ជាតិ
ឧទ្ធរណ៍ សម្រេច​ដូច​សាលាដំបូង ដែល​បន្ត​ឃុំ​មន្ត្រី​អាដហុក ៦​ខែ​ទៀត​
24, May 2017 , 3:44 pm        
រូបភាព
​ភ្នំពេញ​៖ សាលាឧទ្ធរណ៍ មិន​ជំទាស់​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះទេ ដែល​បន្ត​ឃុំ​មន្ត្រី​អាដហុក​ទាំង​៤​រូប ក្នុង​ព​ន្ធា​នាគារ​ចំនួន​៦​ខែ បន្ថែមទៀត ។ នេះ ជាការ​អះអាង​របស់​មេ​ធា​វី ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប ខាងលើ​។


  
​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សាលាឧទ្ធរណ៍ បាន​បើកសវនាការ លើ​សំណើ​របស់​ក្រុម​មេធាវី ដែល​សុំ​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កំណត់​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រយៈពេល ៦​ខែ​បន្តទៀត ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ តាំងពី​ឆ្នាំ​២0១៦ មក​។ ក្រោយ​បញ្ចប់​សវនាការ សាលាឧទ្ធរណ៍ ក៏បាន​ប្រកាសថា សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​សម​ហេតុផល​។

​លោក ឡោ ជុន​ធី មេធាវី​១​រូប​របស់​មន្ត្រី​អាដហុក បាន​ប្រាប់​សារ​ព័ត​មាន​ថ្មីៗ​ថា ហេតុផល​របស់​សាលាឧទ្ធរណ៍ ក្នុងការ​បន្ត​ឃុំ​មន្ត្រី​អាដហុក គឺ​មិន​ខុសពី​សាលាដំបូង​រាជធានី​ភ្នំពេញ នោះទេ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​សំណុំរឿង​ហ្នឹង មិនទាន់​សួរ​ចប់សព្វគ្រប់ ទើប​បន្ត​ឃុំ​ពួកគាត់​៦​ខែ​ទៀត​។ ហើយ​សាលាឧទ្ធរណ៍ ក៏​យល់​អ៊ីចឹង​ដែរ​។ ហេតុផល​គឺ​ដូចគ្នា​»​។

​យ៉ាងណាក៏ដោយ លោក ឡោ ជុន​ធី នៅតែ​យល់ថា សំណុំរឿង​ខាងលើ របស់​មន្ត្រី​អាដហុក មិន​ធ្ងន់ធ្ងរ​ឬ​ស្មុគស្មាញ រហូតដល់​ចៅក្រម​ស៊ើបសួរ ត្រូវ​ចំណាយពេល​ដ៏​យូរ​បែបនេះ ដើម្បី​ឃុំ​មន្ត្រី​អាដហុក នោះទេ​។ បើតាម​លោក ឡោ ជុន​ធី ចៅក្រម​ស៊ើបសួរ គួរតែ​ឆាប់​ប​ញ្ចូ​ន​សំណុំរឿង ទៅ​ជំនុំជម្រះ ទើប​ប្រសើរ​។

​ដោយឡែក អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  លោក នី ចរិយា ដែល​កំពុង​ជាប់ឃុំ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ​ដែល​នោះ មិនបាន​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ជាមួយនឹង​មន្ត្រី​អាដហុក ឡើយ​។ នេះ​ជាការ​អះអាង​របស់លោក សំ សុ​គង់ ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា​។

​លោក សំ សុ​គង់ ធ្លាប់​និយាយថា លោក​បានដាក់​ពាក្យ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​តែម្តង ដើម្បី​សុំ​ឲ្យ​លោក នី ចរិយា បាន​នៅក្រៅ​ឃុំ​។ ប៉ុន្តែ​រហូតមក​ដល់ពេល សំណើ​របស់លោក មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ចៅក្រម​ស៊ើបសួរ​នោះទេ​។

​សូមបញ្ជាក់ថា មន្ត្រី​អាដហុក​ទាំង​៤​រូប រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការរង​គ​.​ជ​.​ប លោក នី ចរិយា បាន​ជាប់ពន្ធនាគារ អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​។ ចៅក្រម​សើ​ប​សួរ ទើបតែ​សម្រេច​សាជាថ្មី ដោយ​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប បន្ត​ជាប់ឃុំ​ជា​បណ្តោះអាសន្ន ចំនួន​៦​ខែ​ទៀត​។ មន្ត្រី​អាដហុក រង​ពីបទ​ចោទ «​សូកប៉ាន់​សាក្សី​» ហើយ​លោក មន្ត្រី​គ​.​ជ​.​ប រង​ពីបទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»៕


Tag:
 តុលាការ​
  អាដហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com