រថយន្ត
២៤​ម៉ោង​ជាមួយ Mercedes-Benz ដើម្បី​ស្វែងយល់​ពី​សក្តានុពល​នៃ​ភូមិភាគ​ឦ​សាន្ត​ខ្មែរ
22, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
«​ឱ​ស្រុក​កោះ​ញែក ខ្ញុំ​ស្រែក​ផ្តែផ្តាំ ឃ្លាត​គ្នា​យូរ​ឆ្នាំ​ទម្រាំ​ជួប​ម្តង ឃើញ​មុខ​ពេលណា​អូន​ពោល​ផ្តោះផ្តង​...»​។ នេះ​គឺជា​ឃ្លា​នៃ​បទ​ចម្រៀង​របស់លោក តូច តេង ស្រែកច្រៀង​ផ្តោះផ្តង​ស្នេហា​ដ៏​ពិ​រោះ​លន្លង់លន្លោច​ចំពោះ​គូស្នេហ៍​របស់គាត់​ដែល​រស់នៅ​សែនឆ្ងាយ​ពីគ្នា​កម្រ​នឹង​បាន​ទៅ​ជួប​ភ័​ក្ត​ក្នុងនាម​ក​ម្លោះ​អ្នកទីក្រុង​ភ្នំពេញ និង​ក្រមុំ​ស្រុក​កោះ​ញែក នៅ​កណ្តាល​ដែនដី​ព្រៃភ្នំ នៃ​ខេត្តមណ្ឌលគិរី​។



​ទោះជា​រឿង​ពិត​នេះ​បាន​កើតឡើង​ច្រើន​ទសវត្សរ៍​កន្លង​ទៅហើយ​ក៏ដោយ ក៏​បទ​ចម្រៀង​មនោសញ្ចេតនា​នេះ នៅតែ​បំពេរ​អារម្មណ៍​មហាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​សម័យកាល ប៉ុន្តែ​កត្តា​ប្រែប្រួល​ជីវភាព​សង្គម និង​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ននេះ បាន​ផ្លាស់ប្តូរ​រហូត​អាច​ឲ្យ​យើង​មានលទ្ធភាព​ធ្វើដំណើរ​ទៅមក ដើម្បី​ទស្សនា​កម្សាន្ត​ដែនដី​ព្រៃភ្នំ​ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ​នៅឯ​ស្រុក​កោះ​ញែក និង​ក្រុងភ្នំពេញ តែ​ក្នុង​រយៈពេល ២៤​ម៉ោង ដោយ​ងាយស្រួល​ប្រកបដោយ​ក្តីសប្បាយ​រីករាយ ជាពិសេស​ការធ្វើដំណើរ​ជាមួយ​រថយន្ត​ប្រណីត Mercedes-Benz ទោះជា​ប្រភេទ​រថយន្ត​សេ​ដាន​(​ឡានតូច​-​ទាប​សម្រាប់​ក្រុមគ្រួសារ​)​ក៏ដោយ ក៏​អាច​ទៅមក​បាន​ដោយ​ងាយស្រួល និង​សុវត្ថិភាព​បំផុត​។



