ជាតិ
បេឡា​រុស​រៀបចំ​ទិវា​វប្បធម៌​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​ចំណង​ការទូត​២២​ឆ្នាំ​
23, May 2017 , 3:57 pm        
រូបភាព
ដោយ:
​ក្រសួង​វប្បធម៌សាធារណរដ្ឋ​បេឡា​រុស បាន​បើក​ទិវា​វប្បធម៌​របស់ខ្លួនលើកទីមួយ​ នៅ​កម្ពុជា នៅល្ងាចថ្ងៃទី២២ ខែឧសភា ដើម្បីពង្រឹង​ចំណង​ការទូត​រយៈពេល២២​ឆ្នាំ រវាងប្រទេសទាំង២​។ ​​ទិវានេះ ប្រព្រឹត្តទៅនៅសាលមហោស្រពចតុមុខ ដោយក្រុម​សិល្បករ​តំណាង​ក្រសួង​ទាំងពីរ​បានបង្ហាញ វប្បធម៌​សិល្បៈ​រួមគ្នា​​។​



​ក្រសួង​វប្បធម៌​បេឡា​រុស បាន​បើក​ទិវា​វប្បធម៌​ជា​លើកដំបូង​របស់ខ្លួន​នៅក្នុង​សាលចតុមុខ ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​ការទូត និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​សាធារណរដ្ឋ​បេឡា​រុស​។ កម្ពុជា​និង​បេឡា​រុស​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​អស់​រយៈពេល​២២​ឆ្នាំ​មកហើយ ដែល​បាន​បង្កើតឡើង​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​១៩៩៥​។ ប្រទេស​ទាំងពីរ​បា​នប​ង្កើ​ត​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ហើយ​តែ​ងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក លើ​គ្រប់​វិស័យ​ជាពិសេស​ការភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​



​ជាក់ស្ដែង​ការបើក​ទិវា​វប្បធម៌​របស់​សាធារណរដ្ឋ​បេឡា​រុស នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧ និង​ការសម្ដែង​សិល្បៈ​រួមគ្នា​នេះ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ការពង្រឹង​ទំនាក់ទំនង លើ​វិស័យ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។ សិល្បករ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​បានបង្ហាញ​របាំ​រាំ​អប្សរា​ដែលជា​របាំ​បញ្ជាក់​វប្បធម៌​ខ្មែរ រីឯ​ចំណែក​សិល្បករ​បេឡា​រុស​បានបង្ហាញ​ពី​ក្បាច់​រាំ​ប្លែក​រួមគ្នា​ច្រើន​បញ្ជាក់​វប្បធម៌​ខ្លួន​ផងដែរ ហើយ​បន្ទាប់មក​សិល្បករ​ទាំងអស់​ក៏បាន​រាំ​បញ្ចូល​គ្នា​។​នៅក្នុង​ទិវា​នោះ ក៏មាន​ការចូលរួម​ពី លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប លោក ឈឺ​នី​ក វ៉ា​ស៊ី​ស៊ី អនុ​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ នៃ​សាធារណរដ្ឋ​បេឡា​រុស និង​លោក វ្លេ​ត​ឌី​មៀរ កូស៊ីន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​បេឡា​រុស ព្រមទាំង​មាន​យុវជន ព្រះសង្ឃ និង​អន្ដរជាតិ​ផ្សេងទៀត​ផងដែរ​ប្រមាណ​៥០០​នាក់​។​















​គណៈប្រតិភូ​សិល្បៈ នៃ​ក្រសួង​វប្បធម៌​បេឡា​រុស ដែល​បានមក​ទស្សនកិច្ច និង​សម្ដែង​សិល្បៈ​នាឱកាស​នោះ​ជា​ស្ថាប័ន​ដឹកនាំ​ក្រុម​សិល្បៈ មាន​ភាព​ល្បី​ប្បាញ​ជាង​៥៥​ឆ្នាំ​របស់​សាធារណរដ្ឋ​បេឡា​រុស​។​

​អតីតកាល​មុន​ឆ្នាំ​១៩៩៥ កម្ពុជា​និង​បេឡា​រុស ក៏​ធ្លាប់មាន​ទំនាក់ទំនង​សហប្រតិបត្តិការ​យ៉ាង​ស្អិតល្មួត​ផងដែរ ជាពិសេស​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ហើយ​មកដល់​បច្ចុប្បន្ន​នេះ​មាន​អ្នកជំនាញ​កម្ពុជា​មួយចំនួន​ក៏​ធ្លាប់បាន​ទៅ​រៀនសូត្រ​នៅ​បេឡា​រុស​ផងដែរ​។​









​សូមបញ្ជាក់ថា នៅក្នុង​ទិវា​បើក​វប្បធម៌​នោះដែរ ក៏មាន​ដាក់តាំង​បង្ហាញ​ជា​រូបគំនូរ​និយាយ​ពី​ប្រទេស​បេឡា​រុស​ដែល​គូរ​ដោយ​សិល្បករ​ជំនាញ​ដ៏​ល្បីល្បាញ​របស់​បេឡា​រុស គឺ​លោក YASIUK VASILI មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នកជំនាញ​រូបនេះ​ក៏បាន​គូរ​ជា​រូបគំនូរ​ពីរ​ផ្ទាំង​១​គឺ​សារៈមន្ទី​ជាតិ និង​ទី​២​មុខ​ព្រះបរមរាជវាំង​៕


Tag:
 ក្រសួង​-​វប្បធម៌​-​សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com