អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឌូ​ទើ​តេ ថា​ច្បាប់អាជ្ញាសឹក​អនុវត្ត​នៅ​មិន​ដា​ណាវ មិន​ខុសពី​ជំនាន់​មេដឹកនាំ​ផ្តាច់ការ ម៉ា​កូ​ស​ឡើយ​
24, May 2017 , 1:40 pm        
រូបភាព
ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) ថ្លែង​មុនពេល​ចាក​ចេញពី​រុស្ស៊ី​ត្រឡប់មក​ហ្វីលីពីន​វិញ​ថា ការអនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​កោះ​មិន​ដា​ណាវ (Mindanao) អាចមាន​រយៈពេល​ដល់​មួយឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​ភេរវកម្ម​។ លោក​សង្កត់ធ្ងន់ថា លោក​នឹង​កាច​សាហាវ​បន្តិច​ហើយ​ពេល​កម្ចាត់​ភេរវកម្ម​នេះ ហើយ​ច្បាប់អាជ្ញាសឹក​ដែល​អនុវត្ត​ពេលនេះ​វា​ដូច​ការអនុវត្ត​នៅក្នុង​របប​ផ្តាច់កា​រលោក ហ្វ៊ែ​ឌី​ណង់ ម៉ា​កូ​ស (Ferdinand Marcos)​ដែរ​។ 

​យប់​ថ្ងៃ ២៣ ឧសភា ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ស​ម្រេច​ប្រកាស​ដាក់​កោះ​មិន​ដា​ណាវ​ទាំងមូល​ក្រោម​ច្បាប់អាជ្ញាសឹក ដើម្បី​ឆ្លើយតប​ចំពោះ​ការបន្ត​ប្រយុទ្ធ​គ្នា​រវាង​ក្រម​ភេរវជន Maute ជាមួយ​ក្រុម​ទាហាន​រដ្ឋាភិបាល​។ ទាហាន​ពីរ​នាក់ និង​ប៉ូលិស​ម្នាក់​ត្រូវបាន​ក្រុម​នេះ​សម្លាប់​ក្នុង​ប្រតិបត្តិការ​សឹក​នា​ថ្ងៃ​អង្គារ ទី​២៣​ឧសភា នេះដែរ​។​
 
​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana បាន​បង្ហើប​នៅ​យប់​ថ្ងៃ ២៣ ខែឧសភា ថា​ក្រុម​ប្រដាប់អាវុធ​ដែលជា​សមាជិក​ក្រុម Maute នេះ​បាន​ដណ្តើម​មន្ទីរពេទ្យ​, សាលាក្រុង និង​ពន្ធនាគារ រួមទាំង​ដុត​វិហារ​គ្រិស្ត​នៅក្នុង​ទីក្រុង​ផងដែរ​។ កងកម្លាំង​រដ្ឋាភិបាល​ឡោមព័ទ្ធ និង​បន្ត​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​ភេរវជន​នេះ ដោយ​ស្ថានការណ៍​ជារួម​ហាក់​ធ្ងន់ធ្ងរ​ខ្លាំង​។​
 
​ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ដដែល លោក Edgard Arevalo អ្នកនាំពាក្យ ស្ថាប័ន​កងទ័ព​ហ្វីលីពីន (AFP) លើកឡើង​ខុស​ទាំងស្រុង​ពី​រដ្ឋមន្ត្រី​ការពារជាតិ​។  អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន​រូបនេះ​បានប្រកាសថា កងទ័ព​រដ្ឋាភិបាល​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ហើយ​សភាពការណ៍​ជារួម​ត្រឡប់​មកប្រក្រតីវិញ​ហើយ​។​
 
 តំណាងយោធាហ្វីលីពីនក៏បញ្ជាក់​ផងដែរថា វា​មិនមែនជា​ការវាយប្រហារ​ភេរវកម្ម​ឡើយ ប៉ុន្តែ​ការប៉ះទង្គិច​គ្នា​នេះ​កើតឡើង​ក្រោយពេល​កងកម្លាំងប្រដាប់អាវុធ​រដ្ឋាភិបាល​វាយឆ្មក់​ចូល​ផ្ទះមួយ​ដែល​គេ​ជឿជាក់ថា កន្លែង​ដែល​មេដឹកនាំ​ក្រុម​អា​ប៊ូ​សា​យ៉ាវ (Abu Sayyaf) Isnilon Hapilon កំពុង​លាក់ខ្លួន​។​
 
 
 អ្នកនាំពាក្យ​រូបនេះ​ក៏បាន​បដិសេធ​ព័ត៌មាន​មួយចំនួន​ដែលថា ក្រុម​ប្រដាប់អាវុធ​ជា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ព័ត៌មាន​ផ្សាយ​ថា​ក្រុម​នេះ​បាន​កាន់កាប់​សាលាក្រុង និង​មន្ទីរពេទ្យ​។ ស្ថាប័ន​នេះ​ក៏​ដាស់តឿន​ឲ្យ​ប្រជាជន​ពលរដ្ឋ​ប្រុងប្រយ័ត្ន​មុន​ចែកចាយ​ព័ត៌មាន​ដែល​បង្ក​ឲ្យ​មាន​ចលាចល​ដែរ​។​
 
