ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បក្ស​សំបុក​ឃ្មុំ មាន​គោលនយោបាយ​បង្កើត​ក្លិប​កីឡា​សម្រាប់​យុវជន​ហាត់ប្រាណ​
22, May 2017 , 3:58 pm        
រូបភាព
ដោយ:
​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ សង្កាត់​ចំនួន ២៥០ ក្នុងចំណោម​ឃុំ សង្កាត់​ទូទាំងប្រទេស​ចំនួន ១៦៤៦ ។ ប្រធាន​គណបក្ស​លោក ម៉ម សូណង់ដូ បាន​ថ្លែងថា គណបក្ស​លោក​មាន​គោលនយោបាយ​សំខាន់​ចំនួន ៥ យ៉ាង ដើម្បី​អ​ភិវឌ្ឍ​ឃុំ សង្កាត់ នៅពេលដែល​បេក្ខជន​គណបក្ស​លោក​ជាប់ឆ្នោត​។ ការបង្កើត​ក្លិប​កីឡា ដើម្បី​ហាត់ប្រាណ ក៏​ស្ថិតនៅក្នុង​គោលនយោបាយ​សំខាន់ៗទាំង ៥ ​របស់​គណបក្ស​សំបុក​ឃ្មុំ​ផងដែរ​។


 
​សូម​អាន​បទ​សម្ភាស​រវាង​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ម៉ម សូណង់ដូ ខាងក្រោម​៖

​លោក ជា ធី​រិ​ទ្ធ​៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ ចំនួន ២៥០ ឃុំ​-​សង្កាត់​។ តើ​គណបក្ស​លោក បានកំណត់​នូវ​លក្ខណៈសម្បត្តិ​អ្វីខ្លះ ដើម្បី​សម្រេច​ជ្រើសរើស​បេក្ខជន​ទាំងនោះ ឲ្យ​ឈរឈ្មោះ​?

​លោក ម៉ម សូណង់ដូ​៖ គណបក្ស​យើង បានកំណត់​លក្ខខណ្ឌ​សម្រាប់​បេក្ខជន​ដែល​ឈ្មោះ គឺ​ត្រូវ​មានចិត្ត​ស្នេហា​ជាតិ​ពិតប្រាកដ​។ នេះ​ជា​លក្ខខណ្ឌ​ចម្បង ហើយ​បន្ទាប់មក​យើង​មើល​ទៅលើ​ប្រជាប្រិយភាព​ពួកគាត់​នៅក្នុង​ឃុំ​-​សង្កាត់ នីមួយៗ និង​សមត្ថភាព​របស់​ពួក​គ​គាត់​។​

​លោក ជា ធី​រិ​ទ្ធ​៖
លោក​មើល​យ៉ាងដូចម្តេច​ទើប​ដឹងថា បេក្ខជន​របស់​បក្ស​លោក​ជាម​នុស្ស ស្នេហា​ជាតិ​?

​លោក ម៉ម សូណង់ដូ​៖ ដោយសារ​ខ្ញុំ​ជា​មនុស្ស​ស្នេហា​ជាតិ និង​ខ្ញុំ​ហ៊ាន​ធ្វើ​នូវ​អ្វីដែល​ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ខ្ញុំ​មិន​លក់​ឧ​ត្ត​ម​គតិ ខ្ញុំ​ធ្លាប់​ជាប់គុក នៅតែមិន​ខ្លាច​។ ដូច្នេះ​ខ្ញុំ​ងាយ​នឹង​មើល​ទឹកចិត្ត​មនុស្ស​ដែល​ស្រឡាញ់​ជាតិ​ដឹង​ណាស់​។ ម្យ៉ាង​ពួកគាត់​ចូលរួម​ជាមួយ​ខ្ញុំ ដោយសារ​ពួកគាត់​ចូលចិត្ត​សកម្មភាព និង​សេចក្តីក្លាហាន​របស់ខ្ញុំ​។

​លោក ជា ធី​រិ​ទ្ធ​៖ តើ​ក្នុងចំណោម ២៥០ ឃុំ សង្កាត់ ដែល​គណបក្ស​លោក​បានដាក់​បេក្ខជន​ឈរឈ្មោះ នៅ​ខេត្ត​ណា​ច្រើនជាងគេ​? ព្រោះ​អ្វី​?

