កីឡាអន្តរជាតិ
អន្តរជាតិ
Giggs អាច​ក្លាយជា​អ្នក​ចាត់​ការក្រុមបាល់ទាត់​លើកដំបូង​ជាមួយ​ឆ្មា​ខ្មៅ Sunderland
23, May 2017 , 5:40 pm        
រូបភាព
Ryan Giggs ជា​បេក្ខភាព​ល្អ​ជាងគេ​ដើម្បី​ដឹកនាំ​ក្រុម Sunderland ជំនួស​តំណែង David Moyes ដែល​បានប្រកាស​ចាកចេញ​ពី​ក្រុម​នេះ​ក្រោយ​ធ្លាក់​ទៅ​ក្របខណ្ឌ Championship រដូវ​កាល​ក្រោយ​។​



​ក្រោយ​ការប្រកាស​លាលែង​ពី​តំណែង​របស់ David Moyes ជា​អ្នកចាត់ការ​ក្រុម Sunderland មិនទាន់បាន​មួយថ្ងៃ​ស្រួលបួល​ផង ពេលនេះ​បាន​លេចលឺ​ពាក្យ​ចរ​ចាម​អារាម​ថា Ryan Giggs នឹង​អាច​ឡើងមក​ដឹកនាំ​ក្រុម​នេះ​ជំនួស​វិញ​។ នេះ​អាច​ថា​ជា​ឱកាសល្អ​ផងដែរ​សម្រាប់​អតីត​វីរបុរស​របស់ Manchester United  ដើម្បី​ចាប់ផ្តើម​អាជីព​ជា​គ្រូបង្វឹក​លើកដំបូង​រប​ស់​ខ្លួន​ជាមួយនឹង​ក្រុម​ឆ្មា​ខ្មៅ​ដែល​ធ្លាក់​ចេញពី​ក្របខណ្ឌ Premier League រដូវ​កាល​ក្រោយ​។​

​បើតាម​ការចុះផ្សាយ​រប​ស់ The Sun អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​វែ​ល វ័យ​៤៣​ឆ្នាំ​រូបនេះ​ក៏បាន​បង្ហាញ​អារម្មណ៍​ពេញចិត្ត​សម្រាប់​តំណែង​អ្នកចាត់ការ​ទូទៅ​ក្នុង​ទឹកដី Stadium of Light នេះដែរ​។​

​សូមបញ្ជាក់ថា David Moyes បានប្រកាស​លាលែង​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Sunderland ទាំង​នៅសល់​កិច្ចសន្យា​រហូតដល់​ទៅ​៣​ឆ្នាំ​ទៀត​ឯណោះ​។ ជាមួយនឹង​ការចាកចេញ​នេះ អតីត​អ្នកដឹកនាំ​ក្រុម Man Utd  ក៏​មិនបាន​ទទួលយក​ប្រាក់​សំណង​ពី​ក្លិប​នេះដែរ​៕



Tag:
 បាល់ទាត់ Ryan Giggs
© រក្សាសិទ្ធិដោយ thmeythmey.com