​អំឡុងពេល​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ ដោយ​ចេញដំណើរ​ពី​ភ្នំពេញ​ប្រហែល​ម៉ោងជាង​៥​នា​ល្ងាច​ថ្ងៃ​សៅរ៍ និង​ត្រឡប់មកវិញ​នា​ល្ងាច​ថ្ងៃអាទិត្យ​ប្រហែលជា​ម៉ោងជាង​៧​យប់ ដំណើរ​កម្សាន្ត​ផ្សងព្រេង​អត់​ព្រាងទុក​របស់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Star Auto Cambodia ដែលជា​ក្រុមហ៊ុន​នាំចូល​រថយន្ត Mercedes-Benz ស៊េរី​ថ្មី​គ្រប់​ប្រភេទ​ស្របច្បាប់​ផ្តាច់មុខ​តែមួយគត់​នៅ​កម្ពុជា បាន​ប្រើប្រាស់​រថយន្ត Mercedes-Benz ស៊េរី​ទំនើប​ម៉ូ​ដែល C200 និង E250 ឆ្នាំ​២០១៧ ដែលជា​ប្រភេទ​រថយន្ត​សេ​ដាន​កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​សកលលោក ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើដំណើរ​ទស្សនាចរណ៍​ទៅកាន់​រម្យ​ណី​យ​ដ្ឋា​ន​ទឹកជ្រោះ​ប៊ូ​ស្រា ស្ថិតនៅក្នុង​តំបន់​ព្រៃភ្នំ​នៃ​ស្រុក​ពេ​ជ្រា​ដា ហើយក៏​ឆ្លៀត​ធ្វើដំណើរ​ឆៀង​ចូល​ទស្សនា​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ស្ថិតនៅក្នុង​ស្រុក​កោះ​ញែក​ផងដែរ​។​

​វេលា​ព្រឹក​ព្រ​ហ៊ា​ម​ខណៈ​រថយន្ត Mercedes-Benz ម៉ូ​ដែល C200 និង E250 បើកបរ​ឆ្លងកាត់​ដែន​តំបន់​ព្រៃ​អភិរក្ស​កែវ​សី​ម៉ា នៃ​ស្រុក​កែវ​សី​ម៉ា ជាទី​ដែល​ក្រុមហ៊ុន​ថត​ភាពយន្ត​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ឈ្មោះ Disney ទើបបាន​ផ្តល់ប្រាក់​ចំនួន ២​លាន​ដុល្លារ ដើម្បី​ចំណាយ​លើ​ការទិញ​កា​បោ​ន​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន Star Auto Cambodia ដែលជា​អ្នកបើកបរ​បាន​បញ្ជារ​ថយ​ន្ត C200 ទៅ​អែប​ឈប់​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៧៨ នា​ម្តុំ​បង្គោលគីឡូម៉ែត្រ​លេខ​៧៥ ហើយ​បាន​ពោលថា​៖ «​មើល​ហ្ន៎ ! នៅ​ជុំវិញខ្លួន​យើង​សុទ្ធសឹងតែ​ផ្សែង​អ​ព្ធ​សក្បុស​ពាសពេញ​ដើមឈើ គ្របដណ្តប់​ទាំង​ព្រៃភ្នំ​ដ៏​ក្រាស់ឃ្មឹក​នៅទីនេះ​»​។ លោក​បន្តថា​៖ «​យើង​អាច​មើល​ឃើញតែ​នៅតាម​ចន្លោះ​ខ្លះៗ​ទៅ​ឯនាយ​ជើងមេឃ គឺមាន​តែព្រៃ និង​ជួរ​ភ្នំ​ជាប់​មេឃ​តែម្តង​។ ទេសភាព​ធម្មជាតិ​ដ៏​ស្រស់បំព្រង​បែបនេះ​ខ្ញុំ​កម្រ​នឹង​បានឃើញ​ណាស់​ក្រៅពី​នៅ​ខេត្តមណ្ឌលគិរី នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ចង់​មក​គយគន់​ទេសភាព​ដ៏​ស្រស់ត្រកាល​នេះ ជាមួយ​រថយន្ត​ប្រណីត​ខ្នាតតូច​ដែល​មនុស្ស​ភាគច្រើន​គិតថា ឡានតូច​មិនអាច​បើក​របរ​ទៅ​ទីណា​បាន​ឆ្ងាយ​និង​មាន​ភាពងាយស្រួល​ដូច​ឡាន​ប្រភេទ​ខ្នាត​ខ្ពស់​នោះទេ ការពិត​ទោះ​ស្ថិតក្នុង​ស្ថានភាព​ផ្លូវ​លំបាក​ឬ​ឆ្ងាយ​យ៉ាងណា រថយន្ត Mercedes-Benz នៅតែ​ផ្តល់នូវ​ការជឿជាក់​ខ្ពស់​និង​ជួយ​ឲ្យ​ខ្ញុំ​សម្រេចបាន​គោលដៅ​ប្រកបដោយ​ផាសុកភាព​ជានិច្ច​។ អរគុណ Mercedes-Benz ខ្លាំងណាស់ »​។​



