ជាតិ
ស្ពានអណ្តែតទឹកគ្រោងសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ឧសភា «រូបភាព៖ អាជ្ញាធរជាតិអប្សរា»
× សៀមរាប៖ ស្ពានអណ្តែតទឹក ដែលសង់ជំនួសចរាចរណ៍នៅស្ពានហាលប្រាសាទអង្គរវត្ត គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧។ ស្ពាននេះ សង់ឡើងដើម្បីបញ្ជៀសចរាចរណ៍ ពេលដែលស្ពានហាលនឹងបិទការដ្ឋានជួសជុលនាពេលដ៏ខ្លីខាងមុខ។
តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ស្ពានអណ្តែតទឹកដែលកាត់កសិន្ធុអង្គរវត្ត នឹងដាក់សម្ពោធជាផ្លូវការ ក្រោមវត្តមានប្រធានអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា នៅព្រឹកថ្ងៃទី២៥ ឧសភា។ ពិធីសម្ពោធនេះធ្វើឡើង ក្រោយស្ពានអណ្តែតទឹកបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៦មក។
ស្ពានអណ្តែតទឹក គឺសង់ឡើងពីពោងទឹក ដែលជាបច្ចេកទេសថ្មីនាំចូលពីប្រទេសកាណាដា និងអាចធានាគុណភាពរយៈពេល៥ឆ្នាំ។ ហើយស្ពាននេះមានទទឹង១០ម៉ែត្រ និងបណ្តោយ២២០ម៉ែត្រ។
សូមរម្លឹកថា ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្តនឹងផ្អាកចរាចរណ៍ជាបណ្តោះអាសន្នទាំងស្រុង ខណៈដែលស្ពាននេះកំពុងដំណើរការជួសជុលដោយអ្នកជំនាញនៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា។ ការផ្អាកលែងឲ្យភ្ញៀវទេសចរឆ្លងកាត់ គឺដើម្បីបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ និងទុកលទ្ធភាពឲ្យក្រុមការងារជួសជុលស្ពានហាលនេះបានល្អប្រសើរ៕
Tag:
ស្ពានអណ្តែតទឹក
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com