ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឯកអគ្គរដ្ឋទូត​បារាំ​ង​៖«​អ្នកដឹកនាំ​ជំនាន់​ថ្មី ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុ​ទិ​ដ្ឋិ​និយម​ចំពោះ​កម្ពុជា​»
23, May 2017 , 11:19 am        
រូបភាព
​បន្ទាប់ពី​បាន​បំពេញបេសកកម្ម​ការទូត​៣​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត​បារាំង ហ្ស​ង់​-​ក្លូដ ពាំ​បឺស (Jean-Claude Poimboeuf) នឹង​បញ្ចប់​អាណត្តិ​នៅ​ចុងខែ​ឧសភា​នេះ​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​អេ​ឡិ​ក​ត្រូ​និ​ច​ថ្មីៗ លោក​ឯកអគ្គរដ្ឋទូត​បាន​រម្លឹក​ពី​សមិទ្ធផល​ធំៗ​ដែល​ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​បារាំង​។ នៅក្នុង​ប្រធានបទ​កម្ពុជា​វិញ បើទោះបីជា​លោក​ឯកអគ្គរដ្ឋទូត​បានកត់សម្គាល់អំពី​ទំនាស់​រវាង​គណបក្សនយោបាយ និង​ចំពោះ​បញ្ហា​សង្គម​មួយចំនួន​ដូចជា ចរាចរណ៍ វិសមភាព​រវាង​ទីក្រុង និង​ជនបទ​ក៏ដោយ នៅក្នុង​បទ​សម្ភាស​ខាងក្រោម​នេះ លោក​នៅតែ​មើលឃើញ​ចំណុច​រីកចម្រើន​ជាច្រើន​ដែល​កម្ពុជា​បានសម្រេច​ដូចជា​៖ គុណភាព​ការងារ​របស់​សង្គម​ស៊ីវិល សេរីភាព​សារព័ត៌មាន និង​ពិសេស​ភាពរស់រវើក​នៃ​អ្នកដឹកនាំ​ជំនាន់​ក្រោយ​។​



​លោក លាង ដឺ​លុច​៖ លោក​ឯកអគ្គរដ្ឋទូត តើ​មាន​សមិទ្ធផល​អ្វីខ្លះ ដែល​លោក​សម្រេចបាន​ក្នុងពេល​លោក​បំពេញបេសកកម្ម​នៅ​ប្រទេស​កម្ពុជា​?


​លោក Jean-Claude Poimboeuf៖ ក្នុងអំឡុង​នៃ​អាណត្តិ​ការងារ​របស់ខ្ញុំ​នៅ​កម្ពុជា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ត្រូវបាន​កត់សម្គាល់​ដោយ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ជាច្រើន ដូចជា​៖ ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​បារាំង​កាលពី​ខែតុលា ឆ្នាំ​២០១៥ និង​ការយាង​ចូលរួម​របស់​ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុង​ព្រះបរមនាម​តំណាង​ប្រទេស​កម្ពុជា ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស កាលពី​ខែធ្នូ ឆ្នាំ​២០១៥​។ ក្រៅពីនេះ​មាន​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​សម​ភាគី​បារាំង​ក្នុងអំឡុង​ពេលដែល​លោក​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​បារាំង កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះដែរ លោកស្រី អា​នី​ក ហ្ស៊ី​រ៉ា​ដាំង រដ្ឋលេខាធិការ​ទទួល​បន្ទុក​ការអភិវឌ្ឍ និង​ហ្វ្រ​ង់​កូ​ហ្វូ​នី  បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែឧសភា​ឆ្នាំ​២០១៥ ហើយ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​តម្រង់ទិស​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៥-២០១៨​។​

​ទស្សនកិច្ច​ទាំងនេះ​បាន​ពង្រឹង​ទំនាក់ទំនង​ដ៏​យូរលង់ និង​ប្រកបដោយ​ទំនុកចិត្ត​រវាង​ប្រទេស​បារាំង និង​កម្ពុជា​។ ម្យ៉ាងទៀត ឆ្នាំ​២០១៦ គឺជា​ឱកាស​នៃ​ការ​រម្លឹក​ព្រឹត្តិការណ៍​សំខាន់​ពីរ​នៃ​ទំនាក់ទំនង​ប្រទេស​យើង​ទាំងពីរ គឺ​ខួប​៥០​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ឧ​ត្ត​ម​សេនីយ៍​ដឺ​ហ្គោល​នៅ​កម្ពុជា និង​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

​លោក លាង ដឺ​លុច​៖ តើ​មាន​សមិទ្ធផល​ណាខ្លះ​ដែល​ធ្វើឱ្យ​លោក​មាន​មោទនភាព​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​បា​រាំង​-​កម្ពុជា​?


