ជាតិ
​ទូត​បារាំង​ថ្មី​ដែល​កាត់​វៀតណាម នឹង​ធ្វើការ​ដើម្បី​ប្រយោជន៍​បារាំង​និង​កម្ពុជា
24, May 2017 , 4:00 pm        
រូបភាព
​ព័ត៌មាន​ស្តីពី​ការតែងតាំង​ឯកអគ្គរដ្ឋទូត​បារាំង​ថ្មី​ប្រចាំ​កម្ពុជា ដែលជា​កូនកាត់​វៀតណាម បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាធារណមតិ​ខ្មែរ​។ ប៉ុន្តែ​លោក​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ Jean-Claude Poimboeuf អះអាងថា លោកស្រី​ឯកអគ្គរដ្ឋទូត Eva Nguyen-Binh គឺជា​អ្នកការទូត​ដ៏​ចំណាន​ដែល​បម្រើ​ប្រទេស​បារាំង​ជាង​២០​ឆ្នាំ​មកហើយ​។​



​ពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​សំដែង​ការភ្ញាក់ផ្អើល​ភ្លាម នៅពេលដែល​ទទួលបាន​ព័ត៌មាន​ថា​អតីត​ប្រធានាធិបតី​បារាំង​ទើប​ចប់​អាណត្តិ លោក François Hollande បានតែងតាំង​អ្នកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ (Eva Nguyen-Binh) ដែលជា​ជនជាតិ​បារាំង​កាត់​វៀតណាម ជា​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​។ អារម្មណ៍​ភ្ញាក់ផ្អើល​ត្រូវបាន​គេ​មើលឃើញ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​ជិត​ផុត​អាណត្តិ​លោក Jean-Claude Poimboef ក៏​ភ្ញាក់ផ្អើល​ដែរ នៅពេល​លោក​ឃើញ​ប្រតិកម្ម​នានា​ចំពោះ​ការតែងតាំង​អ្នកស្រី អេ​វ៉ា ង្វៀន​បិ​ញ​។ ប៉ុន្តែ​នៅក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកកា​រទូត​បារាំង​រូបនេះ​បាន​ថ្លែង​ជឿជាក់​ខ្លាំង​លើ​សមត្ថភាព​ការងារ និង​ថា​អ្នកស្រី​អគ្គរដ្ឋទូត​បារាំង​ថ្មី​នឹង​ធ្វើការ​ដើម្បី​ប្រយោជន៍​របស់​ប្រទេស​បារាំង និង​កម្ពុជា​។ លោក Jean-claude Poimboeuf បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សូម​ជឿ​ចុះ​ថា លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ គឺជា​អ្នកការទូត​បារាំង​មួយរូប​ដ៏​មាន​ពិសោធន៍ ដែល​បម្រើ​ប្រទេស​បារាំង​ប្រកបដោយ​ទេពកោសល្យ​ជាង​២០​ឆ្នាំ​មកហើយ ហើយ​លោកស្រី​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ដ៏​យូរលង់​រវាង​ប្រទេស​កម្ពុជា​និង​បារាំង​»​។

​លោកស្រី Eva Nguyen-Binh ដែលជា​ភរិយា​របស់​អតីត​ទូត​បារាំង​ប្រចាំ​វៀតណាម លោក Jean-Noel Poirier (​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦) គឺជា​អ្នក​ដែលមាន​បទពិសោធន៍​ជោគជាំ​ក្នុង​វិស័យ​ការទូត​។ ស្ត្រី​ដែលមាន​ឪពុក​ជា​ជនជាតិ​វៀតណាម និង​ម្តាយ​ជា​ជនជាតិ​បារាំង​រូបនេះ បាន​ចូល​បម្រើការ​នៅ​ក្រសួងការបរទេស​បារាំង តាំងពី​ឆ្នាំ​១៩៩៤ មកម្ល៉េះ​។ ជាមួយគ្នានេះ លោកស្រី​ក៏​ជា​នាយិកា​វិទ្យាស្ថាន​បារាំង​ប្រចាំ​ក្រុង​ហាណូយ​ផងដែរ​៕


Tag:
 ស្ថានទូត​បារាំង​
  Eva Nguyen-Binh
  Jean-Claude Poimbeouf
© រក្សាសិទ្ធិដោយ thmeythmey.com