ជាតិ
សេដ្ឋកិច្ច
ក្រសួង​រៀបចំ​ដែនដី​បានអនុម័ត​លើ​គម្រោង​សាងសង់​ក្នុងតម្លៃ​សរុប ៤​ពាន់​លាន​ដុល្លារ​នៅ​៤​ខែ​ដើមឆ្នាំ​
24, May 2017 , 5:31 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទាំង​សមត្ថកិច្ច​ថ្នាក់ជាតិ និង​ថ្នាក់​រាជធានី​ខេត្ត​បានអនុញ្ញាត​លើ​គម្រោង​សាងសង់​ដែលមាន​តម្លៃ​សរុប​តាម​ការប៉ានស្មាន​ចំនួន ៤០២២ លាន​ដុល្លារ កើនឡើង ៤៣ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៦ ដែលមាន​ទុនវិនិយោគ ២៨០៥ លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​នៅ​ថ្ងៃទី ២៣​ខែឧសភា​។​



​នៅក្នុង​អំឡុងពេល ៤​ខែ​ដើម​ឆ្នាំនេះ ក្រសួង​រៀបចំ​ដែនដី​បានអនុម័ត​លើ​គម្រោង​សាងសង់​ចំនួន ១០២០ លើ​ផ្ទៃក្រឡា​សំណង់​សរុប ៥,៦ លាន​ម៉ែត្រការ៉េ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៦ ដែលមាន​ចំនួន ៧១២​គម្រោង លើ​ផ្ទៃក្រឡា ៥,៩​លាន​ដុល្លារ​។​

​លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTrust Appraisal បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តួលេខ​នេះ​បានបង្ហាញ​ពី​ការទុកចិត្ត​របស់​វិនិយោគ​គិ​ន​ក្នុងការ​បោះទុន​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​។ លោក​បន្ថែមថា គម្រោង​សាងសង់​ទាំងនេះ​ត្រូវបាន​អនុម័ត​ក្នុងអំឡុងពេល​ដើមឆ្នាំ​នេះ ប៉ុន្តែ​ការអនុវត្ត​គម្រោង​ជាក់ស្ដែង និង​មាន​លំហូរ​សាច់ប្រាក់​អាច​រង់ចាំ​ពីរ​បី​ឆ្នាំ​ទៀត​។ លោក​បន្តថា ការរីកចម្រើន​ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា នឹង​បម្រើ​ឲ្យ​វិស័យ​ផ្សេងៗ​ទៀត ដូចជា​ទេសចរណ៍​, ការបង្កើត​ការងារ និង​ទាក់ទាញ​វិនិយោគ​ពី​បរទេស​ជាដើម​។​

​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ការអនុញ្ញាត​សាងសង់​ទូទាំងប្រទេស​មានទឹក​ប្រាក់​សរុប ៨៥៣៤ លាន​ដុល្លារ  លើ​គម្រោង ២៦៣៦ លាន​ដុល្លារ កើនឡើង ១៥៥​ភាគរយ ធៀប​នឹង ៣៣៣៨​លាន​ដុល្លារ លើ​គម្រោង​ចំនួន ២៣០៥ ។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ៕


Tag:
 សំណង់​
© រក្សាសិទ្ធិដោយ thmeythmey.com