អន្តរជាតិ
ចិន ស្នើឲ្យកូរ៉េខាងត្បូងដក «បន្លា» ចេញពីទំនាក់ទំនងទ្វេភាគី
× ទំនាក់ទំនងទ្វេភាគីចិន និងកូរ៉េខាងត្បូង មិនសូវជាល្អប៉ុន្មានឡើយ ក្រោយកូរ៉េខាងត្បូងសម្រេចចិត្តទទួលយកការពង្រាយប្រព័ន្ធការពារមីស៊ីលអាកាស (THAAD) របស់អាមេរិកលើទឹកដីខ្លួន។ ចិន មិនពេញចិត្តទាល់សោះវត្តមានប្រព័ន្ធការពារនេះ ហើយចាត់ទុកជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនទៀតផង។ ក្រោយកូរ៉េខាងត្បូងមានប្រធានាធិបតីថ្មី ចិនក៏នៅបន្តទទូចឲ្យកូរ៉េខាងត្បូង ធ្វើសកម្មភាពជាក់លាក់ថែមទៀតដើម្បីពង្រឹងទ្វេភាគីដែលល្អក់កករឲ្យប្រសើរឡើងវិញ។
វត្តមានរបស់ប្រេសិតប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (Moon Jae-in) នៅទីក្រុងប៉េកាំង បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយចិន។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី (Wang Yi) ជុំវិញស្ថានភាពថ្មីៗនៃទំនាក់ទំនាក់រវាងអ្នកជិតខាងទាំងពីរ។ យ៉ាងណាក្ដី រដ្ឋមន្ត្រីការបរទេសចិន ក៏បានស្នើឲ្យភាគីកូរ៉េខាងត្បូងដកបន្លាចេញពីចំណងការទូតទ្វេភាគី។
សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីស្បថចូលកាន់តំណែងរួច លោក មូន ចេអ៊ីន បានចាត់តាំងលោក Lee Hae-chan អតីតនាយករដ្ឋមន្ត្រី ជាបេសកកម្មពិសេសសម្រាប់កិច្ចការចិន។ នៅថ្ងៃទី១៨ ខែឧសភា លោក Lee Hae-chan ក៏បានទស្សនកិច្ចនៅក្រុងប៉េកាំងជាមួយនឹងគោលដៅពន្យល់ជំហររបស់លោក មូន ចេអ៊ីន ទៅកាន់មេដឹកនាំចិន និងដើម្បីសម្រួលទំនាក់ទំនងទ្វេភាគីដែលប្រឈមមុខបញ្ហាជាច្រើនដូចជាវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង និងប្រព័ន្ធការពារ THAAD ។
សារព័ត៌មានរដ្ឋចិន Xinhua ផ្សាយថា ប្រមុខការទូតចិន វ៉ាង យី បានចាត់ទុកដំណើរទស្សនកិច្ចរបស់បេសកជនប្រធានាធិបតីកូរ៉េខាងត្បូង ជាសញ្ញាបង្ហាញពីឆន្ទៈរបស់លោក មូន ចេអ៊ីន ក្នុងពង្រឹងទំនាក់ទំនងជាមួយចិន។ លោក វ៉ាង យី បន្តថា ចិនក៏បានកត់សម្គាល់ពីការផ្លាស់ប្ដូរនយោបាយការបរទេសរបស់កូរ៉េខាងត្បូង ហើយអាកប្បកិរិយារបស់រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មី គឺផ្ទុយគ្នាស្រឡះពីរដ្ឋាភិបាលចាស់តែម្ដង។
ពីរដ្ឋអាហ្វ្រិកកូតឌីវ័រ រដ្ឋមន្ត្រីការបរទេសចិន ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់រដ្ឋាភិបាលលោក មូន ចេអ៊ីន ក្នុងការប្រឈមមុខនឹងបញ្ហាដែលប៉ះពាល់ទំនាក់ទំនងទ្វេភាគីចិន-កូរ៉េខាងត្បូង ដោយមិនបានគេចវេសឡើយ ហើយកូរ៉េខាងត្បូងក៏យល់ដឹងពីការព្រួយបារម្ភរបស់ចិនដែរ។ ក្រុងសេអ៊ូល ក៏ត្រៀមខ្លួនដោះស្រាយការព្រួយបារម្ភរបស់ចិនជុំវិញការពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ដែលទុកការពារមីស៊ីលកូរ៉េខាងជើងនោះទៀត។
ជាមួយគ្នានេះ ក្រុងប៉េកាំងក៏រំពឹងថា ក្រុងសេអ៊ូលនឹងធ្វើអ្វីៗដើម្បីលុបបំបាត់ឧបសគ្គក្នុងទំនាក់ទំនងទ្វេភាគីដែរ។ ឧបសគ្គសំខាន់នៅពេលនេះ គឺវត្តមានប្រព័ន្ធការពារ THAAD ដែលជាបន្លាមុតស្រួច ហើយអាចបង្ករបួសដល់ទំនាក់ទំនងទ្វេភាគី។ ប្រធានាធិបតី មូន ចេអ៊ីន ក៏មានជំហរមិនពេញចិត្តប្រព័ន្ធការពារនេះដែរ ហើយលោកក៏ពិចារណាលើគម្រោងពង្រាយនេះដែរ ព្រោះប្រជាជនកូរ៉េខាងត្បូង ក៏មិនសូវពេញចិត្ត THAAD ដែរ៕
Tag:
ចិន
កូរ៉េខាងត្បូង
THAAD
© រក្សាសិទ្ធិដោយ thmeythmey.com