​ដោយឡែក លោក ហេង អតីតមន្ត្រី​ផ្នែក​ស្រាវជ្រាវ​ទំនៀមទម្លាប់​ខ្មែរ​នៅ​ពុទ្ធ​សាសន​បណ្ឌិត ដែលជា​អ្នករួមដំណើរ​មួយរូប​បាន​បន្ទរ​ថា​៖ «​ព្រៃឈើ​ពណ៌​បៃតងខ្ចី​ចាស់ ខ្លះ​ចម្រុះ​ដោយ​ផ្កា​ពណ៌​លឿង​-​ក្រហម​-​ស និង​មាន​ស្បៃ​អ​ព្ធ​ពណ៌​ស​អណ្តែត​រសាយ​រសាត់​កក​ផ្តុំគ្នា​ជា​ពពក​នៅតាម​ជួរ​ភ្នំ​ទាំងនោះ មើលទៅ​ប្រៀបបាន​នឹង​ឋាន​សួគ៌ា​ល័យ​។ ទស្សនី​ភាព​បែបនេះ គឺ​ពិតជា​អស្ចារ្យ​ណាស់ ដូច​បាន​នាំ​រូបយើង​ទៅដល់​ឋានសួគ៌ អីចឹង​!»​។​

​ក្រោយពី​ទស្សនា​ទេសភាព​ព្រៃភ្នំ​គ្របដណ្តប់​ដោយ​ស្បៃ​អ​ព្ធ​សក្បុស និង​ប្រកបដោយ​អាកាសធាតុ​ត្រជាក់​តែ​ជុំវិញ ១៨​អង្សា​សេ​រួចមក រថយន្ត C200 ពណ៌​ស និង E250 ពណ៌​ខ្មៅ បាន​បញ្ឆេះ​ម៉ាស៊ីន​បញ្ចេញ​សម្លេង​យ៉ាង​ស្ងាត់ឈឹង​រួច​បន្តដំណើរ​យ៉ាង​លឿន​បត់បែន​កេល​កុង​នា​កណ្តាល​ព្រៃ​នៃ​បេះដូង​ធម្មជាតិ​ឆ្លងកាត់​មកដល់​ស្រុក​អូ​រាំង ជា​ដែនដី​សម្បូរ​ដោយ​ខ្ពង់រាប ជ្រលង​ដងអូរ និង​ជួរ​ភ្នំ​ដែល​ដុះ​រំលេច​ពីលើ​ដោយ​វាលស្មៅ​ពណ៌​បៃតង​ស្រស់​មើល​ផុតកន្ទុយភ្នែក​ទៅជា​ប់​នឹង​លំហ​មេឃ​ធំ​ល្ហ​ហ្ហេវ ប្រៀបបាន​នឹង​គេ​សាងសង់​ទីលាន​វាយកូនគោល​ខ្នាត​យក្ស​រាប់រយ​ពាន់​បន្ត​ជាប់ៗ​គ្នា​។

​ខណៈពេល​រថយន្ត C200 និង E250 ទៅដល់​ត្រង់​ចំណុចកំពូល​នៃ​ខ្ពង់រាប​ខ្លះៗ ក្រឡេកមើល​ពី​បង្អួច​រថយន្ត​ដែល​ត្រូវបាន​បើកចំហរ​កញ្ចក់​ដើម្បី​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​ពី​តំបន់​ខ្ពង់រាប យើង​អាច​មើលឃើញ​គន្លង​ផ្លូវជាតិ​លេខ​៧៨ លូន​កាត់​បត់បែន​វាលស្មៅ ព្រៃភ្នំ ជ្រលង​ដងអូរ និង​នៅ​កន្លែង​ខ្លះ​ក៏​អាច​មើលឃើញ​ទីក្រុង​សែន​មនោ​រម្យ ឬ​អតីត​ទី​រួម​ខេត្តមណ្ឌលគិរី​ផងដែរ​។​