​លោក Jean-Claude Poimboeuf៖
ក្នុងអំឡុងពេល​នៃ​ការបំពេញ​ការងារ​រប​ស់​ខ្ញុំ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ត្រូវបាន​ពង្រឹង​លើ​គ្រប់​វិស័យ​ទាំងអស់​។ រដ្ឋាភិបាល​បារាំង​បានកំណត់​អាទិភាព​មួយ​ដល់​ខ្ញុំ គឺ​ជំរុញ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​រវាង​ប្រទេស​យើង​ទាំងពីរ​។ ថ្វីបើ​មិនទាន់​ឈានដល់​កម្រិត​សក្តានុពល​របស់​វា​ក៏ដោយ ក៏​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​នេះ​បាន​កើនឡើង​ទ្វេដង ចន្លោះ​ឆ្នាំ​២០១៤-២០១៧ ហើយ​មាន​ទំហំ​ជាង​១​ពាន់​លាន​អឺរ៉ូ​។ ជាមួយ​ការផ្តល់​ហិរញ្ញប្បទាន​៣០០​លាន​អឺរ៉ូ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD) បានក្លាយ​ទៅជា​អ្នកផ្តល់ជំនួយ​ធំ​មួយ​របស់​កម្ពុជា ដោយ​គាំទ្រ​ជាពិសេស​ដល់​វិស័យ​ផលិតកម្ម និង​ការពង្រឹង​ធនធានមនុស្ស​។​

​ម្យ៉ាងទៀត ប្រទេស​បារាំង​នៅតែ​ជា​ដៃគូ​សំខាន់​មួយ​របស់​កម្ពុជា​ក្នុង​វិស័យ​អប់រំ តាមរយៈ​ការផ្តល់​អាហារូបករណ៍ កម្មវិធី​ផ្លាស់ប្តូរ​រវាង​សាកលវិទ្យាល័យ​ខ្មែរ​-​បារាំង និង​សាលា​បារាំង​ដេ​កាត​។ រីឯ​ការផ្លាស់ប្តូរ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​វប្បធម៌​ក៏មាន​លក្ខណៈ​សម្បូរបែប​ផងដែរ ជាពិសេស​តាមរយៈ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​។ ក្នុង​វិស័យ​យោធា​វិញ កិច្ចសហការ​រវាង​ក​ង​ទ័ពបារាំង និង​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក នៅតែមាន​ភាពរស់រវើក​។

​លោក លាង ដឺ​លុច​៖ លោក​ធ្លាប់​បានឃើញ​បរិយាកាស​នយោបាយ​តានតឹង​ជាច្រើនលើក​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ តើ​លោក​យល់ឃើញ​យ៉ាងណា​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​? តើ​លោក​មាន​អនុសាសន៍​អ្វីខ្លះ​?


​លោក Jean-Claude Poimboeuf៖ ក្នុងនាម​ជា​មិត្តភក្តិ​ដ៏​យូរលង់​របស់​កម្ពុជា ខ្ញុំ​ត្រូវតែ​និយាយថា ការវិវឌ្ឍ​មួយចំនួន​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ​មិនល្អ​ទេ ហើយ​«​វប្បធម៌​សន្ទនា​» ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៤​មិនបាន​ផ្តល់​លទ្ធផល​ដូចដែល​យើង​ទន្ទឹងរង់ចាំ​នោះឡើយ​។ ខ្ញុំ​សង្ឃឹម​ដោយស្មោះ​ស​ថា នយោបាយ​កម្ពុជា​នឹង​វិលត្រឡប់​មករក​មាគ៌ា​សន្ទនា​ប្រកបដោយ​សន្តិភាព​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ក្នុងចំណោម​បក្ស​នានា ដែល​សុទ្ធតែ​ចង់​លើកស្ទួយ​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​។

