ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស RDP របស់លោក​ស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា​៖ ត្រូវ​ដាំ​ដុះ​គ្រប់​រដូវ​លើដី​ដែល​នៅ​ទំនេរ​
25, May 2017 , 9:19 am        
រូបភាព
លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ រូបថត Thmey Thmey
លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ រូបថត Thmey Thmey
ដោយ: ថ្មីៗ
​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (RDP) ដឹកនាំ​ដោយ​ស្ត្រី​ខ្មែរ​-​អាមេរិក គឺ​លោកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា​។ គណបក្ស​នេះ​បង្កើតឡើង​កាលពី​ឆ្នាំ​២០១២ ហើយ​បាន​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៥​កន្លងមក​ផងដែរ​។ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​នាពេលខាងមុខ RDP ដាក់​បេក្ខភាព​ប្រកួតប្រជែង​នៅ​ឃុំ​-​សង្កាត់​ចំនួន​១៤​នៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និង​ឧ​ត្ត​រ​មានជ័យ ដោយមាន​បេក្ខជន​សរុប​២០៧​នាក់ (​ស្ត្រី​៨៤​នាក់​)​។​



​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​ផ្តោត​ជាពិសេស​ទៅលើ​វិស័យ​កសិកម្ម​នៅ​មូលដ្ឋាន និង​ទីផ្សា​សម្រាប់​ផលិតផល​កសិកម្ម​។ តាម​ខ្លឹមសារ​នយោបាយ​ដែល​បាន​ផ្សព្វផ្សាយ បក្ស RDP បាន​លើកឡើងថា  ការអភិវឌ្ឍ​មូលដ្ឋាន​ពឹងផ្អែក​ជាសំខាន់​លើ​វិស័យ​កសិកម្ម​ដោយ​ពលរដ្ឋ​៧៣​ភាគរយ​ជា​កសិករ​។​

«​កសិកម្ម​ទាំងអស់​ត្រូវមាន​ការដាំ​ដុះ ឲ្យ​មាន​គ្រប់​រដូវ​លើដី​ដែល​នៅ​ទំនេរ និង​សង់​លំនៅដ្ឋាន បង្កើត​ប្រព័ន្ធ​ធា​រាស្ត្រ​ឲ្យ​លឿន​បំផុត​ជូន​ប្រជាពលរដ្ឋ ទំនប់ ប្រឡាយ អាងទឹក លូទឹក ចែកចាយ​ចូលដល់​ប្រព័ន្ធ​ជនបទ ស្រុកស្រែ​ចម្ការ និង​ទំ​បន់ ដែល​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​»​។ នេះ​បើតាម​ខ្លឹមសារ​នយោបាយ​របស់ RDP​។​

​ក្រៅពីនេះ គណបក្ស​ដែល​ដឹកនាំ​ដោយ​លោកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា បានលើកឡើង​ពី​គោលការណ៍​គ្រប់គ្រង​ដីធ្លី ទីផ្សារការងារ និង​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​។ គណបក្ស​បាន​សន្យាថា នឹង​បង្កើត​វិនិយោគ​ក្នុងប្រទេស និង​ក្រៅប្រទេស ការពារ​មិន​ឲ្យ​មានការ​គាបសង្កត់​យក​លុយ​ពី​អ្នកវិនិយោគ ដោយ​នីតិវិធី​ច្បាប់​រដ្ឋាភិបាល​ត្រូវ​បន្ថយ​ពន្ធដារ និង​តម្លៃ​ក្នុង​ការបើក​ក្រុមហ៊ុន និង​មុខរបរ​ទាំងអស់​ដើម្បី​បង្កើត​ការងារ​រោងចក្រ ឲ្យ​បាន ៥0% នៃ​ការងារ​។

ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យនៅ​មូលដ្ឋាន គណបក្ស​នឹង​ប្រគល់​សិទ្ធិអំណាច​បរិបូរណ៍ បញ្ចេញមតិ​ដោយ​សេរី តាមបែប​ប្រជាធិបតេយ្យ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​សេចក្តីថ្លែងការណ៍​ជា​សាក​លពី​សិទ្ធិមនុស្ស​។ RDP សន្យា​ផងដែរ​ក្នុងការ​បញ្ឈប់​ពលកម្ម​កុមារ​បម្រើ​តាម​ផ្ទះ បញ្ហា​អន្តោប្រវេសន៍​នៅ​កម្ពុជា និង​វិធានការ ក្នុងការ​ការពារ​ច្បាប់​ដើម្បី​ដោះស្រាយ​បាតុភាព​អវិជ្ជមាន​ក្នុង​ឃុំ​-​សង្កាត់​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា
© រក្សាសិទ្ធិដោយ thmeythmey.com