​មិនយូរប៉ុន្មាន រថយន្ត Mercedes-Benz ម៉ូ​ដែល C200 និង E250 បានធ្វើ​ដំណើរ​ទៅដល់​រង្វង់​មូល​គោព្រៃ ជា​មណ្ឌល​និមិត្តរូប​នៃ​ខេត្តមណ្ឌលគិរី និង​ក៏​ជា​សត្វចតុប្បាទ​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​សត្វ​ដ៏​កម្រ​នេះ​ពុំមាន​វត្តមាន​ទាល់តែសោះ​នៅលើ​ផែនដី​ក្រៅពី​ប្រទេស​កម្ពុជា​។

​ការបន្ត​ដំណើរ​ចេញពី​បេះដូង​នៃ​ទីក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅកាន់​ទឹកជ្រោះ​ប៊ូ​ស្រា លើ​ចម្ងាយ​ផ្លូវ​ប្រមាណ ៤០​គីឡូម៉ែត្រ គឺជា​ដំណើរ​ដ៏​អន្ទះសារ​បំផុត​ដែល​ក្រុម​បុគ្គលិក Star Auto Cambodia ប្រាថ្នា​ចង់ទៅ​ឲ្យ​ដល់​គោលដៅ​តែ​ក្នុង​មួយ​ប៉ព្រិចភ្នែក​បើ​អាចទៅរួច​។ ប៉ុន្តែ​កម្លាំង​ម៉ាស៊ីន​ដ៏​ខ្លាំង​របស់​រថយន្ត Mercedes-Benz ម៉ូ​ដែល C200 និង E250 និង​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ប្រកបដោយ​ផាសុកភាព ដែល​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប រួមទាំង ប្រព័ន្ធ​ស្វ័យ​បើកបរ​, ប្រព័ន្ធ​ហ្វ្រាំង​ស្វ័យប្រវត្តិ​, កៅអី​រំញោច​ពេល​ផ្លូវ​កោង ឬ​បត់បែន​, កៅអី​ម៉ាស្សា​, ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​៣៦០​ដឺ​ក្រេ​ដែល​ឲ្យ​អ្នកបើកបរ​មើលឃើញ​ពី​ស្ថានភាព​នៅ​ជុំវិញ​រថយន្ត​យ៉ាងច្បាស់ និង​ការកំណត់​ល្បឿន​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ជាដើម ទាំងនេះ​ពិតជា​ជំរុញ​ឲ្យ​ការធ្វើដំណើរ​ទស្សនាចរ​ណ៍​ភ្នំពេញ​-​ជ្រោះ​ប៊ូ​ស្រា បាន​ទៅដល់​គោលដៅ​ដូច​ការរំពឹងទុក និង​ប្រកបដោយ​សុវត្ថិភាព​។​