​ក្នុងន័យនេះ ការប្រព្រឹត្តទៅ​ដ៏​ល្អប្រសើរ​នៃ​ដំណើរការ​បោះឆ្នោត​គឺជា​កត្តា​សំខាន់​។ ការរីកចម្រើន​នានា​ដ៏​គួរឱ្យកត់សម្គាល់​ត្រូវបាន​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្រោម​ការឧបត្ថម្ភ​មួយផ្នែក​ពី​សហភាព​អឺរ៉ុប តាមរយ​:​ជំនួយ​១០​លាន​អឺរ៉ូ​។ ខ្ញុំ​ចង់ឱ្យ​ការងារ​ប្រកបដោយ​ការស្ថាបនា​រវាង​បក្សនយោបាយ​សំខាន់ៗ​នេះ​បន្ត​ទៅមុខទៀត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចពិភាក្សា​បែប​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​។

​លោក លាង ដឺ​លុច​៖ បើតាម​យោបល់​លោក តើ​មានការ​រីកចម្រើន​ដែរឬទេ​ក្នុ ង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​?

​លោក Jean-Claude Poimboeuf៖ ការ​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​ឱកាស​ដែល​យើង​អាច​ក្រឡេកមើល​សារជាថ្មី​លើ​ការរីកចម្រើន​មិនអាច​ប្រកែក​បាន​របស់​កម្ពុជា​ក្នុង​វិស័យនេះ​។ ក្នុង​អាណត្តិ​ការងារ​របស់ខ្ញុំ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ភាពរស់រវើក​របស់​ស​ង្គ​ម​ស៊ីវិល និង​ការងារ​ដ៏​គួរឱ្យកត់សម្គាល់​របស់​អង្គការក្រៅរដ្ឋាភិបាល​ខ្មែរ​និង​បរទេស​ជាច្រើន​។ ផ្ទុយ​ពីអ្វី​ដែល​កើតឡើង​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់ នៅ​កម្ពុជា​អង្គភាព​ព័ត៌មាន​មួយចំនួន​អាច​រិះគន់​អាជ្ញាធរ​ដោយ​សេរី ហើយ​យើង​អាច​អាន​ព័ត៌មាន​គ្រប់​ប្រភេទ​នៅលើ​បណ្តាញ​សង្គម ដែល​កំពុង​ពេញនិយម​ក្នុងចំណោម​យុវជន​។



​ទោះបីយ៉ាងណា ខ្ញុំ​សង្កេតឃើញ​មានការ​រិះគន់​ជាច្រើន​ពាក់ព័ន្ធ​និ​ទណ្ឌ​ភាព និង​វិសមភាព​ចំពោះមុខ​ច្បាប់​។ ការកែលម្អ​បញ្ហា​ទាំងនេះ​ទាមទារ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​យូរអង្វែង ក្នុងនោះ​មានការ​ចូលរួម​ពី​ប្រទេស​បារាំង​តាមរយៈ​ការជួយ​បណ្តុះបណ្តាល​អ្នកច្បាប់​កម្ពុ​ជា ដែល​ភាគច្រើន​បានជ្រើសរើស​ប្រទេស​បារាំង​ដើម្បី​បន្ត​ការសិក្សា​។ ក្រៅពីនេះ ខ្ញុំ​អាច​លើក​ពី​ការគាំទ្រ​របស់​បារាំង​ចំពោះ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​ខ្មែរក្រហម ដែល​កំពុង​បំពេញការងារ​ដ៏​មាន​សារសំខាន់​សម្រាប់​ជនរងគ្រោះ​កម្ពុជា​ទាំងអស់ ហើយ​អាច​ធ្វើជា​គំរូ​មួយ​សម្រាប់​វិស័យ​យុត្តិធម៌​ទាំងមូល​។

​លោក លាង ដឺ​លុច​៖ តើ​លោក​យល់​យ៉ាងណា​ចំពោះ​យុវជន​កម្ពុជា​បច្ចុប្បន្ន ជាពិសេស​អ្នកដឹកនាំ​វ័យក្មេង​?


