ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ទូត​បារាំង​ផុត​អាណត្តិ​ថា សម្តេច​នឹង​រៀបចំ​តំបន់​ព្រំដែន​ឲ្យ​ចប់សព្វគ្រប់
22, May 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ថា សម្ដេច​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ឲ្យ​បាន​ចប់សព្វគ្រប់​នៅក្នុង​អំឡុងពេល​ដែល​ស​ម្ដេច កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​នេះ​។​



​ថ្លែង​ក្នុងជំនួប​ជាមួយ​អគ្គរដ្ឋទូត​បារាំង​លោក Jean claude Bimboeuf ដែល​ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការងារ និង​សុំ​ជួប​ជម្រាបលា​នោះ សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​នាពេលខាងមុខ សម្តេច​នឹង​រៀបចំ​តំបន់​ព្រំដែន​ឲ្យ​បាន​ចប់សព្វគ្រប់ ក្នុងអំឡុង​ពេលដែល សម្តេច​ជា​នាយករដ្ឋមន្ត្រី ដើម្បី​កុំ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​មាន​បញ្ហា​ព្រំដែន​តទៅទៀត​»​។​

​កន្លងមក​បារាំង ក៏បានផ្តល់​ផែនទី​តាម​សំណើរ​របស់​កម្ពុជា​ផងដែរ ដើម្បី​ឲ្យ​រដ្ឋាភិបាល​យកមក​ផ្ទៀងផ្ទាត់​ឲ្យ​បានច្បាស់លាស់ បន្ទាប់ពី​មានការ​រិះគន់​ពី​សំណាក់​គណបក្សនយោបាយ​។ ហើយ​កាលពីពេល​ថ្មីៗ​នេះ កម្ពុជា​ក៏បាន​ស្នើ​ទៅ​បារាំង​ឲ្យ​ផ្តល់​អ្នកជំនាញ​មកជួយ​កម្ពុជា​បន្តទៀត​ដែរ ទាក់ទង​ទៅនឹង​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ។ នេះ​ជាការ​បន្ថែម​នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។​

​គួរ​បញ្ជាក់ថា កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀងគ្នា​បោះបង្គោល​ព្រំដែន កាលពី​ឆ្នាំ​២០០៦​មក ក្នុង​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប្រវែង​១២៧០​គីឡូម៉ែត្រ ដោយ​កំណត់​បោះបង្គោល​ព្រំដែន​ចំនួន​៣៧៥​បង្គោល​។  កម្ពុជា​-​វៀតណាម បាន​បោះបង្គោល​ព្រំដែន​បាន​ចំនួន​៨៣​ភាគរយ ពោលគឺ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ នៅសល់​១៧​ភាគរយ​ទៀត​ប៉ុណ្ណោះ​។​

​ចំណែក​ព្រំដែន​កម្ពុជា​និង​ឡាវ មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង​៥៤០​គីឡូម៉ែត្រ ដែល​បាន​ព្រមព្រៀងគ្នា​បោះបង្គោល​ព្រំដែន​ប្រមាណ​១៤៥​បង្គោល ។ ប៉ុន្តែ​មកទល់ពេលនេះ ភាគី​ទាំងពីរ បាន​បោះបង្គោល​ចំនួន​១២១ ដើម​ហើយ ដែល​ស្មើនឹង​៨៣​ភាគរយ ។ ចំណែក​ទីតាំង​បង្គោល​ចំនួន​២៤​ទៀត ដែល​កំពុង​សម្របសម្រួល​រៀបចំ​បោះបង្គោល​នោះ គឺ​ស្ថិតក្នុង​ខេត្តព្រះវិហារ​និង​ខេត្តស្ទឹងត្រែង ដូចជា​នៅ​ចំណុច​ទន្លេ​ល្ពៅ ទន្លេ​សា​ឡាំ​ផៅ ទន្លេសេកុង តំបន់​អូរ​តា​ង៉ាវ​ជាដើម​។ នេះ​បើតាម​គណៈកម្មការ​ចម្រុះ​ព្រំដែន កម្ពុជា​-​ឡាវ​៕


Tag:
 ហ៊ុន សែន​
 ​ បារាំង​
  ​ផែនទី​
 ​ ព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com