​លោក ម៉ម សូ​ណង់​ដួ​៖ គណបក្ស​របស់ខ្ញុំ បានដាក់​បេក្ខជន​ច្រើនជាងគេ​នៅ​ខេត្តព្រៃវែង​។ នៅក្នុង​ខេត្ត​នេះ យើង​ឈរឈ្មោះ​ចំនួន ៦០ ឃុំ ។ មូលហេតុ ដោយសារ​នៅក្នុង​ខេត្ត​នេះ ប្រជាពលរដ្ឋ​គាំទ្រ​យើង​ច្រើន ហើយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ ភាគច្រើន​ស្តាប់​វិទ្យុ​ខ្ញុំ​ឮ​។​

​លោក ជា ធី​រិ​ទ្ធ​៖ តើ​គណបក្ស​លោក មាន​គោលនយោបាយ​ពិសេស​អ្វីខ្លះ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​? ហើយ​បើ​បេក្ខជន​បក្ស​លោក​ជាប់​ជា​មេឃុំ ដោះស្រាយ​បញ្ហា​អ្វី​មុនគេ​?

​លោក ម៉ម សូណង់ដូ​៖ មេឃុំ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ជាប់ឆ្នោត យើង​នឹង​ដោះស្រាយ​បញ្ហាសំខាន់ៗ ដែល​បានកំណត់​ជា​គោលនយោបាយ​របស់​បក្ស​យើង​។ បញ្ហា​ទាំងនោះ​ដូចជា ទី ១ បោះ​សម្អាត​អំពើពុករលួយ គ្រឿងញៀន ល្បែងស៊ីសង និង​បម្រើសេវា​សាធារណៈ ដោយ​គោរព​តាមច្បាប់​កំណត់​។ ទី​២ ប្រជាពលរដ្ឋ​ត្រូវមាន​បាយ​ទទួលទាន មាន​ពេទ្យ​ព្យាបាល មានការ​សិក្សា​ប្រកបដោយ​គុណភាព និង​ក្រមសីលធម៌​។ ទី ៣ ការពារ​ដីធ្លី លំនៅដ្ឋាន និង​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់​។ ទី​៤ ជួសជុល និង​កសាង​បន្ថែម ហេដ្ឋារចនាសម្ព័ន្ធ ដូចជា លូបង្ហូរទឹក ផ្លូវលំ ស្ពាន ទំនប់ទឹក ប្រឡាយទឹក ស្រះ​ទឹក អណ្តូងទឹក​។ ទី ៥ បង្កើត​ក្លិប​កីឡា សម្រាប់​យុវជន បង្កើត​ការងារ និង​តំបន់​ទេសចរណ៍​។​

​លោក ជា ធី​រិ​ទ្ធ​៖
ខ្ញុំ​ចាប់អារម្មណ៍ ត្រង់​គោលនយោបាយ បង្កើត​ក្លិប​កីឡា​។ លោក អាច​ពន្យល់ថា ហេតុអ្វី​បានជា​បក្ស​លោក​សម្រេចយក​ការបង្កើត​ក្លិប​ហាត់ប្រាណ​នេះ ដាក់​នៅក្នុង​គោលនយោបាយ​?

​លោក ម៉ម សូណង់ដូ​៖ ខ្ញុំ​សូមបញ្ជាក់ថា យើង​បង្កើត​ក្លិប​កីឡា ដើម្បី​ឲ្យ​យុវជន​ហាត់ប្រាណ នៅក្នុង​ឃុំ សង្កាត់​របស់​ពួកគេ​តែម្តង​។ យើង​យល់ថា សុខភាព​នេះ​សំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​យុវជន ដើម្បី​មានលទ្ធភាព​ដឹកនាំ និង​អភិវឌ្ឍ​ប្រទេសជាតិ​។ បក្ស​យើង​ចង់​ឲ្យ​យុវជន​នាំគ្នា​ហាត់ប្រាណ​ទាំងអស់គ្នា​។ ម្យ៉ាង​មកពី​ខ្ញុំ​ខ្លួនឯង​ស្រឡាញ់​ហាត់ប្រាណ ដោយ​ចូលចិត្ត​ហាត់​ប្រដាល់​៕


Tag:
 ម៉ម សូណង់ដូ​
  បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com