ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍ចំពោះសុខភាព នៃការញ៉ាំគ្រាប់ផ្កាឈូករ័ត្ន
× ជីវជាតិដែលមានក្នុងគ្រាប់ផ្កាឈូករ័ត្នល្អបំផុតសម្រាប់សុខភាពសក់ និងបេះដូង។ វាក៏ជួយពង្រឹងដល់ការគេង អារម្មណ៍ល្អ និងភាពអាចមានកូនបានរបស់បុរសដែរ។ អ្វីដែលកាន់តែល្អនោះគឺថា គ្រាប់ផ្កាឈូករ័ត្នត្រូវបានគេចាត់ទុកជាអាហារសម្រន់ដ៏អស្ចារ្យ និងគួរឲ្យឆ្ងាញ់ណាស់។ គ្រាប់ធញ្ញជាតិដ៏ឆ្ងាញ់នេះជាប្រភពដ៏ល្អនៃជាតិខ្លាញ់ល្អចំពោះសុខភាព វីតាមីន E វីតាមីន B ស័ង្គសី ផូស្វ័រ ប៉ូតាស្យូម ជាតិដែក កាលស្យូម និងប្រូតេអ៊ីន។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលគ្រាប់ផ្កាឈូករ័ត្នអាចធ្វើបានចំពោះសុខភាពមនុស្សយើងមានដូចជា៖
ប្រភពនៃជាតិខ្លាញ់ដ៏ល្អ និងសារធាតុ Phytosterols របស់គ្រាប់ផ្កាឈូករ័ត្នអាចជួយបញ្ចុះកូឡេស្តេរ៉ុល និងគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ កាលណាកូឡេស្តេរ៉ុលអាក្រក់ថយចុះ វានឹងល្អចំពោះសុខភាពបេះដូង។
សារធាតុមួយឈ្មោះ Tryptophan ក្នុងគ្រាប់ផ្កាឈូករ័ត្នក៏អាចជួយឲ្យអ្នកមានអារម្មណ៍កាន់តែល្អដែរ។ ក្រៅពីនេះ វាជួយធ្វើឲ្យស្ត្រីត្រៀមមករដូវមិនសូវមានបញ្ហាខាងផ្លូវចិត្តច្រើនទៀត។
គ្រាប់ផ្កាឈូករ័ត្នសម្បូរវីតាមីន E ដែលជាជីវជាតិដ៏សំខាន់សម្រាប់សុខភាព។ វីតាមីន E នេះហើយ ដែលអាចជួយការពារអ្នកពីជំងឺ Parkinson ដែលនាំឲ្យពិបាកក្នុងការដើរ និយាយ និងលេបអាហារ។
គ្រាប់ផ្កាឈូករ័ត្នកមានជាតិស័ង្គសី ដែលសំខាន់សម្រាប់ភាពមានកូនរបស់មនុស្សប្រុស។ តាមការសិក្សាបានឲ្យដឹងថា ការញ៉ាំជាតិស័ង្គសីនឹងជួយពង្រឹងគុណភាព និងភាពមានចលនារបស់មេជីវិតឈ្មោលដើម្បីឆាប់មានកូន។
សារធាតុ Tryptophan ក្នុងគ្រាប់ផ្កាឈូករ័ត្នក៏ដើរតួនាទីក្នុងការសំយោគសារធាតុ Serotonin ដើម្បីជំរុញដល់ការគេងលក់កាន់តែស្រួលដែរ។
គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយវីតាមីន B9 ដែលជាសារធាតុដ៏សំខាន់មួយសម្រាប់ស្ត្រីមានផ្ទៃពោះ។ ព្រោះកាលណាស្ត្រីមានផ្ទៃពោះកង្វះវីតាមីនមួយនេះ ពួកគេប្រឈមខ្ពស់នឹងកូនកើតមកខូចអវៈយវៈ ជាពិសេសពកខួកឆ្អឹងខ្នងជាដើម។
គ្រាប់ផ្កាឈូករ័ត្ន ១០០ក្រាមមានសារធាតុ Biotin ៦៦ម៉ៃក្រូក្រាមទៅហើយ ដែលវាជាតម្រូវការសម្រាប់ពង្រឹងដល់សុខភាពសក់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com