អន្តរជាតិ
ថៃ៖ អ្នកចូលមើលព័ត៌មានប្រមាថស្ដេច អាចមានទោសដូចអ្នកបង្ហោះឬអ្នកចែកចាយព័ត៌មាន មហាក្សត្រថៃ មហាវជិរាលង្ករណ៍ (រូបភាព Xinhua)
× មហាក្សត្រ និងសមាជិករាជវង្សថៃ ត្រូវបានការពារយ៉ាងតឹងតែងដោយច្បាប់ស្ដីពីការការពារមហាក្សត្រ ដែលដាក់ទោសអ្នកបំពានយ៉ាងធ្ងន់ធ្ងរ។ របបសឹកថៃ បានពង្រឹងការតាមដានលើអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ហើយការបង្ហោះ ឬការចែករំលែកព័ត៌មានលើប្រព័ន្ធអនឡាញដែលមានន័យប្រមាថមហាក្សត្រ ប្រាកដជាត្រូវជាប់ទោសយ៉ាងធ្ងន់ធ្ងរមិនខាន។ ពេលនេះ របបយោធាថៃកំពុងពិចារណាដាក់ទោសអ្នកដែលចូលមើលអត្ថបទលើអ៊ីនធឺណិតទៀតផង។
មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃចែងថាជនណាដែលប្រមាថមហាក្សត្រ រជ្ជទាយាទ សមាជិករាជវង្ស និងរាជានុសិទ្ធិ នឹងជាប់ពន្ធនាគារដល់ទៅ១៥ឆ្នាំសម្រាប់មួយករណី។ មាត្រានេះ ត្រូវបានយកមកអនុវត្តជាហូរហែរ ហើយមនុស្សជាច្រើននាក់ត្រូវបានកាត់ទោសឲ្យជាប់គុកជាហូរហែរដូចគ្នាដែរ។ អាជ្ញាធរថៃ ក៏បានចាត់វិធានការបោសសម្អាតព័ត៌មានដែលមានន័យប្រមាថរាជានិយម ហើយត្រូវបានបង្ហោះលើបណ្ដាញសង្គមល្បីៗជាពិសេសហ្វេសប៊ុកតែម្ដង។
កន្លងមក អ្នកប្រើប្រាស់បណ្ដាញសង្គមនេះ ដែលបង្ហោះ (Post) ឬចែកចាយ (Share) ព័ត៌មានមានខ្លឹមសារមិនល្អអំពីស្ថាប័នរាជានិយមសុទ្ធតែមិនរួចឡើយ។ នៅពេលនេះ មិនត្រឹមតែអ្នកបង្ហោះ ឬអ្នកចែកចាយឡើយ សូម្បីតែអ្នកចូលមើលអត្ថបទទាំងអស់ ក៏ក្លាយជាមុខសញ្ញានៃការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃដែរ។ ពោល គឺប៉ូលិសនឹងដាក់គោលដៅលើអ្នកប្រើប្រាស់បណ្ដាញសង្គមដែលចូលមើលអត្ថបទសរសេរមិនល្អ ឬរិះគន់រាជានិយម។
នាយកដ្ឋានបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលចំណុះឲ្យអង្គភាពប៉ូលិសថថៃ ជាអ្នកទទួលបន្ទុកដោះស្រាយអត្ថបទ ឬខ្លឹមសារព័ត៌មាន ដែលប៉ះពាល់រាជានិយម។ អ្នកនាំពាក្យរងប៉ូលិសថៃ Songpol Wattanachai បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា នាយកដ្ឋាននេះនឹងសម្រេចចិត្តថា ការចូលមើល (View) អត្ថបទខុសច្បាប់ទាំងនោះ ជាសកម្មភាពខុសច្បាប់ឬយ៉ាងណា។ លោកបន្តថា អាជ្ញាធរនឹងស្នើឲ្យប្រជាជនចូលរួមសហការ និងមិនត្រូវចូលមើលអត្ថបទឡើយ។
ដូចបានដឹងស្រាប់ របបរាជានិយម ត្រូវបានការពារដោយច្បាប់យ៉ាងតឹងរឹង។ អតីតមហាក្សត្រ ភូមិពល អតុល្យតេជ (Bhumibol Adulyadej) ត្រូវបានប្រជាជនថៃគោរពស្រឡាញ់យ៉ាងខ្លាំងក្នុងពេលនៃការសោយរាជ្យជាង៦០ឆ្នាំ។ ប៉ុន្តែមហាក្សត្រថ្មី មហាវជិរាលង្ករណ៍ (Maha Vajiralongkorn) ដែល ឡើងគ្រងរាជ្យកាលពីចុងឆ្នាំមុន មិនសូវមានប្រជាប្រិយភាពដូចបិតាឡើយ ហើយថែមទាំងមានរឿងអាស្រូវច្រើនទៀតផង។
កាលពីសប្ដាហ៍មុន អាជ្ញាធរថៃ គំរាមបិទហ្វេសប៊ុកនៅក្នុងប្រទេសមិនឲ្យដំណើរការ បើក្រុមហ៊ុនយក្សមួយនេះមិនព្រមលុបចោលវីដេអូ និងអត្ថបទខុសច្បាប់ជាច្រើនដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមនេះ ហើយមានន័យប៉ះពាល់កិត្តិយសមហាក្សត្រ មហាវជិរាលង្ករណ៍ ។ យ៉ាងណាក្ដី អាជ្ញាធរថៃក៏បានដកពាក្យគំរាមវិញ ក្រោយក្រុមហ៊ុនហ្វេសប៊ុកសន្យាលុបចោលមាតិកាអត្ថបទ និងវីដេអូខុសច្បាប់ទាំងនោះ៕
Tag:
ថៃ
មហាវជិរាលង្ករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com