​លោក Jean-Claude Poimboeuf៖ យើង​គ្មានអ្វី​ក្រៅពី​សេចក្តីរំភើប​ពោះ​យុវជន​កម្ពុជា ដែល​តំណាង​ឲ្យ​ភាពស្វាហាប់ និង​ភាព​រីកចម្រើន​។ ខ្ញុំ​គិតថា យុវជន​កម្ពុជា​កំពុង​សម្លឹង​ឆ្ពោះទៅរក​អនាគត​។ ខ្ញុំ​មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​លេចធ្លោ​របស់​អ្នកដឹកនាំ​ជំនាន់​ថ្មី ដែល​មិន​ត្រឹមតែ​នៅ​ក្មេង​ជាង ប៉ុន្តែ​ថែមទាំង​ទទួលបាន​ការអប់រំ​ល្អ​ជាង ហើយ​ចង់​ធ្វើ​ទំនើបកម្ម​ប្រទេស​កម្ពុជា​។ ជា​ញឹកញាប់ ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​បើកចំហ​ជាមួយ​ពួកគេ ហើយ​យុវជន​ទាំងនោះ​ធ្វើឱ្យ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​។

​លោក លាង ដឺ​លុច​៖ រដ្ឋាភិបាល​កម្ពុ​ជាមាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​កំណើនសេដ្ឋកិច្ច​៧​ភាគរយ​។ ប៉ុន្តែ​អ្នកជំនាញ​សេដ្ឋកិច្ច​មួយចំនួន​នៅតែ​លើកឡើង​ពី​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​។ តើ​លោក​យល់ឃើញ​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​?

​លោក Jean-Claude Poimboeuf៖ ដូច​អ្នកសង្កេតការណ៍​ជាច្រើន​ទៀត​ដែរ ខ្ញុំ​ភ្ញាក់ផ្អើល​នឹង​កំណើនសេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ក្នុង​រយ​:​ពេល​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​របស់​កម្ពុជា ដែល​ស្តែង​ឱ្យឃើញ​តាមរយ​:​ការប្រែប្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បានមកពី​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ល្អ កំណើន​ប្រាក់ចំណូល និង​ការថយចុះ​នៃ​ភាពក្រីក្រ​។ ទន្ទឹមគ្នា​នេះដែរ ខ្ញុំ​សង្កេតឃើញ​ឥ​ទិ្ធ​ពល​អវិជ្ជមាន​មួយចំនួន ដូចជា​ផលប៉ះពាល់​លើ​បរិស្ថាន វិសមភាព រវាង​ទីក្រុង និង​ជនបទ ក៏ដូចជា​ភាពផុយស្រួយ​នៃ​គំរូ​សេដ្ឋកិច្ច ដែល​ងាយ​ទទួលរង​ឥទ្ធិពល​ពី​កត្តា​ខាងក្រៅ​។

​លោក លាង ដឺ​លុច​៖ តើ​មានការ​វិនិយោគ​បារាំង​ថ្មីៗ​នៅ​កម្ពុជា​ក្នុងអំឡុង​បី​ឆ្នាំ​ចុងក្រោយ​នេះដែរ​ឬទេ​? ហើយ​ទំហំ​វិនិយោគ​ទាំងអស់​មាន​ទឹកប្រាក់​ប៉ុន្មាន​ដែរ​?

​លោក Jean-Claude Poimboeuf៖ ការវិនិយោគ​បារាំង​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុងអំឡុង​បី​ឆ្នាំនេះ​។ ការវិនិយោគ​សំខាន់ៗ​មានដូចជា ការសាងសង់​ស្ថានីយ៍​អ្នកដំណើរ​ថ្មី​នៃ​ព្រលានយន្តហោះ​ភ្នំពេញ​និង​សៀមរាប ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែមីនា ឆ្នាំ​២០១៦ (​ការវិនិយោគ​ទឹកប្រាក់​១០០​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​វ៉ាំ​ង​ស៊ី​) និង​ការបោះ​ទីតាំង​របស់​ធនា​គារ BRED ដែលជា​បណ្តាញ​ធនាគារ​លំដាប់​ទី​២​របស់​បារាំង​។ ក្នុងចំណោម​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​ទើប​បោះ​ទីតាំងនៅ​កម្ពុជា មាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ក្នុង​វិស័យ​ទំនាក់ទំនង HAVAS (​ក្រុមហ៊ុន​នេះ​បាន​ទិញ​ក្រុមហ៊ុន Riverorchid ដែលជា​ក្រុមហ៊ុន​គមនាគមន៍​ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍​) និង​ក្រុមហ៊ុន Lagardère ដែល​បាន​ទិញ​ស្ថានីយ៍​វិទ្យុ​មួយចំនួន​នៅ​កម្ពុជា​។​

