កីឡាអន្តរជាតិ
អន្តរជាតិ
ប្រាក់ឈ្នួល១៦ម៉ឺនដុល្លារក្នុង១សប្តាហិ៍ Defoe លា Sunderland ទៅចូលរួមជាមួយ Bournemouth
× Jermain Defoe បានសម្រេចចាកចេញពីឆ្មាខ្មៅ Sunderland ដើម្បីទៅចូលរួមជាមួយ Bournemouth ដោយគ្មានតម្លៃផ្ទេរ តែទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហិ៍សរុប១៣ម៉ឺនផោន ប្រមាណជាង១៦ម៉ឺនដុល្លារអាមេរិក។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ នឹងចុះកិច្ចសន្យារយៈពេល៣ឆ្នាំពោលគឺរហូតដល់រូបគេមានអាយុ៣៧ឆ្នាំជាមួយ Bournemouth បន្ទាប់ពីក្រុមចាស់ Sunderland បានធ្លាក់ទៅលេងនៅក្របខណ្ឌទី២ Championship នៅរដូវកាលក្រោយ។
Defoe បានទៅចូលរួមជាមួយឆ្មាខ្មៅកាលពីខែមករា ឆ្នាំ២០១៥ និងស៊ុតបញ្ចូលទីបាន១៥គ្រាប់ក្នុងលីកក្នុងរដូវកាលនេះផងដែរ ក្រោមការដឹកនាំរបស់លោក David Moyes។
កាលពីរដូវកាល ២០០០-២០០១ អតីតសមាជិកក្រុម Tottenham Hotspur និង Portsmouth រូបនេះក៏ធ្លាប់ត្រូវបាន Bournemouth ខ្ចីជើងពី West Hamផងដែរដោយអាចស៊ុតចូលបាន១០ប្រកួតជាប់គ្នា។
Jermain Defoe កាលពី Bournemouth ខ្ចីជើងពី West Ham ក្នុងរដុវកាល ២០០០-២០០១
បើតាម The Sun ក្រៅពី Jermain Defoe អ្នកចាត់ការវ័យក្មេងជាងគេនៅក្របខណ្ឌ Premier League លោក Eddie Howe ក៏ចង់បានខ្សែការពារវ័យ៣៦ឆ្នាំ John Terry ដែលផុតកិច្ចសន្យាជាមួយ Chelsea ដើម្បីមករួមក្រុមនៅរដូវកាលក្រោយផងដែរជាមួយនឹងប្រាក់ប្រចាំសប្តាហិ៍១០ម៉ឺនផោន ជិត១៣ម៉ឺនដុល្លារអាមេរិក៕
Tag:
បាល់ទាត់
Jermain Defoe
Sunderland
Bournemouth
© រក្សាសិទ្ធិដោយ thmeythmey.com