កីឡាជាតិ
ជាតិ
Hun Sen Cup៖ កំពត យុវជន​បាល់ទាត់​ជាតិ សូល​ទី​ឡូ និង​អាស៊ី​អឺរ៉ុប មានប្រៀប​ក្នុងការ​ឆ្ពោះទៅ​វគ្គ​បន្ត​
24, May 2017 , 11:14 am        
រូបភាព
ការប៉ះគ្នារវាងក្រុមអាស៊ីអឺរ៉ុប ជាមួយ ក្រុមស៊ីម៉ាក់ ក្នុងជើងទី១កាលពីពេលកន្លងទៅ
ការប៉ះគ្នារវាងក្រុមអាស៊ីអឺរ៉ុប ជាមួយ ក្រុមស៊ីម៉ាក់ ក្នុងជើងទី១កាលពីពេលកន្លងទៅ
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ចំនួន​៨​ត្រូវ​ប្រជែង​គ្នា ដើម្បី​កាត់សេចក្តី​ក្នុង​ការឈាន​ទៅកាន់​ដំណាក់កាល​បន្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ នា​ជំនួប​ជើង​ទី​២​បញ្ចប់​ដំណាក់កាល​ទី​៣​នៅ​រសៀល​ថ្ងៃទី​២៤ ខែឧសភា នេះ​។ ក្នុងនោះ​ក្រុម​កំពត បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុមយុវជន​ក្រសួងការពារជាតិ រីឯ​ក្រុម​កំពង់ធំ តទល់​ជាមួយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ ។ ចំណែក​ក្រុម​កំពង់ឆ្នាំង ស្វាគមន៍​ក្រុម​សូល​ទី​ឡូ​អង្គរ ខណៈ​អាស៊ី​អឺរ៉ុប ប្រជែង​ជាមួយ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​(​ស៊ីម៉ាក់​)​។​



​ក្រោយ​ទទួល​ជ័យជម្នះ ១-០ កាលពី​ជើង​ទី​១​ក្រុម​កំពត ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តកំពត​ស្វាគមន៍​ក្រុម​ភ្ញៀវ​យុវជន​ក្រសួងការពារជាតិ​ក្នុងជំនួប​ជើង​ទី​២​នា​វេលា​ម៉ោង​៣​រសៀល​នេះ​។ សម្រាប់​ជំនួប​កាត់សេចក្តី ដើម្បី​ឈានទៅ​កាន់​ដំណាក់​បន្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នេះ ក្រុមយុវជន​ក្រសួងការពារជាតិ ត្រូវការ​ឈ្នះ​ដាច់ខាត​លើសពី​១​គ្រាប់​លើ​ក្រុម​កំពត ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ត្រូវការ​តែ​ស្មើ​ប៉ុណ្ណោះ​សម្រាប់​ឡើងទៅ​ដំណាក់កាល​ទី​៤​។

​ក្រុម​កំពង់ធំ ក្រោយ​បរាជ័យ ៣-០ កាលពី​ជើង​ទី​១​ត្រូវធ្វើ​យ៉ាងណា​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ​យុវជន​សាលា​បាល់ទាត់​ជាតិ​ឲ្យ​លើសពី​៣​គ្រាប់​ក្នុងជំនួប​ជើង​ទី​២​នា​រសៀល​នេះ ដើម្បី​បន្ត​ឱកាស​ប្រជែង​ក្នុង​ដំណាក់​បន្ត​។ តែ​យ៉ាងណា វា​មិនមែន​ងាយស្រួល​សម្រាប់​កំពង់ធំ នោះឡើយ ព្រោះ​ក្រុម​ភ្ញៀវ​មួយ​នេះ​សម្បូរ​ទៅដោយ​កីឡាករ​វ័យក្មេង​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព​។

​ចំណែក​ក្រុម​កំពង់ឆ្នាំង ត្រូវការ​ធ្វើការ​ធ្ងន់​ជាងគេ​បន្តិច​នៅ​រសៀល​នេះ​ក្រោយ​បរាជ័យ ៧-១ ក្នុង​ជើង​ទី​១ គឺ​ទាមទារ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ​ធ្វើ​យ៉ាង​យកឈ្នះ​ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ​យ៉ាងតិច​៦​គ្រាប់​ក្នុងជំនួប​ជើង​ទី​២​លើ​ទឹកដី​របស់​ខ្លូន​នៅ​រសៀល​នេះ​។ តែ​យ៉ាងណា ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការឈាន​ទៅកាន់​ដំណាក់​បន្ត ព្រោះ​ក្រុម​នេះ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​។​

​ដោយឡែក ក្នុងជំនួប​រវាង​ក្រុម​ដែល​កំពុង​លេង​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​ទទួល​ជ័យជម្នះ ៣-០ កាលពី​ជើង​ទី​១ គឺ​ក្រុម​អាស៊ី​អឺរ៉ុប​ត្រូវការ​ត្រឹម​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​សម្រាប់​ឡើងទៅ​កាន់​ដំណាក់​បន្ត ខណៈ​ស៊ីម៉ាក់​ទាមទារ​យ៉ាងតិច​៣​គ្រាប់​ក្នុងជំនួប​ជើង​ទី​២​នា​វេលា​ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​៕ 

​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧
- ម៉ោង​៣​រសៀល​៖ កំពត ជួប យុវជន​ក្រសួងការពារជាតិ នៅ​កីឡដ្ឋាន​ខេត្តកំពត​
- ម៉ោង​៣​រសៀល​៖ កំពង់ធំ ជួប យុវជន​សាលា​បាល់ទាត់​ជាតិ នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ​
- ម៉ោង​៣​រសៀល​៖ ខេត្តកំពង់ឆ្នាំង ជួប សូល​ទី​ឡូ​អង្គរ នៅ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង​
- ម៉ោង​៣​រសៀល​៖ អាស៊ី​អឺរ៉ុប ជួប ស៊ីម៉ាក់ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​


Tag:
 Hun Sen Cup 2017
  យុវជន​ក្រសួងការពារជាតិ​
  សូល​ទី​ឡូ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com