អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឌូ​ទើ​តេ បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ដើម្បី​ពង្រឹង​ចំណងមិត្តភាព ដោយ​ងាក​កាន់តែ​ឆ្ងាយ​ពី​សម្ព័ន្ធមិត្ត​អាមេរិក​
22, May 2017 , 6:07 pm        
រូបភាព
 
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ  (Rodrigo Duterte) ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ទៅកាន់​សហព័ន្ធរុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​ទី ២២ ខែឧសភា​នេះ​។ ក្នុង​ទស្សន​កិច្ចពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នេះ លោក ឌូ​ទើ​តេ នឹង​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​រួមទាំង​កិច្ចព្រមព្រៀង​យោធា​ជាមួយ​មេដឹកនាំ​រុស្ស៊ី​ដែរ​។ វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា រុស្ស៊ី​កំពុង​បន្ត​ងាក​ចេញ​កាន់តែ​ឆ្ងាយ​ពី​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់ខ្លួន​នោះ​។​


​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​សហព័ន្ធរុស្ស៊ី​រប​ស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ទី ២២ ឧសភា​នេះ​។ ប្រធានាធិបតី​ហ្វីលីពីន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​តប​តាម​ការអញ្ជើញ​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ​ពូ​ទីន ហើយ​វា​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការប្រឹងប្រែង​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ម​ហា​អំណាច​ឲ្យ​កាន់តែ​រឹងមាំ ស្របតាម​គោលនយោបាយ​ការបរទេស​អ​ព្យា​ក្រឹត្យ​និង​ឯករាជ្យ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ផងដែរ​។   
 
​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler  ក្រៅពី​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​មហាអំណាច ប្រធានាធិបតី ឌូ​ទើ​តេ ក៏​ស្វះ​ស្វែងរក​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី​ដែរ​។ លោក​ចង់​ទិញ​អាវុធ​ពី​រុស្ស៊ី​ផង​ដើម្បី​យកមកប្រើ​ប្រាស់​ក្នុង​ប្រតិបត្តិការ​សឹក​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​នោះ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ចាក​ចេញទៅ​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ លោក ឌូ​ទើ​តេ បាន​បញ្ជាក់ថា លោក​ចង់បាន​គ្រាប់បែក​ឆ្លាត​ផលិត​នៅ​រុស្ស៊ី ព្រោះ​ហ្វីលីពីន​បច្ចុប្បន្ន​មាន​ប្រភេទ​គ្រាប់បែក​នោះដែរ​តែ​មិនមាន​ប្រសិទ្ធភាព​ដូច​ឈ្មោះ​សោះ​។ ការ​ងាក​ទៅរក​អាវុធ​ពី​រុស្ស៊ី មិនមាន​អ្វី​ចម្លែក​ទេ ព្រោះ​ហ្វីលីពីន​ពិបាក​ទិញ​អាវុធ​ពី​អាមេរិក​ដែលជា​សម្ព័ន្ធ​ខ្លួន​បាន​ទៀត​។ 
 
​អាមេរិក​បន្ត​ទិតៀន​សង្គ្រាម​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ​ជា​បន្តបន្ទាប់ ហើយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​ការចេះ​តែ​ដុនដាប​ទៅ​ដូចគ្នា​កន្លងមកនេះ​។ ដូច​ឃើញស្រាប់ រដ្ឋបាល​លោក ឌូ​ទើ​តេ បានប្រកាស​លែងលះ​ជាមួយ​អាមេរិក​កាលពី​ឆ្នាំមុន ហើយ​រដ្ឋាភិបាល​នេះ​ព្យាយាម​កាត់បន្ថយ​ទំនាក់ទំនង​យោធា​ជាមួយ​សហរដ្ឋអាមេរិក ហើយ​លំ​ហាត់​យោធា​មួយចំនួន​ជាមួយ​អាមេរិក​ត្រូវបាន​លុបចោល​ផងដែរ​។​
 
​ដោយឡែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​លោក ឌូ​ទើ​តេ នឹង​ជួប​ជាមួយ​សម​ភាគី​រុស្ស៊ី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។ មេដឹកនាំ​ទាំងពីរ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា ហើយ​វា​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​លោក ឌូ​ទើ​តេ ជួប​ជាមួយ​លោក ពូ​ទីន​។ អ្នក​ទាំង​ពីរបាន​ជួបគ្នា​លើកដំបូង​បំផុត​នៅក្នុង​កិច្ចប្រជុំ​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APE) នៅក្នុង​ប្រទេស​ប៉េ​រូ​កាលពី​ចុងឆ្នាំ​មុន ហើយ​បន្តម​កបាន​ជួបគ្នា​ម្តងទៀត​នៅក្នុង​កិច្ចប្រជុំ​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​នៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ពាក់កណ្តាល​ខែឧសភា​កន្ល​ង​ទៅ​។​
 
​គេ​រំពឹងថា ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​ទាំងពីរ​នេះ​នឹង​ក្លាយជា​ឱកាស​សម្រាប់​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ហ្វីលីពីន និង​រុស្ស៊ី​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ដែល​វា​ជា​គោលបំណង​ធំ​របស់លោក ឌូ​ទើ​តេ​។ 
 
 ពាក់ព័ន្ធ​ដំណើរ​ទស្សន​កិច្ច​នេះដែរ ឧបការី​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Maria Cleofe Natividad បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ទស្សនកិច្ច​របស់លោក ឌូ​ទើ​តេ ជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្រឹងប្រែង​របស់​ហ្វីលីពីន ក្នុងការ​បង្កើត​ភាពជា​ដៃគូ​ថ្មី​ជាមួយ​ប្រទេស​មិនមែនជា​សម្ព័ន្ធមិត្ត​ប្រពៃណី​ដែរ​។​
 
​សូមបញ្ជាក់​បន្តិច​ថា ហ្វីលីពីន និង​រុស្ស៊ី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​អស់​ពេល ៤១​ឆ្នាំ​មកហើយ​ប៉ុន្តែ​ចំណង​ការទូត​នេះ​មិនសូវ​ជិតស្និទ្ធ​ឡើយ ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​និង​ហ្វីលីពីន​មាន​ត្រឹម ២២៦ លាន​ដុល្លារ​ប៉ុណ្ណោះ​គិត​ត្រឹម​ឆ្នាំ ២០១៦​។ នេះ​ក៏ដោយ​សារ​ហ្វីលីពីន​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ស្រាប់​៕
 
 

Tag:
 Rodrigo Duterte
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com