​បន្ទាប់ពី​អ្នកបើកបរ​បញ្ជា​ឲ្យ​រថយន្ត C200 និង E250 ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​លើ​ទី​ជម្រាល​ក្បែរ​ទឹកជ្រោះ​ប៊ូ​ស្រា អ្នករួមដំណើរ​ទាំងអស់​ម្នីម្នារ​ចុះទៅ​កម្សាន្ត​នៅក្នុង​បរិវេណ​ទឹកធ្លាក់​ដ៏​ធំ​ខ្ពស់ ល្បីល្បាញ និង​ជាទី​ពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជា​។ រយៈពេល​ជាង ២​ម៉ោង នៃ​ការកម្សាន្ត​សប្បាយ​នៅ​រមនីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា​ដ៏​ស្រស់ស្អាត នៅ​កណ្តាល​ព្រៃភ្នំ​ក្រំ​ថ្ម​នេះ​ពិតជា​មិន​ស្រាកស្រាន្ត​សមល្មម​ស្កប់ចិត្ត​ក៏ពិតមែន ប៉ុន្តែ​សម្លេង​ដង្ហោយ​នៅក្នុង​សោ​តិ​ន្ទ្រ​យារ​ម្មណ៍​ពី​ស្រុក​កោះ​ញែក​ហាក់​ឮ​ល្វើយៗ​មិន​ដាច់ រហូត​ធ្វើ​ឲ្យ​ក្រុម​ទេសចរ​អត់​ព្រាងទុក​ទាំងនេះ​សម្រេចចិត្ត​ធ្វើដំណើរ​ចាកចេញ​ពី​ដែនដី​ព្រៃភ្នំ​ជា​បេះដូង​នៃ​ស្រុក​ពេ​ជ្រា​ដា ឆ្ពោះទៅកាន់​ស្រុក​កោះ​ញែក តាម​សម្រែក​ច្រៀង​ផ្តែផ្តាំ​របស់លោក តូច តេង ដោយ​ខាន​ពុំបាន​។​



​ស្ថិតក្រោម​អាកាសធាតុ​អួរ​អាប់​ភ្លៀវ​ផ្គរ និង​ពេលខ្លះ​បើក​ថ្ងៃ​ក្តៅហែង នៅតាម​ផ្លូវ​ពេ​ជ្រា​ដា​-​កោះ​ញែក អ្នកបើកបរ​គ្រប់គ្នា​ពិតជា​ងាយស្រួល​នៅលើ​ផ្លូវ​កៅស៊ូ​ចាក់​រួច​ថ្មីៗ រួច​គេ​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​នៅតាម​ផ្លូវ​ទ្រុឌទ្រោម​ដោយ​អន្លើរៗ ហើយ​បន្ត​ដោយ​ផ្លូវលំ​ដីក្រហម​កេល​កោង​ចុះឡើង​ឆ្លងកាត់​វាល​-​ព្រៃ ឆ្លងកាត់​ខ្ពង់រាប ឡើង​ភ្នំ និង​ចុះ​ជ្រលង​ដងអូរ​ជាច្រើន​កន្លែង​នោះ ប្រហែលជា​អាច​ក្លាយជា​វិញ្ញាសារ​ថ្មី​សម្រាប់​ប្រភេទ​រថយន្ត​ប្រណីត Mercedes-Benz C200 និង E250 ដែល​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​ត្រូវតែ​បង្ហាញ​សមត្ថភាព សុវត្ថិភាព និង​កិត្តិនាម​របស់ខ្លួន​នៅលើ​ភូមិសាស្ត្រ​ទឹកដី​ភូមិភាគ​ឦ​សាន្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជាធម្មតា​ឧបសគ្គ​ទាំងនេះ ពិតជា​បាន​បន្ថយល្បឿន​រថយន្ត​ប្រណីត Mercedes-Benz ហើយ​មិនយូរប៉ុន្មាន​ទេ រថយន្ត C200 និង E250 បាន​ទៅដល់ និង​ឆ្លងកាត់​តំបន់​សាគរ​ដ៏​ចម្លែក​មួយ​ដែលមាន​នៅតែ​១​គត់​នៅលើ​ទឹកដី​កម្ពុជា គឺ​«​សមុទ្រ​ឈើ​» ដែល​ទីនេះ​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា​ផ្នែក​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ដែល​លាតសន្ធឹង​ពី​តំបន់​ខ្លះ​នៃ​ស្រុក​កោះ​ញែក ក្រុង​សែន​មនោ​រម្យ និង​ស្រុក​កែវ​សី​ម៉ា​។ 

