កីឡាជាតិ
ជាតិ
រត់ប្រណាំង​ដើម្បី​អបអរ​បុណ្យចម្រើនព្រះជន្ម​សម្តេចម៉ែ និង​មនុស្សធម៌​មាន​អ្នក​ចុះឈ្មោះ​ជិត​៥០០​នាក់​ហើយ​
22, May 2017 , 10:39 pm        
រូបភាព
ដោយ:
​គិត​ត្រឹម​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧ មាន​អត្ត​ព​លិ​ក​ជិត​៥០០​នាក់​ហើយ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៧​។ ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ​ថ្ងៃទី​១៨ ខែមិថុនា មួយ​នេះ មិន​ត្រឹមតែ​ដើម្បី​មនុស្សធម៌ និង​បរិ​សា្ថ​ន​ប៉ុណ្ណោះ​ទេ លើសពីនេះ​វា​ជាការ​រត់ប្រណាំង ដើម្បី​អបអរ​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​វរ​រាជ្យ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ថែម​ទៀតផង​។ អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​។



​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២២ ខែឧសភា ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​លើក​ទី​៧​ទទួលបាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​ជា​ជិត​៥០០​នាក់​ហើយ ដែល​អត្ត​ព​លិ​ក​ទាំងនេះ​មកពី​ជាង​២០​ប្រទេស​ទូទាំង​ពិភពលោក​។ ក្នុងនោះ​អត្ត​ព​លិ​ក​បរទេស​មាន​ប្រមាណ​ជា​ជិត​២០០​នាក់ និង​អត្ត​ព​លិ​ក​កម្ពុជា​ប្រមាណ​ជា​ជិត​៣០០​នាក់​។

​លោក​បាន​បន្ថែមទៀតថា ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ​ថ្ងៃទី​១៨ ខែមិថុនា ខាងមុខនេះ ធ្វើឡើង​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​ក្រោម​ប្រធានបទ​«​បរិស្ថាន​ស្អាត ទីក្រុង​បៃតង​» ជាពិសេស ដើម្បី​អបអរ​ទិវា​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​វរ​រាជ្យ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ​។​

​អគ្គលេខាធិការ NOCC រូបនេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ចុះឈ្មោះ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ និង​ទាន់ពេលវេលា ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ក្រុមការងារ​ក្នុងការ​រៀបចំ​សម្ភារ និង​សេវាកម្ម​ផ្សេងៗ​ដែល​បម្រើ​ដល់​ការរត់​របស់​អត្ត​ព​លិ​ក​។ អត្ត​ព​លិ​ក​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ទទួលបាន​នូវ​សុខភាព មិត្តភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​បានរួម​ចំណែក​ក្នុង​អំពើ​មនុស្សធម៌​ថែមទៀត​ផង ព្រោះ​ថវិកា​ដែល​ទទួលបាន​ពី​ការចុះឈ្មោះ​របស់​អត្ត​ព​លិ​ក នឹង​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​ជាមួយគ្នានេះ លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ក៏បាន​អះអាង​ផងដែរ​ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​មិនមែនជា​ការរៀបចំ ដើម្បី​ស្វែងរក​ផលប្រយោជន៍ ឬ​ប្រាក់ចំណេញ​នោះទេ ពោលគឺ​ដើម្បី​ចូលរួមចំណែក​បម្រើ​ដល់​អំពើ​មនុស្សធម៌​តាមរយៈ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​នៅតាម​បណ្តោយ​ទន្លេមេគង្គ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ជាពិសេស ដើម្បី​អបអរ​បុណ្យចម្រើនព្រះជន្ម​សម្តេច​មហាក្រ​ត្រី នរោត្តម មុនីនាថ សីហនុ តែម្តង​។



​ប្រធាន​គណៈកម្មការ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ការប្រកួត​នេះ​មាន​៣​ប្រភេទ​វិញ្ញាសា​ចូលរួម គឺ​រត់ប្រណាំង​បែប​កម្សាន្ត​ចម្ងាយ​៣​គីឡូម៉ែត្រ​, រត់​លក្ខណ​អាជីព​ចម្ងាយ​១០​គីឡូម៉ែត្រ និង​២១​គីឡូម៉ែត្រ​ដែលជា​វិញ្ញាសា​ស្នូល​ប្រចាំ​ព្រឹត្តិការណ៍ ហើយ​ក្នុងចំណោម​ទាំងបី​ប្រភេទ​វិញ្ញាសា​ដោយ​ចេញដំណើរ និង​បញ្ចប់​នៅមុខ​ព្រះបរមរាជវាំង​។ លោក​បាន​បន្ថែមថា ដើម្បី​ជួយ​សម្រួល​ដល់​ការប្រណាំង​របស់​អត្ត​ព​លិ​ក​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ដោយ​ទទួលបាន​ការសហការ​ពី​សាលា​រាជធានី​ភ្នំពេញ នឹង​បិទ​ស្ពាន​ជ្រោយចង្វា​មិត្តភាព​ខ្មែរ​-​ជប៉ុន​មួយ​ព្រឹក​ផងដែរ​៕
  

Tag:
 ពាក់​ម៉ារ៉ាតុន​ភ្នំពេញ​ឆ្នាំ​២០១៧
  វ៉ា​ត់ ចំរើន​
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com