​លោក លាង ដឺ​លុច​៖ លោក​ធ្លាប់បាន​ស្គាល់​កម្ពុជា​កាលពី​ទសវត្សរ៍​ឆ្នាំ​៩០ ហើយ​បាន​ស្នាក់នៅ​កម្ពុ​ជាយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​ក្នុងឋានៈ​ជា​ឯកអគ្គរដ្ឋទូត​។ តើ​លោក​មានបទពិសោធន៍​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ​? តើ​អ្វីដែល​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់លោក​ជាង​គេ​?


​លោក Jean-Claude Poimboeuf៖ ខ្ញុំ​បាន​សង្កេតឃើញថា កម្ពុជា​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ចាប់តាំងពី​ពេលដែល​ខ្ញុំ​ចាប់អារម្មណ៍​លើ​ប្រទេស​នេះ​។ ខ្ញុំ​ទទួលបាន​បទពិសោធន៍​ល្អៗ​ជាច្រើន​ទាំង​ក្នុង​ក្របខ័ណ្ឌ​នៃ​សកម្មភាព​ការងារ​របស់ខ្ញុំ និង​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​សកម្ម​នៅ​កម្ពុជា​។ ខ្ញុំ​មាន​សេចក្តីរំភើប​ចំពោះ​គុណភាព​ការងារ​របស់​អង្គការក្រៅរដ្ឋាភិបាល​បារាំង​ជាច្រើន​។​

​ខ្ញុំ​ក៏​ពេញចិត្ត​ផងដែរ​ក្នុងការ​បំពេញភារកិច្ច​ជា​សហប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC Angkor) រួមគ្នា​ជាមួយ​ប្រទេស​ជប៉ុន ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​អភិរក្ស និង​លើកស្ទួយ​តម្លៃ​បេតិកភណ្ឌ​ខ្មែរ​។ កិច្ចការ​នេះ​តម្រូវឱ្យ​ខ្ញុំ​ធ្វើដំណើរ​ទៅ​សៀមរាប​ជា​ញឹកញាប់​ប្រកបដោយ​ក្តី​រីករាយ​។ ខ្ញុំ​ក៏បាន​ស្វែងយល់​ផងដែរ​អំពី​បេតិកភណ្ឌ​ខ្មែរ​ដ៏​មានតម្លៃ​ផ្សេងទៀត រួមមាន​ប្រាសាទ​កោះ​កេរ សម្បូរ​ព្រៃ​គុក និង​ប្រាសាទព្រះវិហារ​។ ខ្ញុំ​ចង់​ធ្វើដំណើរ​ទៅ​ទស្សនា​កន្លែង​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែ​ចាំ​ពេល​ក្រោយ​ចុះ​។

​បទពិសោធន៍​អវិជ្ជមាន​របស់ខ្ញុំ គឺពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​នៃ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារ​បញ្ហា​ចរាចរណ៍​យានយន្ត និង​ការបំពុល​បរិស្ថាន​។​

​ខ្ញុំ​សោកស្តាយ​ដោយ​ត្រូវ​ចាក​ចេញពី​ប្រទេស​កម្ពុជា ដែល​ខ្ញុំ​ធ្លាប់​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​គ្រប់​ទីកន្លែង និង​ពី​មនុស្ស​គ្រប់ៗ​គ្នា​។ ខ្ញុំ​រីករាយ​នឹង​វិល​ត្រឡប់មក​ទីនេះ​ម្តងទៀត​ដើម្បី​ជួបជុំ​មិត្តភក្តិ​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​បានឃើញ​ការរីកចម្រើន​ថ្មីៗ​ទៀត​លើ​គ្រប់​វិស័យ​ទាំងអស់​៕


Tag:
 Jean-Claude Poimboeuf
  ស្ថានទូត​បារាំង​
  អ្នកដឹកនាំ​វ័យក្មេង
© រក្សាសិទ្ធិដោយ thmeythmey.com