ជាតិ
គណៈ​ដឹកនាំ​នៃ​សាសនា​ឥស្លាម​ប្រាប់​ឲ្យ​ពលរដ្ឋ​មើល​ខ្នើត​ដើម្បី​ត្រៀម​ចូល​ខែ​បួស​
25, May 2017 , 8:19 am        
រូបភាព
«លោក សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា»។  រូបភាពពីហ្វេសប៊ុកលោក។
«លោក សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា»។ រូបភាពពីហ្វេសប៊ុកលោក។
​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន បាន​ប្រាប់​ទៅដល់​ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​សហគមន៍​ខ្មែរឥស្លាម​ទាំងអស់ ឲ្យ​ចាំមើល​ខែខ្នើត​ដើម្បី​កំណត់​ថ្ងៃ​ចូល​បួស ឬ​ខែ​រ៉​ម៉ា​ទ​ន ក្នុង​ឆ្នាំ​២០១៧​នេះ​។​



​តាម​សេចក្តីជូនដំណឹង គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​ប្រាប់​ទៅ​អ៊ី​មាំ​គ្រប់​ជាន់ថ្នាក់ ត្រូវ​សហការ​ចាត់តាំង​គណៈកម្មកា​រ ដើម្បី​មើល​ខែខ្នើត​ខែ​រ៉​ម៉ា​ទ​ន​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវបាន​លក្ខខណ្ឌ​ដែល​អាច​ជឿជាក់​បាន​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​២៩ ខែ​សាក់​ពាន ឆ្នាំ​១៤៣៨ មូ​ហាំ​ម៉ាត់​ហិ​ជ្ជ​រោះ (​ខែ​សាសនា​ឥស្លាម​) ដែល​ត្រូវ​នឹង​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០១៧​។ គណៈ​ដឹកនាំ​ឥស្លាម​កម្ពុជា​បាន​បញ្ជាក់ថា​៖« បើ​មើលឃើញ​ខ្នើត​ខែ ការចូល​បួស​ត្រូវ​ចាប់ផ្តើម​ថ្ងៃ​សៅរ៍ ទី​២៧ ឧសភា​។ បើសិន​មើលមិនឃើញ យើង​កំណត់​យក​ថ្ងៃ​សៅរ៍​ជា​ថ្ងៃ​រាប់​បង្គ្រប់​ចំនួន ៣០​ថ្ងៃ នៃ​ខែ​សាក់​ពាន ហើយ​ការចូល​បួស​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ទី​២៨ ឧសភា ឆ្នាំ​២០១៧ ជា​កំហិត​»​។​

​លោក សុះ កំ​រ៉ី ដែលជា​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​សាសនា​ឥស្លាម​កម្ពុជា បាន​បញ្ជាក់ថា អ៊ី​មាំ​គ្រប់​រាជធានី ខេត្ត​ទាំងអស់ ព្រមទាំង​សាសនិក​ឥស្លាម ត្រូវធ្វើ​ការត្រួតពិនិត្យ​ជាបន្ទាន់ និង​កុំអាល​ផ្សព្វផ្សាយ ត្រូវ​រាយការណ៍​ដល់​ថ្នាក់លើ​ដើម្បី​ត្រួតពិនិត្យ និង​សម្រេច​ប្រកាស​តាម​ប្រពន្ធ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​។ ការផ្សព្វផ្សាយ នឹងត្រូវ​ផ្សព្វផ្សាយ​នៅតាម​ស្ថាប័ន​ព័ត៌មាន​មួយចំនួន មានដូចជា​ទូរទស្សន៍​បាយ័ន អប្សរា នៅ​ល្ងាច​ថ្ងៃទី​២៦ ឧសភា វេលា​ម៉ោង ៧​និង​១៥​នាទី ឬ​តាម​វិទ្យុ FM 96 MHz នៅ​ម៉ោង ៩​យប់​៕



Tag:
 បួស​
  រ៉​ម៉ា​ទ​ន
© រក្សាសិទ្ធិដោយ thmeythmey.com