អន្តរជាតិ
ត្រាំ សរសើរ​«​សង្គ្រាម​គ្រឿងញៀន​» ឌូ​ទើ​តេ​, បន្ទោស​អូ​បា​ម៉ា ថា​មិន​យល់​បញ្ហា​ហ្វីលីពីន
24, May 2017 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​សរសើរ​សង្គ្រាម​ក​ម្ចា​ត់​គ្រឿងញៀន​របស់​ប្រធានាធិបតី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​កាលពី​ចុងខែ​មុន​។ ត្រាំ ក៏​ទទួលស្គាល់ថា ប្រធានាធិបតី​អាមេរិក​មុន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនបាន​យល់ច្បាស់​ពី​បញ្ហា​គ្រឿងញៀន​នៅ​ហ្វីលីពីន​ឡើយ​។



​កិច្ចសន្ទនា​សម្ងាត់ រវាង​លោក ដូ​ណា​ល់ ត្រាំ  ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ កាលពី​ចុងខែ​មេសា​ត្រូវបាន​សារព័ត៌មាន New York Times ចុះផ្សាយ​នៅ​សប្តាហ៍​នេះ​។ ក្នុង​កិច្ចសន្ទនា​នេះ លោក ត្រាំ បាន​សរសេរ​លោក ឌូ​ទើ​តេ និង​សង្គ្រាម​គ្រឿងញៀន​របស់លោក​ផង​។​

​អត្ថបទ​ចម្លង​នៃ​កិច្ចសន្ទនា​ដែល​ត្រូវបាន​សារព័ត៌មាន New York Times ចុះផ្សាយ​នេះ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋបាល​លោក​ត្រាំ ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ទទួលស្គាល់ថា វា​ជាស​ម្ត​ប្រធានាធិបតី​ក្នុងពេល​សន្ទនា​ជាមួយ​លោក ឌូ​ទើ​តេ មែន​។

​លោក ត្រាំ បាន​ប្រា​ប់លោក ឌូ​ទើ​តេ ដូច្នេះ​ថា​៖« ខ្ញុំ​គ្រាន់តែ​ចង់​សាទរ​លោក​ព្រោះ​ខ្ញុំ​លឺថា ពី​ចំណាត់​ការដែល​មិនគួរ​ឲ្យ​ជឿ​របស់លោក​ក្នុងការ​កម្ចាត់​គ្រឿងញៀន​។​ប្រទេស​ជាច្រើន​មាន​បញ្ហា​នេះ ហើយ​យើង​ក៏មាន​បញ្ហា​នេះដែរ​។ នេះ​ជា​កិច្ចការ​ដ៏​ពិសេស​មួយ​ដែល​អ្នក​កំពុង​ធ្វើ ហើយ​ខ្ញុំ​គ្រាន់តែ​ចង់​ទូរ​សព្ទ​មក​ប្រាប់​អ្នក​ពី​បញ្ហា​នេះ​»​។​

​ក្រៅពី​កោតសរសើរ​លោក ឌូ​ទើ​តេ និង​សង្គ្រាម​គ្រឿងញៀន​លោក​ហើយ ត្រាំ បាន​បន្ទោស​រដ្ឋបាល​អាមេរិក​មុន​ដែល​បាន​ទិតៀន​និង​ថ្កោលទោស​ហ្វីលីពីន​។ លោក​ព្រលយ​ពាក្យ​ថា រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនបាន​យល់​ពី​បញ្ហា​ប្រឈម​គ្រឿងញៀន​ដែល​ហ្វីលីពីន​កំពុង​ជួបប្រទះ​ឡើយ​។​

​តាមពិតទៅ សង្គ្រាមលោក ឌូ​ទើ​តេ បានសម្លាប់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​អស់​ជិត​៩​ពាន់​នាក់ ទាំង​អ្នកប្រើប្រាស់​និង​អ្នកជួញដូរ ហើយ​លោកខាងលិច​ជាពិសេស​ក្រុម​សិទ្ធិមនុស្ស​បន្ត​រិះគន់​និង​ថ្កោលទោស​សង្គ្រាម​នេះ​ផងដែរ ដោយ​គេ​លើកឡើង​ពី​ការ​បំពារបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ប៉ូលិស​អះអាងថា មួយ​ភាគបី​នៃ​ចំនួន​អ្នកស្លាប់​គឺ​ត្រូវបាន​បាញ់សម្លាប់​ព្រោះ​ប៉ូលិស​ប្រើប្រាស់​សិ​ទ្វិ​ការពារ​ខ្លួន​។​

​ដោយសារ​សង្គ្រាម​គ្រឿងញៀន​នេះហើយ ទំនាក់ទំនង​រវាង​អាមេរិក​និង​សម្ព័ន្ធមិត្ត​ហ្វីលីពីន​ធ្លាក់ចុះ​ខ្លាំង​រយៈពេល​ចុងក្រោយ ហើយ​ហ្វីលីពីន​ងាក​ខ្លាំង​ទៅរក​ចិន​និង​រុស្ស៊ី​វិញ​។ ប៉ុន្តែ​គេ​សង្ឃឹមថា គោលជំហរ​របស់លោក ដូ​ណា​ល់ ត្រាំ នឹង​ជួយ​ស្តារ​ទំនាក់ទំនង​ល្អក់កករ​នេះ​បាន​នៅពេល​ខាងមុខ​។
 
​កន្លងមក​លោក ឌូ​ទើ​តេ​ក៏បាន​សរសើរ​លោក ដូ​ណា​ល់ ត្រាំ ផងដែរ​។ ក្នុង​បទសម្ភាសន៍​នៅ​សប្តាហ៍​នេះ​ជាមួយ​សារព័ត៌មាន​រុស្ស៊ី RT លោក ឌូ​ទើ​តេ បាន​ហៅ​លោក ត្រាំ ថា​ជា​អ្នកនយោបាយ​សាមញ្ញ និង​ចេះ​យល់​សាច់​ការ​បានល្អ​។ លោក​ក៏​រំពឹងថា កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​ជាមួយ​អាមេរិក​ក្រោម​អាណត្តិ​លោក ត្រាំ នឹង​ប្រសើរឡើង​ដែរ​នៅពេល​អនាគត​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញលោក ឌូ​ទើ​តេ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ដែរ ក្នុង​កិច្ចសន្ទនា​កន្លងមក ហើយ​លោក ត្រាំ ក៏​នឹង​មក​ចូលរួម​ប្រជុំ​កំពូល​ចំនួន​ពីរ​ធំៗ​ក្នុង​ក្របខណ្ឌ​អាស៊ាន​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​ដែល​នឹង​រៀបចំឡើង​នៅក្នុង​ប្រទេស​ហ្វីលីពីន​៕


Tag:
 ​ដូ​ណា​ល់ ត្រាំ​
 ​បា​រ៉ា​ក់ អូ​បា​ម៉ា​
  សង្គ្រាម​គ្រឿងញៀន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
© រក្សាសិទ្ធិដោយ thmeythmey.com