អន្តរជាតិ
ដូណាល់ ត្រាំ អំពាវនាវឲ្យរដ្ឋម៉ូស្លីមរួបរួមគ្នាប្រឆាំងហិង្សាជ្រុលនិយមជ្រកក្រោមស្លាកសាសនា
× ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានអំពាវនាវឲ្យបណ្តាប្រទេសម៉ូស្លីមទាំងអស់ចូលរួមកម្លាំងគ្នាប្រឆាំងចលនាជ្រុលនិយម និងក្រុមប្រើប្រាស់អំពើហិង្សាជ្រកក្រោមស្លាកសាសនាផងដែរ។ នៅចំពោះមុខមេដឹកនាំប្រទេសម៉ូស្លីមនាទីក្រុងរីយ៉ាត ប្រធានាធិបតី អាមេរិក បានសង្កត់ធ្ងន់ថា ការកម្ចាត់ ចលនាជ្រុលនិយមជាសង្គ្រាមរវាងសភាវៈល្អ និងសភាវៈអាក្រក់ មិនមែនជាសង្គ្រាមសាសនាឡើយ។
ថ្ងៃអាទិត្យទី ២១ ឧសភា ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការរដ្ឋអារ៉ាប់អាមេរិក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឆ្លៀតឱកាសស្នើសុំឲ្យបណ្តាមេដឹកនាំប្រទេសម៉ូស្លីមទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីទប់ទល់នឹងមនោគមន៍វិជ្ជាជ្រុលនិយមនិងរាល់ការប្រើប្រាស់ហិង្សាដែលយកសាសនាជាខែលផងដែរ។
ថ្លែងទៅកាន់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលរដ្ឋម៉ូស្លីមជាច្រើននាក់ លោក ដូណាល់ ត្រាំ ផ្តើមសុន្ទរកថារបស់លោកដោយរិះគន់អ៊ីរ៉ង់ពាក់ព័ន្ធបញ្ហាប្រឈមក្នុងតំបន់ជាពិសេសអំពើហិង្សាសាសនា ប៉ុន្តែលោក ព្យាយាមបន្ទន់សម្តីពេលនិយាយដល់បញ្ហាសាសនាឥស្លាមខុសពីពេលឃោសនាបោះឆ្នោត។ លោកថែមទាំងបានបញ្ជាក់ថា ការប្រឆាំងចលនាជ្រុលនិយមមិនមែនជា«សង្គ្រាមសាសនាឡើយតែជាសង្គ្រាមរវាងកម្លាំងល្អនិងសភាវៈអាក្រក់»ប៉ុណ្ណោះ។
«វាជាសង្គ្រាមរវាងក្រុមឧក្រិដ្ឋជនផ្សៃព្រៃដែលចង់បំផ្លាញជីវិតមនុស្ស និង ប្រជាជនដែលព្យាយាមការពារជីវិតមនុស្ស។ វាជាសង្គ្រាមរវាងសភាវៈល្អ និង សភាវៈអាក្រក់ប៉ុណ្ណោះ»។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះ។
ជំហររបស់លោក ដូណាល់ ត្រាំ ត្រូវបានគាំទ្រដោយរដ្ឋមន្ត្រីការបរទេសរបស់លោកផងដែរក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះ។ លោក រិច ធីល័រសិន ( Rex Tillerson) យល់ស្របជាមួយប្រធានាធិបតី ត្រាំ ដែលថា ការប្រឆាំងហិង្សាជ្រុលនិយមមិនពាក់ព័ន្ធអ្វីនឹងសាសនាឡើយ។ វាក៏មិនពាក់ព័ន្ធប្រទេសណាមួយដែរ ឬជនជាតិណាមួយដែរ។
ក្រោយជាប់ឆ្នោតខែវិច្ឆិកាឆ្នាំ ២០១៦ គោលនយោនបាយសំខាន់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ គឺកម្ចាត់ភេរវជននិងធ្វើយ៉ាងណាប្រឆាំងមនោគមន៍វិជ្ជាជ្រុលនិយមដែលបង្កឲ្យមានហិង្សាប្រដាប់អាវុធពាសពេញពិភពលោកនោះ។ បច្ចុប្បន្នក្រុមប្រឹក្សាសន្តិសុខរបស់លោក ត្រាំនៅបន្តត្រួតពិនិត្យមើលយុទ្ធសាស្ត្រនិងកែសម្រួលយុទ្ធសាស្ត្រនេះដើម្បីបង្កើនប្រសិទ្ធភាពសង្គ្រាមប្រឆាំងភេរវកម្មផងដែរ។ ដូច្នេះហើយ ការអំពាវនាវទៅកាន់បណ្តាប្រទេសម៉ូស្លីមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលនេះជាការស្វះស្វែងរកការសហការនិងគាំទ្រដើម្បីបង្កើនប្រសិទ្ធសង្គ្រាមប្រឆាំងភេរវកម្មផង។
យ៉ាងណាមិញ លោក ដូណាល់ ត្រាំ មិនបានខ្វល់ខ្វាយពីបញ្ហាសិទ្ធិមនុស្សប៉ុន្មានទេ។ លោករិះគន់តែអ៊ីរ៉ង់ ហើយព្យាយាមលើកសរសើរបណ្តារដ្ឋអារ៉ាប់ជា ពិសេសអារ៉ាប៊ី សាអូឌីត ក្នុងការប្រយុទ្ធប្រឆាំងភេរវជននៅយេម៉ែន។ ប៉ុន្តែលោកមិននិយាយសូម្បីតែបន្តិចពីការវាយប្រហាររបស់សម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតលើលំនៅដ្ឋានប្រជាជន សម្លាប់អស់ជនស៊ីវិលអស់រាប់រយនាក់ឡើយ។ អន្តរាគមន៍របស់អារ៉ាប៊ី សាអូឌីត ខុសច្បាប់នៅយេម៉ែនដែលបានសម្លាប់រង្គាលជនស៊ីវិលនេះ អាចស្មើនឹងបទឧក្រិដ្ឋសង្គ្រាម និងសង្គ្រាមប្រឆាំងមនុស្សជាតិដែរ។
មិនត្រឹមតែមិនខ្វាយខ្វល់រឿងសិទ្ធិមនុស្សប៉ុណ្ណោះទេ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏សម្រេចចុះព្រមព្រៀងលក់អាវុធទំហំជិត១១០ពាន់លានដុល្លារជាមួយអារ៉ាប៊ីសាអូឌីតទៀត ទោះមានការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្សក្តី។ អាមេរិកអះអាងថា វាជាការរួមចំណែកជួយបង្កើនសមត្ថភាពអារ៉ាប៊ីសាអូឌីត ក្នុងការទប់ទល់ការគំរាមកំហែងសន្តិសុខជាពិសេសបញ្ហាភេរវកម្មផងដែរ៕
Tag:
ដូណាល់ ត្រាំ
អារ៉ាប៊ី សាអូឌីត
អារ៉ាប់
រិច ធីល័រសិន
© រក្សាសិទ្ធិដោយ thmeythmey.com