ជាតិ
យុទ្ធនាការឃោសនាបោះឆ្នោត៣ថ្ងៃ គ.ជ.ប ទទួលបានពាក្យបណ្ដឹងមួយករណីពីCPP និងCNRP
× ភ្នំពេញ៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៣ថ្ងៃមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងមួយករណី ពីបេក្ខជនគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនិងការរារាំងផ្លូវឃោសនា និងជេរប្រមាថគ្នា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃនេះ មានភាពវិជ្ជមានច្រើនគួរឲ្យកត់សម្គាល់។ ប៉ុន្តែក៏មានបញ្ហាខ្លះកើតឡើងរវាងឃោសនិកនៃគណបក្សនយោបាយផងដែរ។ បើតាមលោក ហង្ស ពុទ្ធា បញ្ហានៃការឃោសនាបោះឆ្នោតនោះ ភាគច្រើនដោយសារក្បួនឃោសនាចំពេលវេលាគ្នា និងនៅលើផ្លូវតែមួយ គួបផ្សំនិងការឃោសនាចំអក និងប្រមាថគ្នាទៅវិញទៅមករវាងឃោសនិកគណបក្សនយោបាយជាដើម។
តែយ៉ាងណាបញ្ហាទាំងនេះ ត្រូវបានដោះស្រាយបញ្ចប់នៅទីកន្លែងឃោសនាតែម្ដង ។ ហើយមានតែមួយករណីនៃការឃោសនានៅស្រុកកោះអណ្ដែក ខេត្តតាកែវ ទេ ដែលបានប្ដឹងផ្ដល់គ្នារវាងបេក្ខជនគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ឡើងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ដូច្នេះថា៖«ករណីនេះគឺបេក្ខជនគណបក្សប្រជាជនប្ដឹងបេក្ខជនគណបក្សសង្គ្រោះជាតិថារារាំងបិទផ្លូវឃោសនា។ ហើយបេក្ខជនគណបក្សសង្គ្រោះជាតិ ប្ដឹងបេក្ខជនគណបក្សប្រជាជនវិញថា ឃោសនាជេរប្រមាថគណបក្ស។ តែយ៉ាងណាគជប កត់សម្គាល់ថា វាមានភាពវិជ្ជមានច្រើន ជាងអវិជ្ជមាន ព្រោះវាមិនមានបញ្ហាធំដុំអ្វី ដែលដោះស្រាយមិនបានទេ។ ទោះយ៉ាងណាក៏វាបង្ហាញថា អ្នកនយោបាយ និងឃោសនានយោបាយ មានភាពចាស់ទុំ ចេះយល់យោគ អធ្យាស្រ័យ ដោះស្រាយបញ្ហាជាមួយគ្នាបានច្រើនជាងអាណត្តិមុនៗដែរ»។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ សកម្មជនបក្សប្រជាជននៅស្រុកកោះអណ្តែត ខេត្តតាកែវបានដាក់ពាក្យបណ្ដឹងទៅ គ.ជ.ប. ប្ដឹងសកម្មជនបក្សសង្គ្រោះជាតិជាង១០នាក់ថា រារាំងការហែក្បួនរបស់ពួកគេ។ នៅក្នុងពាក្យបណ្ដឹងសកម្មជនបក្សប្រជាជន ទាមទារសំណង ២០លានរៀលក្នុងម្នាក់ៗ ពីសកម្មជនគណបក្សសង្គ្រោះជាតិ និងទាមទារឲ្យ គ.ជ.ប ផ្ដន្ទាទោសលុបឈ្មោះបេក្ខជនគណបក្សប្រឆាំងនេះចេញពីបញ្ជីបោះឆ្នោតផងដែរ។
អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយទាំង១២ដែលកំពុងឃោសនារកសំឡេងឆ្នោតជូនបេក្ខជនឃុំសង្កាត់របស់ខ្លួន បន្តគោរពនីតិវិធីច្បាប់ ក្រមសីលធម៌នានាដើម្បីធានាឲ្យបរិយាកាសឃោសនាមានភាពល្អប្រសើរ។ ការអំពាវនាវក៏ត្រូវបានផ្ញើទៅប្រជាពលរដ្ឋ និងកម្លាំងមានសមត្ថកិច្ចដែរ។
យុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ មិថុនា ដោយគជប អនុញ្ញាតឲ្យគណបក្សនយោបាយ អាចដង្ហែរក្បួនឃោសនាបានត្រឹម២ដងប៉ុណ្ណោះ៕
Tag:
គជប
បោះឆ្នោតឃុំ-សង្កាត់
CPP
CNRP
© រក្សាសិទ្ធិដោយ thmeythmey.com