ពីនេះ ពីនោះ
អក្សរ «ក, គ, ង, ឆ, ដ, ត, ទ, ល,...» ជាពាក្យកំព្រាដែលសព្វថ្ងៃខ្មែរពិបាកប្រើពាក្យទាំងនេះ
× នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួនណាត បានពន្យល់ ពាក្យទោលឯកឯង ជានាមសព្ទ គឺពាក្យដែលមានតែអក្សរមួយតួគត់ ឥតមានព្យញ្ជនៈណាមួយជាតួប្រកបឡើយ ដូចជា ក (កមនុស្ស, កកើត,...); ខ (ខ១, ខ២; ត្រីខ...); គ ( ដើមគ, មនុស្សគ ); ង ( ងស្ទើតឡើង ); ច ( ចឈើ, ឆ្នាំច...); ឆ ( ឆបោក, ឆច្រមុះគោ ); ញ( ដើមញ, ដោះញ ); ដ ( ទូកដ ); ត ( តភ្ជាប់, តទៅ,...); ទ( ទសម្រាប់ដាក់ឲ្យទឹកហូរ ); ព (ពកូន); ល (លមើល); ស ( សម្បុរស ) ជាដើមនេះ គេហៅថា ពាក្យកំព្រា គឺពាក្យទោល។
សព្វថ្ងៃនេះ, ខ្មែរយើងពិបាកប្រើពាក្យកំព្រាទាំងប៉ុន្មាននោះណាស់ ដូចជាត្រូវសរសេរ លើកជាក់លើក (លើកដាក់លើ-ក ), ទូកង ( ទូក-ង ), កុកសក ( កុក-ស-ក ) លូកល ( លូក-ល ) ។ ល ។ បើមិនប្រើគំនូស ( - ) នេះរាំងទេ គេមិនអានថា លើកដាក់-លើក, ទូ-កង, កុក-សក, លូ-កល ឡើយ។
តាមពិត កាលពី គ. ស. ១៩១៤ គណៈកម្មការតែងវចនានុក្រមខ្មែរបានព្រមព្រៀងបង្កើតសញ្ញមួយបែបឲ្យឈ្មោះថា អឌ្ឍចន្ទ "ព្រះចន្ទកន្លះភាគ" មានរូបសណ្ឋានស្រដៀងនឹងព្រះចន្ទចំណិតដូង ប៉ុន្តែមិនផ្ងារឡើងលើទេ ត្រូវប្រើផ្កាប់គ្របលើ ពាក្យកំព្រា, បានប្រើខ្លះបណ្ដើរទៅហើយ, ក៏ស្រាប់តែមានខ្មែរខ្លះគ្នាឯងនេះ កើតមានសេចក្តីក្តៅក្រហាយប្ដឹងផ្ដល់ឡើង អឌ្ឍចន្ទ នោះក៏ត្រូវវិនាសទៅ វិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com