​ត្រឡប់មកវិញ ច្បាប់អាជ្ញាសឹក​ដែល​ត្រូវបាន​ប្រកាស​នេះ​នឹងមាន​អនុភាព​អនុវត្ត​រយៈពេល ៦០​ថ្ងៃ បើ​អនុលោម​តាម​មាត្រា ៧ វាក្យខណ្ឌ​ទី ១៨ នៃ​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​ឆ្នាំ ១៩៨៧​។ វា​ក៏​ចែងថា​៖«​ក្នុងស្ថានភាព​អាសន្ន​ដូចជា​មានការ​ឈ្លានពាន​ឬ​មាន​ចលនា​បះបោរ ប្រធានាធិបតី​ក្នុងនាម​ជា​មេបញ្ជាការ​កំពូល​កងទ័ព​អាច​ព្យួរ​បុព្វសិទ្ធិ​តុលាការ​ក្នុងការ​ត្រួតពិនិត្យ​ភាពស្របច្បាប់​នៃ​ការចាប់ខ្លួន​ឬ​ឃុំខ្លួន​ជនសង្ស័យ​របស់​អាជ្ញាធ​រ ឬ​អាច​ប្រកាស​ដាក់​ប្រទេស​ក្រោម​ច្បាប់អាជ្ញាសឹក​បាន​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សាធារណៈ​»​។​
 
​ពាក់ព័ន្ធ​ការប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​នេះដែរ ប្រធានាធិបតី ឌូ​ទើ​តេ បានបញ្ជាក់​មុនពេល​លោក​ចាក​ចេញពី​រុស្ស៊ី​មក​ហ្វីលីពីន​ទាំង​កណ្តាលយប់​ថា ច្បាប់អាជ្ញាសឹក​ដែល​ត្រូវដាក់​អនុវត្ត​នេះ​តឹងរ៉ឹង​ដូច​ច្បាប់អាជ្ញាសឹក​ជំនាន់​មេដឹកនាំ​ផ្តាច់ការ​ប្រធានាធិបតី ហ្វ៊ែឌី​ណង់ ម៉ា​កូ​ស​(Ferdinand Marcos) ដូច្នេះ​ដែរ​។​
 
​យោងតាម​វីដេអូ Live ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អនុរដ្ឋមន្ត្រី​ព័ត៌មាន​ហ្វីលីពីន Mocha Uson លោក ឌូ​ទើ​តេ បាន​ថ្លែងថា​៖« ច្បាប់អាជ្ញាសឹក​គឺ​ច្បាប់អាជ្ញាសឹក​។ វា​មិនមាន​អ្វី​ខុសប្លែក​ពី​អ្វីដែល​ប្រធានាធិបតី ម៉ា​កូ​ស ធ្វើ​ឡើយ​។ ខ្ញុំ​នឹង​សាហាវ​ក្នុងការ​ដោះស្រាយ​បញ្ហា​ភេរវកម្ម​។​កុំ​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើ​វា​»​។​
 
​ពេល​សួរថា តើ​ការអនុវត្ត​ច្បាប់អាជ្ញាសឹក​មាន​រយៈពេល​យូរ​ប៉ុណ្ណា លោក ឌូ​ទើ​តេ បញ្ជាក់ថា វា​ប្រហែល​ត្រូវការ​ពេល​រយៈពេល​មួយឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា ថ្វីបើ​អ្នកនាំពាក្យ​លោក​ធ្លាប់​បញ្ជាក់ថា ច្បាប់អាជ្ញាសឹក​នេះ​មាន​រយៈពេល​អនុវត្ត​ត្រឹម​៦០​ថ្ងៃ​ប៉ុណ្ណោះ​។  ប៉ុន្តែ​លោក ឌូ​ទើ​តេ ថា​លោក​ពិតជា​សប្បាយចិត្ត បើសិន​អាច​ដោះស្រាយ​បញ្ហា​ក្នុង​រយៈពេល​ត្រឹម ១​ខែ​នោះ​។​
 
​តាម​រដ្ឋធម្មនុញ្ញ ច្បាប់អាជ្ញាសឹក​នឹងមាន​សុពលភាព​ត្រឹម ៦០​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​អាច​បន្ថែម​រយៈពេល​អនុ​វត្ត​បាន​ក្នុងករណី​ចាំបាច់​។ ប៉ុន្តែ​ជារួម​ដើម្បី​បន្ត​សុពលភាព វា​ចាំបាច់​ត្រូវមាន​ការអនុម័ត​យល់​ព្រម​ពី​សំណាក់​សភា​ជាមុនសិន​៕
 

Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ហ្វីលីពីន​
  Maute
  Delfin Lorenzana
  មិន​ដា​ណាវ​
  Marawi
© រក្សាសិទ្ធិដោយ thmeythmey.com