ដែល​ត្រូវបាន​គេ​បំផ្ទុះ​ក្នុង​មន្ទីរពេទ្យ​នេះ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​វា​បាន​បង្ក​ឲ្យ​មានការ​ភ័យ​តក់ស្លុត​ខ្លាំង​ដោយសារ​វា​មាន​ផ្សែង​ច្រើន​។ ប៉ុន្តែ​មិនមាន​ការជម្លៀស​អ្នកជំងឺ​ឡើយ ក្រោយ​មានការ​បំផ្ទុះ​គ្រាប់​នេះ​។​
 
​តាមពិតទៅ ការ​បំផ្ទុះ​គ្រាប់​នេះ​កើតឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​មានការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​នៅ​ផ្សារ​ទំនើប​មួយកន្លែង​នៅ​ខេត្ត​ប៉ា​តានី​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ថៃ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៥០ នាក់​រងរបួស​។  មកដល់ពេលនេះ មន្ត្រីប៉ូលិស​ថៃ​កំពុង​បន្ត​ប្រតិបត្តិ​ការតាមប្រមាញ់​ជ​ន​សង្ស័យ​ដែល​បង្កបញ្ហា​នេះ​ផងដែរ​។​
 
​ការ​បំផ្ទុះ​គ្រាប់បែក​កើតឡើង ចំពេល​ខួប​លើក​ទី​បី​នៃ​ការធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃ ២២ ឧសភា​ឆ្នាំ ២០១៤ ។  ក្រោយពី​មាន​រដ្ឋប្រហារ​នេះ​ក្រុម​យោធា​នៅតែ​បន្ត​គ្រប់គ្រង​រដ្ឋាភិបាល និង​រឹតបន្តឹង​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ជាពិសេស​ហាមឃាត់​ការរិះគន់ និង​បន្ត​ធ្វើទុក្ខបុកម្នេញ​អ្នកប្រឆាំង​រដ្ឋាភិបាល​ជាដើម​។ សង្គម​ថៃ​នៅតែ​ប្រេះឆា​ដោយសារ​មនោគមន៍វិជ្ជា​នយោបាយ ហើយ​គេ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​បញ្ជាក់ថា របប​សឹក​នឹង​រៀបចំ​ការបោះឆ្នោត​និង​ផ្ទេរអំណាច​ពេលណា​ឆាប់ៗឡើយ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com