​ម៉ាស៊ីន​ដ៏​ខ្លាំង​ដែលមាន​សម្ថ​ត​ភាព​ខ្ពស់ និង​មាន​សម្លេង​តិច​ដោយ​មិន​បញ្ចេញ​ស្នូរ​រោទិ៍​ឮ​ខ្លាំង​របស់​រថយន្ត Mercedes-Benz វា​មិន​ត្រឹមតែ​មិន​រំខាន​ដល់​អ្នកបើកបរ និង​អ្នករួមដំណើរ​នោះទេ បន្ថែម​លើសពីនេះ​ទៀត​វា​ក៏​មិនបាន​រំខាន​ដល់​ពពួក​សត្វព្រៃ សត្វ​ល្មូ​ន និង​បក្សាបក្សី​នៅតាម​ដងផ្លូវ​នោះដែរ​។ នៅតាម​ដងផ្លូវ​ក្រុម​អ្នកទេសចរ​ផ្សេង​ព្រេង​ទាំងអស់គ្នា បានឃើញ​សត្វ​បក្សាបក្សី​ជាច្រើន ហើយក៏​បានឃើញ​សត្វ​អណ្តើក​ភ្នំ​មួយ បាន​ដើរ​ឆ្លងកាត់​ផ្លូវ​នៅ​ពីមុខ​រថយន្ត C200 និង E250 ធ្វើ​ព្រងើយ​ដោយ​ពុំ​បង្ហាញ​ការភ្ញាក់ផ្អើល​ឬ​ភ័យខ្លាច​អ្វី​ឡើយ​។

​ក្រោយពី​ទស្សនា​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច រយៈពេល​ជិត​ពីរ​ម៉ោង ដំណើរ​ទស្សនាចរណ៍​ក៏បាន​ធ្វើដំណើរ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។ លោក យ៉ាន់ យ័ន្ត អ្នកជំនាញ​ជួសជុល​រថយន្ត​នៅ Star Auto Cambodia ដែល​បាន​កាន់ចង្កូត​បើកបរ​រថយន្ត E250 តាំងពី​ភ្នំពេញ​-​ជ្រោះ​ប៊ូ​ស្រា និង​បន្ត​ដល់​ភ្នំ​ព្រិច បាន​ឲ្យ​ដឹងថា​៖ «​ចម្ងាយ​ផ្លូវ​ដែល​យើង​បាន​បើកបរ​ក្នុង​ដំណើរ​ផ្សេង​ព្រេង​នេះ មាន​ចម្ងាយ​ផ្លូវ​រាប់រយ​គីឡូម៉ែត្រ​មែន ប៉ុន្តែ​ជាមួយ Mercedes-Benz វា​ពុំ​បានធ្វើ​ឲ្យ ខ្ញុំ​អស់កម្លាំង​នឿយហត់ ឬ​ធុញទ្រាន់​ក្នុងការ​បើកបរ​សោះឡើយ បន្ថែម​លើស​នោះ កៅអី​ម៉ាស្សា​, ចង្កូត​អេឡិចត្រូនិក​ដែល​ផ្តល់​ភាពងាយស្រួល និង​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​របស់ E250 បាន​ជួយ​ផ្តល់នូវ​ផាសុកភាព​ដល់​យើង និង​ធ្វើ​ឲ្យ​យើង​បើកបរ​ដល់​គោលដៅ​ដោយ​មិន​ជិនណាយ​ប្រកបដោយ​សុវត្ថិភាព​»​។ 

​ពិត​ដូចជា​លោក យ័ន្ត មានប្រសាសន៍​មែន ទាំង​រូបគាត់​ផ្ទាល់ និង​លោក ចាន់ថា នៅតែ​បន្ត​កាន់ចង្កូត​បញ្ជា​រថយន្ត E250 និង C200 ពី​ភ្នំ​ព្រិច​ដល់​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព ត្រូវ​តាម​ពេលវេលា​នៃ​ការជួបជុំ​បរិភោគ​អាហារ​សាមគ្គី​ជុំគ្នា​ពេល​ល្ងាច នៅ​ទីក្រុង​ភ្នំពេញ​វិញ នៅវេលា​ម៉ោង​១៩​ល្ងាច ដោយ​ជោគជ័យ​៕


© រក្សាសិទ្ធិដោយ thmeythmey.com